ជាតិ
សង្គមជាតិ
សម្តេចនាយកសុំ​ដែក​ផ្លូវ​រថភ្លើង​ចាស់ៗ​ដែល​ថៃ​ឈប់​ប្រើ, ​ចាស់​នៅ​ថៃតែ​ថ្មី​នៅ​ខ្មែរ ​
22, Apr 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ថៃ ជួសជុល​ផ្លូវ​រថភ្លើង​មួយ​ខ្សែ ដែលមាន​ប្រវែង​១៤០គីឡូ​ម៉ែត្រ ហើយ​ថៃ មិនត្រូវ​ការ​ដែក​ចាស់ៗ ដែល​ត្រូវ​ដោះ​ចេញពី​ផ្លូវ​រថភ្លើង​នោះ​តទៅទៀត​ទេ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ដែក​ចាស់ៗ​ទាំងនោះ​ពី​ថៃ ដើម្បី​យកមក​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា​។

 

 
​ការស្នើសុំ​នេះ គឺធ្វើឡើង​ពេល​សម្តេច ហ៊ុន សែន បាន​ជួប​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​។ លោក ប្រា​យុទ្ធ បានមក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ ហើយ​លោក និង​សម្តេច ហ៊ុន សែន បាន​ធ្វើជា​អធិបតី​ជាមួយគ្នា​ក្នុង​ពិធី​មួយចំនួន ដែល​រួមមាន ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​, ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥, ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​កាត់​ព្រំដែន និង​ពិធី​ប្រគល់​ក្បាលរថភ្លើង​ឲ្យ​កម្ពុជា​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​ជិះ​រថភ្លើង​ជាមួយគ្នា​ផងដែរ​។ 
 
​សំណើសុំ​ដែក​ចាស់ៗ​ទាំងនោះ ត្រូវបាន​សម្តេច ហ៊ុន សែន លើកយក​ទៅប្រាប់​ប្រជាពលរដ្ឋ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥​។ សម្តេច ហ៊ុន សែន អះអាងថា លោក ប្រា​យុទ្ធ បានផ្តល់​ចម្លើយ​វិជ្ជមាន អំពើ​សំណើ​នេះ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ថ្លែង​បែបនេះ​ថា «​មិត្ត​ថៃ បាន​សល់​ផ្លូវដែក​១៤០​គីឡូម៉ែត្រ ព្រោះថា ​ដែក​ចាស់ៗ​របស់​ថៃ គឺ​បាន​ដោះចេញ ជំនួស​ដោយ​ដែក​ថ្មី​។ ចាស់​របស់​ថៃ ប៉ុន្តែ​ថ្មី​នៅ​កម្ពុជា​»​។​
 
​សំឡេង​សម្តេចនាយក​រដ្ឋមន្ត្រី​៖


 
​បើតាម​សម្តេច ហ៊ុន សែន កម្ពុជា ក៏​ធ្លាប់​សុំ​ដែក​ចាស់ៗ ដែលជា​ផ្លូវ​រថភ្លើង​ពី​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ដោយ​កាលនោះ ម៉ាឡេស៊ី​ផ្តល់​ដែក​ចាស់ៗ​ប្រមាណ​២០០​តោន មក​កម្ពុជា​។
 
​នៅថ្ងៃនេះ ថៃ បានប្រគល់​ក្បាល​និង​ទូរ​រថភ្លើង​មួយចំនួន​មក​កម្ពុជា តាម​ការស្នើសុំ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ស្នើសុំ​នាពេល​កន្លងមក​៕ 

អត្ថបទទាក់ទង
 

Tag:
 ហ៊ុន សែន​
  ប្រា​យុទ្ធ​
  ផ្លូវដែក​
  រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com