ជាតិ
សង្គមជាតិ
ការការពារ​កម្មសិទ្ធិ​បញ្ញា ជា​គោលដៅ​ធំ​របស់​សិល្បករ​ខ្មែរ​១០​រូប ដែល​ត្រៀម​រៀនសូត្រ​ពី​អាមេរិក​
23, Apr 2019 , 3:46 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​តន្ត្រីករ​និង​តារាចម្រៀង​ខ្មែរ​ឯករាជ្យ​(Independent Artists) ចំនួន​១០​នាក់ ត្រឡប់​ពី​ការសិក្សា​លើ​វិស័យ​តន្ត្រី និង​ការការពារ​កម្មសិទ្ធិបញ្ញា​នៅ​សហរដ្ឋអាមេរិក​វិញ សិល្បករ​ទាំងនោះ​ត្រូវការ​ពេលវេលា​មិនតិច​ពី​៥​ទៅ​១០​ឆ្នាំ ដើម្បី​រក្សា​ស្នាដៃ​(​កម្មសិទ្ធិបញ្ញា​)​របស់ខ្លួន និង​សិល្បករ​ផ្សេងៗ​ទៀត​។ ព្រោះ​ការអនុវត្ត​ច្បាប់ ការគាំទ្រ​ស្នាដៃ​ពិតប្រាកដ​ពី​អ្នក​ស្តាប់​-​អ្នកមើល​ក្នុងស្រុក​មាន​កម្រិត​ទាប​នៅឡើយ​។ ពិសេស​ការលួចចម្លង​ស្នាដៃ​សិល្បៈ​ពិត​ពី​សំណាក់ អ្នករក​ប្រាក់​តាម​YouTube  និង​បណ្តាញ​ផ្សេងៗ​មាន​ទំហំ​ធំ និង​មាន​ការី​ករាល​ច្រើន​ក្នុងសង្គម​ខ្មែរ​។ 

​សិល្បករ​ខ្មែរ​១០​រូប រំពឹង​ទទួលបាន​មេរៀន និង​បទពិសោធន៍​ល្អៗ​ពី​អាមេរិក ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ឧស្សាហកម្ម​តន្ត្រី និង​ការការពារ​កម្មសិទ្ធិ​បញ្ហា​នៅ​កម្ពុជា​។ សិល្បករ​ដែលមាន​តន្ត្រីករ តារាចម្រៀង និង​អ្នកជំនាញ​សិល្បៈ​ទាំងនោះ នឹង​បំពេញ​ទស្សនកិច្ច​សិក្សា​រយៈពេល​១០​ថ្ងៃ​នៅ​សហរដ្ឋអាមេរិក ពីថ្ងៃ​ទី​២៧ ខែមេសា ដល់​ថ្ងៃទី​៨ ខែឧសភា ក្រោម​កម្មវិធី​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ (IVLP On-Demand) ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​


 
​លោក អ៊ួ​ង សូរិយា ដែលមាន​ភាពល្បីល្បាញ ជាមួយនឹង​បទ Original «​នឹក​អូន​បាន​ត្រឹម​ស្រមៃ​» ទទួលស្គាល់ថា តន្ត្រីករ និង​អ្នកចម្រៀង ពិតជា​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការពង្រឹង​កម្មសិទ្ធិ​បញ្ញា​របស់ខ្លួន ប៉ុន្តែ​លោក​នៅតែមាន​សង្ឃឹម ជាពិសេស​ការធ្វើ​តាម​បទពិសោធន៍​ល្អ​នៅ​អាមេរិក​។​
 
