ជាតិ
សង្គមជាតិ
អធិការរងខណ្ឌដង្កោនិងប៉ូលីសពីររូប ដែលប្រួតគ្នាវ៉ៃមន្ត្រី ACU ត្រូវបញ្ឈរជើងបណ្តោះអាសន្ន លោក ស ថេត ស្នងការរាជធានីភ្នំពេញ
× ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈប់ លោក នាក់ ណារ៉ូ អធិការរងទទួលការងារចរាចរណ៍ខណ្ឌដង្កោ និងមន្ដ្រីនគរបាល២រូបទៀត ពីការងារជាបណ្ណោះអាសន្ន។ ការបញ្ឈរជើងនេះ បានធ្វើឡើងក្រោយពីជនរងគ្រោះជាមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលរងអំពើហិង្សាពីអធិការរងនិងមន្ត្រីនគរបាលទាំងនោះ បានដាក់បណ្តឹងទៅ លោក ស ថេត។
លោក ស ថេត បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី២២មេសានេះថា ការបញ្ឈរជើងមន្ត្រីនគរបាលទាំង៣នាក់នេះ គឺមិនទាន់បានកំណត់ឡើយថា នឹងអនុញ្ញាតឲ្យចូលបម្រើការងារវិញនៅពេលណា ព្រោះបច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេត និងសិក្សាអំពីទម្ងន់ទោសនីមួយៗចំពោះអ្នកទាំង៣។ លោកបានបញ្ជាក់យ៉ាងខ្លីថា «ការប្រើអំពើហិង្សានេះ វាក៏បានស្ថិតនៅក្នុងរង្វង់ការងារផងដែរ»។
សូមបញ្ជាក់ថា មន្ត្រីនគរបាលខណ្ឌដង្កោទាំងនេះ បានប្រួតគ្នាប្រើអំពើហិង្សាលើមន្ត្រីជាប់កិច្ចសន្យារបស់ ACU កាលពីយប់ថ្ងៃទី៩ មេសា ឆ្នាំ២០១៩ ដោយសារតែយល់ច្រឡំក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ៕
© រក្សាសិទ្ធិដោយ thmeythmey.com