កីឡាជាតិ
ជាតិ
គ្រូ​ជម្រើសជាតិ​១៦៥​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​របៀប​ធ្វើ​ផែនការ​បង្វឹក​ពី​អ្នកជំនាញ​
23, Apr 2019 , 7:19 pm        
រូបភាព
លោក ប៊ូ ជុំសេរី ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី«ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូជម្រើសជាតិ», រូបពីអគ្គនាយកដ្ឋានកីឡា
លោក ប៊ូ ជុំសេរី ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី«ផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូជម្រើសជាតិ», រូបពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​ផែនការ និង​ទ្រឹស្តី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូបង្វឹក​ជម្រើសជាតិ​» ដើម្បី​បណ្តុះបណ្តាល​បច្ចេកទេស​និង​ពង្រឹងគុណភាព​បង្វឹក​ដល់​គ្រូបង្វឹក​និង​គ្រូ​ជំនួយ​ជម្រើសជាតិ​។ សិក្ខាសាលា​ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃនេះ ក៏​ដើម្បី​ពង្រឹង​ការហ្វឹកហាត់​របស់​កីឡាករ ត្រៀម​សម្រាប់​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ផងដែរ​។ លោក ប៊ូ ជុំ​សេរី ជំរុញ​ឲ្យ​សិក្ខាកាម​ត្រូវខិតខំ​យកចិត្តទុកដាក់ ក្រេបជញ្ជក់​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​។ 

 
​សិក្ខាកាម​ជា​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ជម្រើសជាតិ​ចំនួន​១៦៥​រូប​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​អ្នកជំនាញ​ចំនួន​៦​រូប​ពី​បច្ចេកទេស ទ្រឹស្តី និង​របៀប​ធ្វើ​ផែនការ​បង្វឹក​កីឡាករ​ជម្រើសជាតិ​។ សិក្ខាសាលា​ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២២-២៤ ខែមេសា ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ដើម្បី​ពង្រឹងគុណភាព និង​ប្រសិទ្ធិភាព​បង្វឹក​ដល់​គ្រូបង្វឹក​ជម្រើសជាតិ​។ ព្រោះ​គ្រូបង្វឹក​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ គ្រប់គ្រង វាយតម្លៃ និង​បង្ហាត់​កីឡាករ​។   


 
​សិក្ខាសាលា​ស្តីពី​«​ផែនការ និង​ទ្រឹស្តី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូ​ជម្រើសជាតិ​»​នេះ ក៏​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្វឹក និង​កីឡាករ​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ASEAN Games ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​ផងដែរ​។ សម្រាប់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​បានចាត់ទុក ការធ្វើផែនការ​ល្អជា​ប​ច្ច័​យ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ឲ្យ​ការហ្វឹកហាត់​មាន​ប្រសិទ្ធភាព និង​គុណ​ផង​រីកចម្រើន​។ 
 
«​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ និង​ថ្នាល​ត្រូវ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស មានន័យថា មាន​ផែន​ការល្អ ហើយ​ត្រូវអនុវត្ត​ផែនការ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត ទើប​ធ្វើ​ឲ្យ​ការហ្វឹកហាត់ និង​ការបង្ហាត់​ទទួលបាន​លទ្ធផល​ល្អ និង​គុណ​ផល​កើនឡើង​។ វគ្គ​នេះ​យើង​រៀបចំ​ដើម្បី​ត្រៀម​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន ពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ុន សុខ​។ 
 
​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចាត់ទុក​សិក្ខាសាលា​នេះ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​គ្រូបង្វឹក និង​គ្រូ​ជំនួយ​សិក្សា​ពី​បច្ចេកទេស និង​បទពិសោធ​ពី​អ្នកជំនាញ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ ជាមួយនេះ​លោក​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​។ 


លោក ប្រាក់​ សុវណ្ណារ៉ា កំពុងបង្ហាញពីរបៀបធ្វើផែនការហ្វឹកហាត់ដល់សិក្ខាកាម, រូបភាពពីអគ្គនាយកដ្ឋានកីឡា
 
«​សិក្ខាសាលា​នេះ​មានតម្លៃ និង​ប្រយោជន៍​ណាស់​សម្រាប់​លោកគ្រូ​អ្នកគ្រូ​។ ដូច្នេះ​លោកគ្រូ​អ្នកគ្រូ​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ ទទួលយក​ចំណេះដឹង​ពី​គ្រូឧទ្ទេស ដែល​គាត់​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ ដើម្បី​យកចំណេះ​ដឹង​មក​ចែករំលែក​។ បើ​សិក្ខាកាម​ឲ្យ​ពេលវេលា​ដ៏​មានតម្លៃ​កន្លងផុត សិក្ខាសាលា​នេះ​ក៏​គ្មាន​ប្រយោជន៍​ដូចគ្នា ហើយ​លោកគ្រូ​អ្នកគ្រូ ក៏​មិន​ទទួលបាន​ចំណេះដឹង​ថ្មីៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​»​។ ការលើកឡើង​បែបនេះ​របស់លោក ប៊ូ ជុំ​សេរី ពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​««​ផែនការ និង​ទ្រឹស្តី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូ​ជម្រើសជាតិ​»​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​។​
 
​សិក្ខាសាលា​នេះ ក្រោម​បទឧទ្ទេស​ពី​អ្នកជំនាញ​៦​រូប​។ ក្នុងនោះ​លោក ប៊ូ ជុំ​សេរី ចែករំលែក​ពី​គ្រូបង្វឹក និង​ការអភិវឌ្ឍ​គុណ​ផល​, លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បង្ហាញ​ពី​របៀប​ធ្វើ​ផែនការ និង​វិធីសាស្ត្រ​ហ្វឹកហាត់​កីឡា​កម្រិត​ខ្ពស់​, លោក ស្តើង ជា ពី​របប​អាហារ​និង​ភេសជ្ជៈ​សម្រាប់​អត្ត​ព​លិ​ក​, លោក ព្រំ វណ្ណា​រឿន ពី​ការប្រឆាំង​សារធាតុ​ដូ​ប៉ា​តាម​អន​ឡាញ​, លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញ​ពី​ផែន​ការហាត់​ហ្វឹកហ្វឺន និង​លោក រ៉ា ម៉ា បង្ហាញ​ពី​ការប្រើប្រាស់​ឧបករណ៍​ហ្វឹកហាត់​ជំនួយ​សាច់ដុំ​៕ 

Tag:
 ប៊ូ ជុំ​សេរី​
  ប៉ុន សុខ​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com