ភ្នំពេញ៖ ក្រោយតន្ត្រីករនិងតារាចម្រៀងខ្មែរឯករាជ្យ(Independent Artists) ចំនួន១០នាក់ ត្រឡប់ពីការសិក្សាលើវិស័យតន្ត្រី និងការការពារកម្មសិទ្ធិបញ្ញានៅសហរដ្ឋអាមេរិកវិញ សិល្បករទាំងនោះត្រូវការពេលវេលាមិនតិចពី៥ទៅ១០ឆ្នាំ ដើម្បីរក្សាស្នាដៃ(កម្មសិទ្ធិបញ្ញា)របស់ខ្លួន និងសិល្បករផ្សេងៗទៀត។ ព្រោះការអនុវត្តច្បាប់ ការគាំទ្រស្នាដៃពិតប្រាកដពីអ្នកស្តាប់-អ្នកមើលក្នុងស្រុកមានកម្រិតទាបនៅឡើយ។ ពិសេសការលួចចម្លងស្នាដៃសិល្បៈពិតពីសំណាក់ អ្នករកប្រាក់តាមYouTube និងបណ្តាញផ្សេងៗមានទំហំធំ និងមានការីករាលច្រើនក្នុងសង្គមខ្មែរ។
សិល្បករខ្មែរ១០រូប រំពឹងទទួលបានមេរៀន និងបទពិសោធន៍ល្អៗពីអាមេរិក ដើម្បីចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មតន្ត្រី និងការការពារកម្មសិទ្ធិបញ្ហានៅកម្ពុជា។ សិល្បករដែលមានតន្ត្រីករ តារាចម្រៀង និងអ្នកជំនាញសិល្បៈទាំងនោះ នឹងបំពេញទស្សនកិច្ចសិក្សារយៈពេល១០ថ្ងៃនៅសហរដ្ឋអាមេរិក ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ក្រោមកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP On-Demand) ដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
លោក អ៊ួង សូរិយា ដែលមានភាពល្បីល្បាញ ជាមួយនឹងបទ Original «នឹកអូនបានត្រឹមស្រមៃ» ទទួលស្គាល់ថា តន្ត្រីករ និងអ្នកចម្រៀង ពិតជាត្រូវការរយៈពេលយូរក្នុងការពង្រឹងកម្មសិទ្ធិបញ្ញារបស់ខ្លួន ប៉ុន្តែលោកនៅតែមានសង្ឃឹម ជាពិសេសការធ្វើតាមបទពិសោធន៍ល្អនៅអាមេរិក។
«យ៉ាងហោចណាស់៥ឆ្នាំទៀត យើងមិនចង់ឃើញមានការលួចចម្លងស្នាដៃពីសិល្បករដទៃ ទៅធ្វើអាជីវកម្ម ដូចជាការរកប្រាក់តាមបណ្តាញ YouTube និងបណ្តាញសង្គមផ្សេងៗទៀតឡើយ»។ នេះជាការអះអាងរបស់លោក អ៊ួង សូរិយា ដែលបានប្រឡូកក្នុងឧស្សាហកម្មតន្ត្រីតាំងពីឆ្នាំ២០១២មក ពោលគឺចាប់អាយុ១១ឆ្នាំ។
ដូចគ្នាផងដែរ លោក ម៉ា ច័ន្ទបញ្ញា អ្នកចម្រៀង និងជាអ្នកនិពន្ធ ដែលបានរង្វាន់លេខពីរនាការប្រឡងចម្រៀងថ្នាក់ជាតិកាលពីឆ្នាំ២០១១ រួមទាំងរង្វាន់អន្តរជាតិមួយចំនួនពីចិន និងថៃ បានលើកឡើងពីសារសំខាន់នៃការពង្រឹងកម្មសិទ្ធិបញ្ញា ដើម្បីលើកតម្កើងស្នាដៃផលិតថ្មី។
«យើងនឹងព្យាយាមឲ្យអ្នកគាំទ្រស្គាល់ពីបទចម្រៀងដែលនិពន្ធថ្មី និងស្នាដៃលូចចម្លង។ យើងត្រូវការពេលវេលាមិនតិចពី៥ ទៅ១០ឆ្នាំទេ ក្នុងការរក្សាកម្មសិទ្ធបញ្ញានេះ សម្រាប់ពួកយើង ក៏ដូចគ្នាអ្នកសិល្បករដែលផលិតតន្រី្ត និងបទចម្រៀង Original ផ្សេងទៀត»។ នេះជាការបញ្ជាក់របស់លោក ម៉ា ច័ន្ទបញ្ញា។