«​យ៉ាងហោចណាស់​៥​ឆ្នាំ​ទៀត យើង​មិន​ចង់ឃើញ​មានការ​លួច​ចម្លង​ស្នាដៃ​ពី​សិល្បករ​ដទៃ ទៅធ្វើ​អាជីវកម្ម ដូចជា​ការរក​ប្រាក់​តា​ម​បណ្តាញ YouTube និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀតឡើយ​»​។ នេះ​ជាការ​អះអាង​របស់លោក អ៊ួ​ង សូរិយា ដែល​បាន​ប្រឡូក​ក្នុង​ឧស្សាហកម្ម​តន្ត្រី​តាំងពី​ឆ្នាំ​២០១២​មក ពោលគឺ​ចាប់​អាយុ​១១​ឆ្នាំ​។​
​ដូចគ្នា​ផងដែរ លោក ម៉ា ច័ន្ទ​បញ្ញា អ្នកចម្រៀង និង​ជា​អ្នកនិពន្ធ ដែល​បាន​រង្វាន់​លេខ​ពីរ​នា​ការប្រឡង​ចម្រៀង​ថ្នាក់ជាតិ​កាលពី​ឆ្នាំ​២០១១ រួមទាំង​រង្វាន់​អន្តរជាតិ​មួយចំនួន​ពី​ចិន និង​ថៃ បានលើកឡើង​ពី​សារសំខាន់​នៃ​ការពង្រឹង​កម្មសិទ្ធិបញ្ញា ដើម្បី​លើកតម្កើង​ស្នាដៃ​ផលិត​ថ្មី​។​


 
«​យើង​នឹង​ព្យាយាម​ឲ្យ​អ្នកគាំទ្រ​ស្គាល់​ពីបទ​ចម្រៀង​ដែល​និពន្ធ​ថ្មី និង​ស្នាដៃ​លូច​ចម្លង​។ យើង​ត្រូវការ​ពេលវេលា​មិនតិច​ពី​៥ ទៅ​១០​ឆ្នាំ​ទេ ក្នុងការ​រក្សា​កម្ម​សិទ្ធ​បញ្ញា​នេះ សម្រាប់​ពួកយើង ក៏​ដូចគ្នា​អ្នក​សិល្បករ​ដែល​ផលិត​ត​ន្រី្ត និង​បទ​ចម្រៀង Original ផ្សេងទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ា ច័ន្ទ​បញ្ញា​។​
 
​ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» គឺ​កញ្ញា Adda Angel ចង់​ឲ្យ​ការបញ្ជ្រាប​ពី​កម្មសិទ្ធិបញ្ញា ស្ថិតក្រោម​ការប្រឹងប្រែង​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ក្រុម​សិល្បករ​ឯករាជ្យ​ដែល​មិន​ពាក់ព័ន្ធ​ផលិតកម្ម ម្ចាស់​ផលិតកម្ម ក៏ដូចជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
 
​នា​សន្និសីទ​សារព័ត៌​មាននៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កាលពី​ថ្ងៃទី​១៩ ខែមេសា កញ្ញា Adda បាន​លើកឡើងថា​៖ «​យើងខ្ញុំ​ទាំង​១០​នាក់ នឹង​ព្យាយាម​ស្វែងយល់​ពី​ការប្រើប្រាស់ និង​ពង្រឹង​កម្មសិទ្ធិបញ្ញា​ខ្លួនឯង​ជាមុនសិន មុននឹង​បញ្ជ្រាប​ទៅកាន់​សិល្បករ​ផ្សេងៗ​ទៀត ក៏ដូចជា​អ្នកគាំទ្រ​»​។​


 
​តារាចម្រៀង​ដែលមាន​ឈ្មោះ​ដើម​ថា ថុ​ន ស​ចរិយា រូបនេះ បាន​បន្ថែមថា​៖ «​បើ​ខ្ញុំ​អត់​ស្គាល់​អ្វី​ទៅជា​កម្មសិទ្ធិបញ្ញា​ច្បាស់ ខ្ញុំ​អត់​មាន​ចំណាត់ការ​សម្រាប់​ខ្លួនឯង គឺ​ខ្ញុំ​មិនអាច​ចែកចាយ​អ្នក​ឯទៀត​បានទេ​។ នៅ​អាមេរិក ខ្ញុំ​នឹង​ព្យាយាម​ស្វែងយល់​ពី​ការរក្សា​សិទ្ធិ ហើយ​បើ​យើង​ចង់យក​របស់គេ​មក​ប្រើ​តើ យើង​ត្រូវដាក់​កម្មសិទ្ធិ​(Credit) របស់គេ​ដោយ​របៀប​ណា​!»​។​
 
