អន្តរជាតិ
ក្រុមហ៊ុន Amazon បន្ថយ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុងប្រទេស​ចិន​
24, Apr 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្រុមហ៊ុន Amazon និយាយថា​ខ្លួន​នឹង​កាត់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុងប្រទេស​ចិន ដែលជា​ទីផ្សារ​លក់រាយ​ដ៏​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​ពិបាក ប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ខ្លាំងៗ​ក្នុងស្រុក​ជាច្រើន​អស់​រយៈពេល​ជាង​១​ទសវត្សរ៍​។​

 
​ក្រុមហ៊ុន​នេះ បានប្រកាស​ថ្មីៗ​ថា នៅ​ថ្ងៃទី​១៨ ខែកក្កដា ខ្លួន​នឹងមិន​ផ្តល់​សេវាកម្ម​លក់ ដូរ​ទំនិញ​លើ​គេហទំព័រ​ចិន​របស់ខ្លួន ហៅថា Amazon.cn ទៀត​ទេ​។ ការសម្រេចចិត្ត នេះ​មានន័យថា​ក្រុមហ៊ុន Amazon នឹង​ឈប់​លក់ដូរ​ទំនិញ​ពី​អ្នកលក់​ដែលមាន មូលដ្ឋាន​ក្នុងប្រទេស​ចិន ជូន​ដល់​អតិថិជន​ក្នុង​ស្រុកលើ​គេហទំព័រ​របស់ខ្លួន​។ ទោះជា​ក្រុមហ៊ុន Amazon បញ្ឈប់​ធ្វើ​ពាណិជ្ជកម្ម​លក់រាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​ចិន​មែន ក៏​ក្រុមហ៊ុន​នេះ​នឹង​បន្ត​ពាណិជ្ជកម្ម​ឆ្លងកាត់​ប្រទេស​ចិន ដោយ​នាំ យក​ទំនិញ និង ផលិតផល​ក្រៅប្រទេស​ទំនើបៗ​ទៅ​លក់​ក្នុងប្រទេស​ចិន​ដដែល​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​។ 
 
​ការប្រកាស​ដដែល​បាន​បន្ថែមថា​៖ ​«​តម្រូវការ​របស់​ពល​រដ្ឋ​ចិន​គឺ​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់ ផលិតផល​ពិសេសៗ​មកពី​ជុំវិញ ពិភពលោក បន្ត​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​បើ​និយាយ​ពី​វត្តមាន​ទំនិញ​ពិភពលោក​របស់​យើង ក្រុមហ៊ុន Amazon គឺជា​ក្រុមហ៊ុន​ល្អ​បំផុត​ដែល​បំរើសេវា​កម្ម​ដល់​ពលរ​ដ្ឋ​ចិ​ន‍​»​។​
 
​ការប្រកាស​របស់​ក្រុមហ៊ុន Amazon បានបង្ហាញ​ក្តីកង្វល់​នានា​អំពី​វត្តមាន​តិចតួច​របស់​ក្រុមហ៊ុន​បរទេស​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុងប្រទេស​ចិន ខណៈដែល​ក្រុមហ៊ុន​ចិន​ទាំងឡាយ​ដូចជា​ក្រុមហ៊ុន អា​លី​បា​បា (Alibaba) បង្កើត លំហ​ទីផ្សារ​របស់ខ្លួន​យ៉ាង​ធំធេង​នៅ​ជុំវិញ​ពិភពលោក​។​
 
​ផ្សារភាគហ៊ុន​ក្រុមហ៊ុន អា​ម៉ា​ហ្ស៊ូ​ន​បាន​ធ្លាក់ចុះ​ប្រ​ហណ​១៥​ភាគរយ ដល់ ៦​ភាគរយ ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លងទៅ​។ តែ​ក្រុមហ៊ុន អា​លី​បា​បា និង​ក្រុមហ៊ុន​ក្នុងស្រុក ដ៏ទៃទៀត​ដូចជា jd.com គ្រប់គ្រង​ទីផ្សារ​ក្នុងប្រទេស​ចិន​ដល់​ទៅ​៧៥​ភាគរយ​។ ក្រុមហ៊ុន អ៊ី​បេ (eBay) បាន​ចាក​ចេញពី​ចិន​ផងដែរ នៅពេលដែល​ក្រុមហ៊ុន​នេះ​មិន អាច​រកប្រាក់​ចំណេញ​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com