ជាតិ
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ សម្លាប់មនុស្សជាង១០នាក់ បើគិតចាប់ពីដើមឆ្នាំមក ខ្យល់កន្ត្រាក់រលំផ្ទះនៅក្នុងខេត្តឧត្តរមានជ័យ។ រូបថត Khoeuy Khoeut
× គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជិត៤០នាក់ ហើយខូចខាតផ្ទះប្រមាណ២៣០០ខ្នង។ នេះបើតាមរបាយការណ៍ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា រយៈពេល៤ខែចុងក្រោយនេះ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន៨៣ករណីនៅ២៣រាជធានី-ខេត្ត លើកលែងតែ កំពត និងត្បូងឃ្មុំ។
លោកបានបញ្ជាក់ថា មនុស្សស្លាប់ម្នាក់ ដោយសារខ្យល់កន្ត្រាក់ ហើយរលំផ្ទះសង្កត់លើ និង៨នាក់ទៀតរងរបួស។ ផ្ទះពលរដ្ឋបានរលំ និងខូចខាតធ្ងន់ធ្ងរ ៣៨៩ខ្នង របើកដំបូល និងខូចខាតមធ្យម១៩០០ខ្នង ក្រៅពីនេះ ទីតាំងដែលរងការខូចខាតដោយសារខ្យល់ព្យុះមាន កន្លែងលក់ដូរតាមឆ្នេរ កសិដ្ឋាន រោងម៉ាស៊ីនកិនស្រូវ សាលាឆទាន សាលាស្រុក និងមន្ទីរគណបក្ស។
របាយការណ៍ក៏បង្ហាញផងដែរថា ចម្ការចេកប្រមាណ៦០ហិកតា ដើមធូរ៉េនជាង៤០០ដើម និងដើមមៀនជិត៣ពាន់ដើម រងការខូចខាត ចំណែកសត្វគោក្របីងាប់១៦ក្បាល។ រីឯរន្ទះបាញ់ បានសម្លាប់មនុស្ស១២នាក់ ១៧នាក់រងរបួស និងផ្ទះ៤ខ្នងរងការខូចខាត។
លោក កែវ វី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នរាល់ពេលមានភ្លៀងធ្លាក់ និងឲ្យប្រជាពលរដ្ឋតាមដានរាល់ព័ត៌មាន អំពីករណីផ្សេងៗរបស់ក្រសួងធនធាទឹក និងឧតុនិយម ដើម្បើបានត្រៀមខ្លួនដឹងនូវគ្រោះថ្នាក់ធម្មជាតិដែលកើតមាន៕
© រក្សាសិទ្ធិដោយ thmeythmey.com