ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ កាត់ក្តីលោក សម រង្ស៊ី ពីបទញុះញង់កងទ័ពនិងប្រមាថព្រះមហាក្សត្រ
22, Apr 2019 , 6:22 pm        
រូបភាព
សាលាដំបូងរាជធានីភ្នំពេញ បានលើកយកបទល្មើសពីររបស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង គឺបទញុះញង់កងទ័ពមិនឲ្យស្តាប់បញ្ជានិងបទប្រមាថព្រះមហាក្សត្រ ទៅជំនុំជម្រះក្នុងពេលជាមួយគ្នាតែម្តង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។ ប៉ុន្តែ ក្រោយបញ្ចប់សវនាការ ចៅក្រម ពុំបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយលើកទៅប្រកាសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ឯណោះវិញ។



លោក សំ សុគង់ មេធាវីរបស់លោក សម រង្ស៊ី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា «បើតាមច្បាប់ ខ្ញុំ សង្ឃឹមថា តុលាការ នឹងទម្លាក់បទចោទចេញពីកូនក្តីរបស់ខ្ញុំ។ តែបើនិយាយពីទិដ្ឋភាពនយោបាយ គាត់ ប្រហែលជាត្រូវផ្តន្ទាទោសហើយ»។

លោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស បានរង​បទ​ចោទ​ញុះញង់​យោធា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ និង​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ កាល​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨​។

បើ​សរុបទៅ លោក សម រង្ស៊ី បាន​រង​បណ្តឹង​មិនតិចជាង​១០​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕

អត្ថបទទាក់ទង

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com