អន្តរជាតិ
តម្លៃប្រេងហក់ឡើង ក្រោយរដ្ឋបាល ត្រាំ ប្រកាសដាក់ទណ្ឌកម្មប្រទេសទិញប្រេងអ៊ីរ៉ង់
× តម្លៃប្រេងលើទីផ្សារអន្តរជាតិ បានហក់ឡើងខ្ពស់ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដាក់ទណ្ឌកម្មលើប្រទេសដែលទិញប្រេងពីអ៊ីរ៉ង់។ បច្ចុប្បន្ន ប្រទេសចំនួន៨ បានទទួលបានការអនុគ្រោះមិនដាក់ទណ្ឌកម្មពីអាមេរិក ហើយអាចទិញប្រេងពីអ៊ីរ៉ង់ក្នុងបរិមាណទាប។ គម្រោងរបស់អាមេរិក ធ្វើឲ្យមានការបារម្ភពីការធ្លាក់ចុះការផ្គត់ផ្គង់ប្រេងសាកលព្រោះអ៊ីរ៉ង់ជាប្រទេសនាំចេញប្រេងដ៏ធំមួយ។ ប៉ុន្តែអាមេរិកធានាថា សម្ព័ន្ធមិត្តខ្លួននឹងបំពេញការខ្វះខាតទាំងនេះ។
ក្នុងទិសដៅបិទការនាំចេញប្រេងរបស់អ៊ីរ៉ង់ទាំងស្រុង អាមេរិកបានប្រកាសឈប់លើកលែងការដាក់ទណ្ឌកម្មលើប្រទេសដែលទិញប្រេងពីអ៊ីរ៉ង់ទៀតហើយ។ ក្នុងវិធានការថ្មីដែលប្រកាសនៅថ្ងៃទី២២ ខែមេសា ប្រទេសចំនួន៨ ដែលទទួលបានការលើកលែងចំនួន៦ខែមកហើយនោះ នឹងរងទណ្ឌកម្មរបស់អាមេរិកបើបន្តទិញប្រេងរបស់អ៊ីរ៉ង់ទៀតនោះ។ នេះជាទណ្ឌកម្មឯកតោភាគីរបស់អាមេរិកដើម្បីកាត់ផ្ដាច់ប្រភពចំណូលរបស់អ៊ីរ៉ង់ និងធ្វើឲ្យឥទ្ធិពលអ៊ីរ៉ង់ធ្លាក់ចុះ។
គ្រាន់អាមេរិកប្រកាសដាក់ទណ្ឌកម្មលើប្រទេសទិញប្រេងអ៊ីរ៉ង់ភ្លាម តម្លៃប្រេងនៅអាមេរិក និងអង់គ្លេសក៏បានកើនឡើងភ្លាមដែរ។ នៅអាមេរិកតម្លៃប្រេងឡើងដល់៦៥.៧០ដុល្លារក្នុងមួយបារ៉ែល ឯតម្លៃប្រេងនៅទីក្រុងឡុងដ៏ឯណោះវិញ កើនចំនួន២,៩ភាគរយទៅដល់៧៤,០៤ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
អតិថិជនធំៗរបស់អ៊ីរ៉ង់មានឥណ្ឌា តួកគី និងចិនជាដើមសុទ្ធតែប្រឈមមុខនឹងវិធានការរបស់អាមេរិកទាំងអស់។ ឥណ្ឌា មានទំនាក់ទំនងល្អជាមួយអាមេរិក តែទាស់គ្នាត្រង់បញ្ហាអ៊ីរ៉ង់នេះ ដោយសារត្រូវការប្រេងរបស់អ៊ីរ៉ង់។ នយោបាយរបស់អាមេរិកលើកនេះ ក៏នឹងធ្វើឲ្យទំនាក់ទំនងជាមួយតួកគី និងចិនដែលកំពុងល្អក់កករស្រាប់ហើយនោះ កាន់តែយ៉ាប់យ៉ឺនថែមទៀត។ យ៉ាងណា អាមេរិកគ្មានបំណងប្ដូរជំហររបស់ខ្លួនឡើយ។
រដ្ឋមន្ត្រីការបរទសអាមេរិក ម៉ៃ ប៉ុមប៉េអូ ប្រកាសច្បាស់ៗថា អាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសណាដែលទិញប្រេងពីអ៊ីរ៉ង់ក្រោយថ្ងៃទី២ ខែឧសភាតទៅ ប៉ុន្តែលោកមិនបញ្ចេញចំណាត់ការអ្វីដែលត្រូវអនុវត្តឡើយ។ លោកសង្កត់ធ្ងន់ថា បើប្រទេសណាមិនគោរពតាមសម្ដីអាមេរិក នឹងរងទណ្ឌកម្មមិនខាន ព្រោះអាមេរិកចង់អនុវត្តទណ្ឌកម្ម។ លើសពីនោះ អាមេរិកនឹងដាក់សម្ពាធលើអ៊ីរ៉ង់រហូតទាល់អ៊ីរ៉ង់ត្រឡប់ចូលតុចរចា។
ស្របគ្នានឹងការគំរាមដាក់ទណ្ឌកម្ម អាមេរិកក៏ត្រៀមខ្លួនដើម្បីបំពេញការខ្វះខាតប្រេងលើទីផ្សារអន្តរជាតិ និងការងើបឡើងរបស់តម្លៃប្រេង។ ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា សម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត នឹងបំពេញតម្រូវការរបស់ដែលកើតចេញពីការកាត់ផ្ដាច់ការនាំចេញរបស់អ៊ីរ៉ង់។ តបការលើកឡើងរបស់ប្រធានាធិបតីអាមេរិក អារ៉ាប៊ីសាអូឌីតក៏ចេញមកប្រកាសដែរថា ខ្លួននឹងចាត់វិធានការរក្សាស្ថិរភាពទីផ្សារប្រេង៕
Tag:
អាមេរិក
អ៊ីរ៉ង់
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com