ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ សង្ឃឹម​៥០​ភាគរយ ពេល​ប៉ះ Priscilla នៅ​សង្វៀន ONE Championship
23, Apr 2019 , 9:38 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​អ្នក​ប្រដាល់​ជម្រើសជាតិ​កម្ពុជា នៅ ស្រី​ពៅ ដែល​ទទួលបាន​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship នៅ​មី​យ៉ាន់​ម៉ា ចុងឆ្នាំ​២០១៨ ត្រូវផ្គូផ្គង​ឲ្យ​ប៉ះ​កីឡាការិនី​មានបទពិសោធន៍ Priscilla Hertati Lumban Gaol នៅ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ នៅ ឥណ្ឌូណេស៊ី​។


 
​កីឡាការិនី វ័យ ២៤ ឆ្នាំ​ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​បាន​ប្រាប់​អំពី​ចំណុច​សំខាន់​របស់​គូប្រកួត​បែបនេះ ៖«​ខ្ញុំ​បាន​មើល​វីដេអូ Priscilla  ជាច្រើន​ប្រកួត​ហើយ ហើយ​កម្លាំង​គាត់​ខ្លាំង​ជាង​ដៃគូ​ចាស់​របស់ខ្ញុំ Riga កាល​នៅ​ថៃ​ផង​។ ខ្ញុំ​នឹង​ប្រើ​ក្បាច់​វាយ​ប្រយោល ទប់ និង មិន​ឲ្យ​គាត់​ចូលចាប់​ឃ្លេ​នោះទេ​។ ខ្ញុំ​មិន​ហ៊ាន​សង្ឃឹមថា​ឈ្នះ​ទេ ព្រោះ​គេ​ខ្លាំង​ដែរ តែ​ខ្ញុំ​គិតថា ៥០​ភាគរយ​ដូចគ្នា​»​។​


 
​បើ​និយាយ​អំពី Priscilla Hertati Lumban Gaol វិញ មានបទពិសោធន៍​ច្រើ​ប​រហូតដល់ ៩ ដង​នៅ​សង្វៀន ONE Championship ទោះបីជា​រូបគេ​ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌា Puja Tomar ក្នុងការ​ប្រកួត​ចុងក្រោយ​ដោយ​ពិន្ទុ​ទាំង​ទឹកភ្នែក​ក្ដី​។ 
 
​យ៉ាងណា ក្នុងការ​រួមចំណែក​ត្រៀម​នៅ​ក្រុម​ជម្រើសជាតិ​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង ត្រៀម​ប្រកួត​នៅ សង្វៀន ONE ផង​នោះ  កូនសិស្ស​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​ចេញទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ និង ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់សកល​អាស៊ី ASIAN ELITE BOXING CHAMPIONSHIP 2019 ដែល​រៀបចំ​នៅ​ប្រទេស​ថៃ មុន ត្រលប់មក​កម្ពុជា​វិញ​នា​ថ្ងៃទី ២៧ ខែមេសា​។ បន្ទាប់ពី​ត្រលប់​មកវិញ កីឡាការិនី​ដែល​ទើប​ឡើង​សង្វៀន ONE បាន​ម្ដង​រូបនេះ​នឹង​បន្ថែម​ការហ្វឹកហាត់​ដូចជា ក្បាច់​គាប ឃ្លេ និង កាច់ ក្នុង​គោលដៅ​រៀបចំខ្លួន​ឲ្យ​បានល្អ​មុន​ចេញទៅ​ប្រកួត​នា​ដើមខែ ឧសភា នៅ​ឥណ្ឌូណេស៊ី​។ 
 
​ទាក់ទិន​នឹង​ជំនួប​នេះដែរ គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ​នៃ​ក្លឹប​ប្រដាល់ Cambodian Top Team បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា គូ​នេះ​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត ទោះជា​លទ្ធផល​យ៉ាងណាក៏ដោយ​។ Priscilla មាន​កម្លាំង​ខ្លាំង​ជាពិសេស​ក្បាច់​បោក​កាច់ ឃ្លេ ប៉ុន្តែ ស្រី​ពៅ ក៏មាន​របៀប​វ៉ៃ​ឆ្លាត​វៃ ដែរ ហើយ ស្រី​ពៅ នឹង​វ៉ៃ​ការពារ​បានល្អ ដូច​ការប្រកួត ទល់នឹង Riga អីចឹង​ដែរ​។ 
 
​កីឡាការិនី Priscilla Hertati Lumban Gaol មាន​វ័យ ៣០ ឆ្នាំ ហើយ​គេ​ហាត់​ក្បាច់គុន​ដំបូង គឺ វូ​ស៊ូ តាំងពី​វ័យ ១៧ ឆ្នាំ​មកម្ល៉េះ​។ ហើយ​គេ​ធ្លាប់​គេច​សាលា​រយៈពេល ១ សប្ដាហ៍​ដើម្បី​ទៅសំងំ​ហ្វឹកហាត់​ក្បាច់គុន វូ​ស៊ូ មុន​ឳ​ពុក​ម្ដាយ​ដឹង​រឿងនេះ​។ ក្រោយមកទៀត​គេ​ចិញ្ចឹមចិត្ត​ចង់​ក្លាយជា​កីឡា​ការ​នី​ផង និង បន្ត​ការសិក្សា​ផង បន្ទាប់ពី ឳ​ពុក​ម្ដាយ​យល់ព្រម​។ កូនសិស្ស​ប្រចាំ​ក្លឹប Siam Tigershark ជា​ជើងឯក​កីឡា​វូ​ស៊ូ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក​ក្នុងការ​ប្រកួត វូ​ស៊ូ ទៀតផង​។ 
 
Priscilla ឡើង​ប្រកួត​លើស​ង្វៀន ONE Championship  តាំងពី​ឆ្នាំ ២០១៧ មក ពោល​សរុប​បាន​ចំនួន ៩ ដង ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៤ ដង​៕ 
 

Tag:
 នៅ ស្រី​ពៅ​
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com