ជាតិ
ស្ថានទូតអាមេរិកបន្តរករឿងចិនក្នុងទឹកដីកម្ពុជា
× ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីនោះ មិនបញ្ឈប់ឌឺដងដាក់ចិនឡើយ។ ម្តងនេះ អាមេរិកនិយាយរិះគន់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ដែលពុំសូវមានគុណភាព និងប្រសិទ្ធភាព នៅក្នុងប្រទេសអេក្វាឌ័រ។
មិនទាន់មានឯកអគ្គរដ្ឋទូតថ្មីនៅឡើយ តែស្ថានទូតអាមេរិកមានការងារច្រើនលើសពីការពង្រឹងការងារទូតជាមួយកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ។ នៅកម្ពុជា ទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកបានបន្តឌឺដងរិះគន់ចិន។ នៅថ្ងៃទី២២ខែមេសានេះ ស្ថានទូតអាមេរិកសរសេររិះគន់គម្រោងវារីអគ្គិសនីរបស់ចិនមួយនៅក្នុងប្រទេសអេក្វាឌ័រ ដែលអាមេរិកវាយតម្លៃថា «ស្ទើរតែគ្មានដំណើរការសោះ និងថាសំណង់នេះគ្មានគុណភាព ព្រមទាំងពលរដ្ឋដែលរស់នៅខាងក្រោមទំនប់នេះ តែងរងគ្រោះដោយជំនន់»។
ស្ថានទូតអាមេរិកនិយាយឌឺដងដល់គម្រោងវារីអគ្គិសនីរបស់ចិន បន្ទាប់ពីស្ថានទូតចិនប្រចាំកម្ពុជា នៅក្នុងសារប្រតិកម្មតបទៅស្ថានទូតអាមេរិកកាលពីសប្តាហ៍មុន បានលើកឡើងអំពីជំនួយរបស់ខ្លួនជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងគម្រោងវារីអគ្គិសនីនៅកម្ពុជា។
ការរិះគន់របស់ស្ថានទូតអាមេរិកទៅលើគម្រោងវិនិយោគនានារបស់ចិនក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីនោះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃ មុនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរទៅចូលរួមប្រជុំ «វេទិកាខ្សែក្រវាត់ និងវិថីលើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅទីក្រុងប៉េកាំងប្រទេសចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែមេសានេះ។
កម្ពុជា គឺជាប្រទេសសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី របស់លោកប្រធានាធិបតី ស៊ី ជិនភីង។
កាលពីសប្តាហ៍មុន ស្ថានទូតអាមេរិកទើបបានសរសេរប្រៀបធៀបតម្លៃនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន-កម្ពុជា និង អាមេរិក-កម្ពុជា ដោយបានបញ្ជាក់ថា ប្រទេសចិនបានចំណេញខ្លាំងលើការការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកម្ពុជា។ ពោលគឺមិនដូចការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា ដែលផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា។
ការអត្ថាធិប្បាយជាសាធារណៈរបស់ស្ថានទូតអាមេរិកបានតម្រូវឲ្យស្ថានទូតចិនប្រតិកម្មភ្លាមៗវិញដែរ។ ហេតុអ្វីអាមេរិករិះគន់ចិននៅលើទឹកដីកម្ពុជា?
Tag:
អាមេរិក
ចិន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com