អន្តរជាតិ
កូន​៣​នាក់​របស់​មហាសេដ្ឋី​ដា​ណឺ​ម៉ាក ស្លាប់​ដោយសារ​ការវាយប្រហារ​នៅ​ស្រីលង្កា​
22, Apr 2019 , 10:15 pm        
រូបភាព
​លោក Anders Holdch Povlsen និង​ភរិយា ជាអ្នកមានជាងគេនៅដាណឺម៉ាក។ រូបថត AFP
​លោក Anders Holdch Povlsen និង​ភរិយា ជាអ្នកមានជាងគេនៅដាណឺម៉ាក។ រូបថត AFP
ដោយ: រួបរួម
​លោក Anders Holch Povlsen និង​ភរិយា ដែលជា​មហាសេដ្ឋី​មាន​ជាងគេ​នៅ​ដា​ណឺ​ម៉ាក បាន​បាត់​បង់ជីវិត​កូន​៣​នាក់​ក្នុងចំណោម​៤​នាក់ ដោយសារ​ការវាយប្រហា​រ​ជា​បន្តបន្ទាប់​នៅ​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​មហាសេដ្ឋី​ច្នៃ​ម៉ូត និង​លក់​សម្លៀកបំពាក់​ដ៏​ល្បីល្បាញ ហើយ​ត្រូវបាន​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។​



អត្ថបទទាក់ទង

​អ្នកនាំពាក្យ​មិនបាន​រៀបរាប់​លំអិត​ឡើយ ប៉ុន្តែ​សារព័ត៌មាន​នានា​របស់​ដា​ណឺ​ម៉ាក បាន​ផ្សាយ​ថា គ្រួសារ​មហាសេដ្ឋី​វាល់​លាន​រូបនេះ ពិតជា​ស្ថិតនៅ​ក្នុងប្រទេស​ស្រីលង្កា សម្រាប់​ដំណើរ​កម្សាន្ត​។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ មនុស្ស​ប្រមាណ​២៩០​នាក់​ស្លាប់ និង​ជាង​៥០០​នាក់​រងរបួស ដោយសារ​ការវាយប្រហា​រ​ជា​បន្តបន្ទាប់​ចំនួន​៨​លើក​នៅតាម​សណ្ឋាគារ និង​ព្រះវិហារ នា​ថ្ងៃអាទិត្យ ក្នុង​ពិធី Easter Sunday ។​

​លោក Povlsen អាយុ​៤៦​ឆ្នាំ គឺជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​អន​ឡាញ Bestseller ដ៏​ល្បីល្បាញ ដោយមាន​ម៉ាក​ផលិតផល​ដូច Vero Moda និង Jack & Jones ជាដើម​។ លោក​មាន​ភាគហ៊ុន​ធំ​នៅ​ក្រុមហ៊ុន Asos និង Zalando ផងដែរ​។​

​បើតាម​ទស្សនា​វ​ដ្តី Forbes លោក Povlsen ជា​អ្នកមាន​ជាងគេ​នៅ​ដា​ណឺ​ម៉ាក ដោយមាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​លោក​ក៏​ជា​ម្ចាស់​អចលនទ្រព្យ​ដ៏​ធំ​ម្នាក់​នៅ​ស្កុ​តឡែ​ន​ផងដែរ​៕



Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com