ម្ចាស់បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» គឺកញ្ញា Adda Angel ចង់ឲ្យការបញ្ជ្រាបពីកម្មសិទ្ធិបញ្ញា ស្ថិតក្រោមការប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់ ក្នុងក្រុមសិល្បករឯករាជ្យដែលមិនពាក់ព័ន្ធផលិតកម្ម ម្ចាស់ផលិតកម្ម ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នាសន្និសីទសារព័ត៌មាននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ កាលពីថ្ងៃទី១៩ ខែមេសា កញ្ញា Adda បានលើកឡើងថា៖ «យើងខ្ញុំទាំង១០នាក់ នឹងព្យាយាមស្វែងយល់ពីការប្រើប្រាស់ និងពង្រឹងកម្មសិទ្ធិបញ្ញាខ្លួនឯងជាមុនសិន មុននឹងបញ្ជ្រាបទៅកាន់សិល្បករផ្សេងៗទៀត ក៏ដូចជាអ្នកគាំទ្រ»។
តារាចម្រៀងដែលមានឈ្មោះដើមថា ថុន សចរិយា រូបនេះ បានបន្ថែមថា៖ «បើខ្ញុំអត់ស្គាល់អ្វីទៅជាកម្មសិទ្ធិបញ្ញាច្បាស់ ខ្ញុំអត់មានចំណាត់ការសម្រាប់ខ្លួនឯង គឺខ្ញុំមិនអាចចែកចាយអ្នកឯទៀតបានទេ។ នៅអាមេរិក ខ្ញុំនឹងព្យាយាមស្វែងយល់ពីការរក្សាសិទ្ធិ ហើយបើយើងចង់យករបស់គេមកប្រើតើ យើងត្រូវដាក់កម្មសិទ្ធិ(Credit) របស់គេដោយរបៀបណា!»។
កញ្ញា រិទ្ធី លំអរពេជ្រ ដែលមានភាពល្បីល្បាញក្នុងរៀបចំកម្មវិធីសិល្បៈបែបសហគមន៍ ជាពិសេសពិធីបុណ្យភូមិដ៏មានប្រជាប្រិយ ក៏គិតមិនខុសពីតារាចម្រៀង៣រូបខាងលើនោះដែរ។ អ្នកជំនាញសិល្បៈវ័យក្មេងរូបនេះ ពិតជាចង់ឃើញការចូលរួមពីមនុស្សទាំងអស់គ្នាក្នុងការគោរពកម្មសិទ្ធិបញ្ញាចំពោះស្នាដៃបង្កើតថ្មី។
លំអរពេជ្រ បានលើកឡើងថា៖ «ការទប់ស្កាត់ និងលុបបំបាត់ការចម្លងស្នាដៃអ្នកដទៃ ត្រូវមានការចូលរួមពីប្រជាជន ពីថ្នាក់ដឹកនាំរដា្ឋភិបាល និងសិល្បករទាំងអស់។ ទស្សនកិច្ចសិក្សានៅអាមេរិកនេះ ជាឱកាសដ៏ធំមួយ បើទោះបីជាពួកយើងទាំង១០នាក់ មិនអាចកែប្រែអ្វីបានច្រើន ប៉ុន្តែវាជាជំហានដ៏វិជ្ជមាន»។
ក្រុមសិល្បករទាំង១០រូប ជឿជាក់ថា ចំណេះដឹងទាក់ទងនឹងការងារក្នុងឧស្សហកម្មតន្ត្រី និងការការពារកម្មសិទ្ធិបញ្ញានៅសហរដ្ឋអាមេរិក នឹងក្លាយជាមេរៀនមួយសម្រាប់ពួកគាត់ក្នុងការរៀបចំផលិតឯកសារដើម្បីបញ្ជ្រាបទៅកាន់សាធារណជន តាមរយៈទំព័រហ្វេសប៊ុក, Instagram និង Youtube ជាដើម។
ក្រៅពីលោក អ៊ួង សូរិយា លោក ម៉ា ច័ន្ទបញ្ញា កញ្ញា Adda Angel និងកញ្ញា រិទ្ធី លំអរពេជ្រ សិល្បករ-ការិនី៦រូបផ្សេងទៀត រួមមាន កញ្ញា ចិត្ត កញ្ចនា លោក ម៉ម ពេជ្ជរិទ្ធ លោក ជុង សៀវភីន លោក សុខា បញ្ញា លោក វណ្ណ ចេស្តា និងលោក រៀម សុខ ភីរម្យ។
ក្នុងដំណើរទស្សនកិច្ចសិក្សា១០ថ្ងៃ ក្រោមកម្មវិធី IVLP On-Demand សិល្បករទាំង១០រូប នឹងធ្វើដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោន ក្រុង Austin រដ្ឋតិចសាស់ និងក្រុង Los Angeles រដ្ឋកាលីហ្វនីញ៉ា។ ក្រៅពីការសិក្សា និងឈ្វេងយល់ពីបទពិសោធន៍នានា ក្រុមសិល្បករខ្មែរទាំងនោះ នឹងមានសកម្មភាពវប្បធម៌មួយចំនួនផងដែរ៕