អន្តរជាតិ
លោក ស៊ី ចុះ​មូលដ្ឋាន​ជំរុញ​ការលុបបំបាត់​ភាពក្រីក្រ​ពី​សង្គម​ចិន​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០
23, Apr 2019 , 8:29 am        
រូបភាព
រូបភាព៖ CGTN
រូបភាព៖ CGTN
ដោយ:
​មេដឹកនាំ​កំពូល​ចិន លោក ស៊ី ជិន​ភីង នៅក្នុង​សប្តាហ៍​នេះ​បាន​បំពេញ​ទស្សនកិច្ច​តាម​មូលដ្ឋាន​ភាគខាងត្បូង​នៃ​ប្រទេស​ដើម្បី​ពិនិត្យ និង​ជំរុញ​ការអនុវត្ត​ការងារ​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ និង​កែប្រែ​ស្ថានភាព​ប្រជាជន និង​តំបន់​ទូទាំងប្រទេស​របស់​ចិន​ឲ្យ​មានការ​អភិវឌ្ឍ ។ មេដឹកនាំ​កំពូល​រូបនេះ បាន​សន្យា និង​ប្តេជ្ញា​ជាមួយនឹង​ប្រជាជន​ក្នុងការ​សម្រេច​ឲ្យ​បាន​ផែនការ​ជាតិ​មួយ​នេះ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០​។​


 
​ខណៈដែល​ពេល​កំណត់​ចុងក្រោយ​នៃ​ផែនការ​កែប្រែ​ស្ថានភាព​ប្រជាជន និង​តំបន់​ក្រី​ក្រី​ឲ្យ​មាន​ភាព​សុខដុម លោក ស៊ី ជិន​ភីង ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន មិន​ត្រឹមតែ​ដាស់តឿន​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​បន្ត​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ​នោះទេ តែ​លោក បាន​ចុះ​មូលដ្ឋាន​ដោយផ្ទាល់​ដើម្បី​ជម្រុញ​ការងារ​សម្រេចបាន​ដោយ​ប្រសិទ្ធភាព និង​ទាន់ពេល​ទៀតផង​។​
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua អំឡុងពេល​ចុះ​ជួប​ប្រជាជន​តាម​មូលដ្ឋាន លោក​ប្រធានាធិបតី ស៊ី បាន​ថ្លែងថា ឆ្នាំ​២០១៩ នេះ គឺជា​ឆ្នាំ​ដ៏​សំខាន់បំផុត​មួយ​នៃ​បេសកកម្ម​លើកស្ទួយ​ស្ថានភាព​ប្រជាជន​មួយ​នេះ ក៏ប៉ុន្តែ​លោក ក៏បាន​អះអាង​ជាមួយគ្នា​ផងដែរ​ថា លោក នឹង​ដឹកនាំ​កិច្ចការ​ដោយ​មិន​រាថយ និង​ថែមទាំង​មាន​ទំនុកចិត្ត​ថា នឹង​អាច​សម្រេចបាន​ស្របតាម​ផែនការ​កំណត់​។​
 
​ខណៈ​ពណ៌នា​ការលុបបំបាត់​ភាពក្រីក្រ​ដូចជា​ទៅនឹង​ការប្រយុទ្ធ​ក្នុង​សមរភូមិ បុរស​ខ្លាំង​របស់​ចិន​រូបនេះ បាន​ក្រើនរម្លឹក​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​មិនត្រូវ​បញ្ឈប់​ការងារ​នេះ​បានឡើយ ពោលគឺ​ត្រូវតែ​បន្ត​ប្រយុទ្ធ​រហូត​ទាល់តែ​បាន​ជ័យជម្នះ​ពេញលេញ​នៅក្នុង​សមរភូមិ​មួយ​នេះ​។ 
 
​គួរ​ជម្រាប​បន្តិច​ថា ក្នុងនាម​ជា​ប្រទេស​ដែល​ប្រជាជន​ច្រើន​បំផុត​របស់​ពិភពលោក ចិន បាន​មាន​ផែនការ​ជម្រុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន ក្រោម​មូលបទ​ចម្បង​មួយ គឺ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​ភាពល្អប្រសើរ​ឡើង​។ ហើយ​ដើម្បី​សម្រេច​នេះ ចិន មាន​ផែនការ​អនុវត្ត​គោលនយោបាយ​លុបបំបាត់​ភាពក្រីក្រ និង​ធ្វើ​ឲ្យ​ប្រទេស​ចិន ក្លាយជា​សង្គម​ដ៏​ចម្រុងចម្រើន​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ដើម្បី​សម្រេចបាន​គោលដៅ​នេះ ចិន បានកំណត់​យក​ឆ្នាំ​២០២០ ជា​ថេរវេលា​ចុងក្រោយ​នៃ​ការលុបបំបាត់​ភាពក្រីក្រ និង​តំបន់​ក្រីក្រ ជាពិសេស​តំបន់​ដែល​ដាច់ស្រយាល​ពី​គេ​។ បើតាម Xinhua ក្នុង​រយៈពេល​៤​ទសវត្សរ៍​មកនេះ មាន​ប្រជាជន​ចិន​ជាង​៧០០​លាន​នាក់​ហើយ បាន​រួច​ផុតពី​បន្ទាត់​នៃ​ភាពក្រីក្រ ដែល​ស្តែងឡើង​តាមរយៈ​ចំណូល​របស់​ប្រជាជន​ម្នាក់ៗ កើនឡើង ២៥ ដង បើ​ធៀប​គិត​ចាប់ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​២០១៨៕ 
 

Tag:
 ចិន​
  ក្រីក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com