​កញ្ញា រិទ្ធី លំអរ​ពេជ្រ ដែលមាន​ភាពល្បីល្បាញ​ក្នុង​រៀបចំ​កម្មវិធី​សិល្បៈ​បែប​សហគមន៍ ជាពិសេស​ពិធីបុណ្យ​ភូមិ​ដ៏​មាន​ប្រជាប្រិយ ក៏​គិត​មិន​ខុសពី​តារាចម្រៀង​៣​រូប​ខាងលើ​នោះដែរ​។ អ្នកជំនាញ​សិល្បៈ​វ័យក្មេង​រូបនេះ ពិតជា​ចង់ឃើញ​ការចូលរួម​ពី​មនុស្ស​ទាំងអស់គ្នា​ក្នុង​ការគោរព​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ស្នាដៃ​បង្កើត​ថ្មី​។​


 
​លំអរ​ពេជ្រ បាន​លើកឡើងថា​៖ «​ការទប់ស្កាត់ និង​លុបបំបាត់​ការចម្លង​ស្នាដៃ​អ្នកដទៃ ត្រូវមាន​ការចូលរួម​ពី​ប្រជាជន ពី​ថ្នាក់ដឹកនាំរ​ដា្ឋ​ភិ​បាល និង​សិល្បករ​ទាំងអស់​។ ទស្សនកិច្ច​សិក្សា​នៅ​អាមេរិក​នេះ ជា​ឱកាស​ដ៏​ធំ​មួយ បើទោះបីជា​ពួកយើង​ទាំង​១០​នាក់ មិនអាច​កែប្រែ​អ្វី​បាន​ច្រើន ប៉ុន្តែ​វា​ជា​ជំហាន​ដ៏​វិជ្ជមាន​»​។​
 
​ក្រុម​សិល្ប​ករទាំង​១០​រូប ជឿជាក់ថា ចំណេះដឹង​ទាក់ទង​នឹង​ការងារ​ក្នុង​ឧ​ស្សហកម្ម​តន្ត្រី និង​ការការពារ​កម្មសិទ្ធិបញ្ញា​នៅ​សហរដ្ឋអាមេរិក នឹង​ក្លាយជា​មេរៀន​មួយ​សម្រាប់​ពួកគាត់​ក្នុងការ​រៀបចំ​ផលិត​ឯកសារ​ដើម្បី​បញ្ជ្រាប​ទៅកាន់​សាធារណជន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​, Instagram និង Youtube ជាដើម​។​


 
​ក្រៅពី​លោក អ៊ួ​ង សូរិយា លោក ម៉ា ច័ន្ទ​បញ្ញា កញ្ញា Adda Angel និង​កញ្ញា រិទ្ធី លំអរ​ពេជ្រ សិល្បករ​-​ការិនី​៦​រូប​ផ្សេងទៀត រួមមាន កញ្ញា ចិត្ត ក​ញ្ច​នា  លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ លោក ជុង សៀវ​ភី​ន លោក សុខា បញ្ញា លោក វណ្ណ ចេស្តា និង​លោក រៀម សុខ ភី​រម្យ​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​១០​ថ្ងៃ ក្រោម​កម្មវិធី IVLP On-Demand សិល្ប​ករទាំង​១០​រូប នឹងធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្រុង Austin រដ្ឋ​តិច​សាស់ និង​ក្រុង Los Angeles រដ្ឋកា​លី​ហ្វ​នីញ៉ា​។ ក្រៅពី​ការសិក្សា និង​ឈ្វេងយល់​ពីបទ​ពិសោធន៍​នានា ក្រុម​សិល្បករ​ខ្មែរ​ទាំងនោះ នឹងមាន​សកម្ម​ភាពវ​ប្ប​ធម៌​មួយចំនួន​ផងដែរ​៕

Tag:
 សិល្បៈ​
  កម្មសិទ្ធិបញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com