អន្តរជាតិ
កូរ៉េខាងជើង ប្រកាស​ដំណើរ​ទស្សនកិច្ច​ទៅ​រុស្ស៊ី​របស់លោក គីម ដើម្បី​ជួប​លោក ពូ​ទីន​
23, Apr 2019 , 4:26 pm        
រូបភាព
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៣ ខែមេសា បានប្រកាស​ពី​គម្រោង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កំពូល គីម ជុង​អ៊ុន ទៅកាន់​រុស្ស៊ី​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង លោក គីម នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពី​របៀបវារៈ​នៃ​ជំនួប​ទល់​មុខជា​លើកដំបូង​នេះឡើយ​។ នេះ​ជា​រឿង​កម្រ​មួយ​ដែល​កូរ៉េខាងជើង​បញ្ចេញ​ព័ត៌មាន​ទាក់ទង​ដំណើរ​នៅ​បរទេស​របស់​មេដឹកនាំ​ខ្លួន​ជាមុន​បែបនេះ​។​

 
​ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ។ នេះ​បើតាម​ការប្រកាស​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KNCA នៅ​ថ្ងៃទី​២៣ ខែមេសា​នេះ​។ ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង មិនបាន​បង្ហាញ​ពេលវេលា និង​ទីតាំង​ជាក់លាក់​នៃ​ជំនួប​រវាង​លោក គីម និង​លោក ពូ​ទីន ឡើយ​ក្រៅពី​ប្រកាសថា ជំនួប​នេះ​នឹងធ្វើ​ឡើង​ឆាប់ៗ​នេះ​។​
 
​ទាំង​រុស្ស៊ី ទាំង​កូរ៉េខាងជើង​មិន​និយាយ​អ្វី​ច្រើន​ពី​ជំនួប​មេដឹកនាំ​លើកដំបូង​នេះ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ជាច្រើន​បាន​ផ្សាយ​ពី​ព័ត៌មាន​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ។ លោក ពូ​ទីន ទំនងជា​ទទួល​លោក គីម នៅ​ទីក្រុង​វ៉ា្ល​ឌី​វ៉ូ​ស្តុក​នៅ​ថ្ងៃទី​២៤ ឬ​ទី​២៥ ខែមេសា​ខាងមុខ មុន​លោក​ចាកចេញ​ទៅកាន់​ទីក្រុង​ប៉េកាំង​របស់​ចិន​។ មេដឹកនាំ​កូរ៉េខាងជើង អាច​បន្ត​ស្នាក់នៅ​ទីក្រុង​រុស្ស៊ី​មួយ​នេះ​រហូតដល់​ថ្ងៃទី​២៦ ខែមេសា ទើប​ត្រឡប់​ទៅ​ស្រុក​វិញ​។​
 
​មន្ត្រី​ផ្នែក​ពិធីការ​របស់លោក គីម គឺ​លោក គីម ឆាង​សុន បាន​ទៅ​ត្រួតពិនិត្យ​ទីតាំង​ជាច្រើន​ក្នុង​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​ដើម្បី​ត្រៀម​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​។ កាសែត​រុស្ស៊ី Kommersant រាយការណ៍​ថា ជំនួបរ​វា​លោក ពូ​ទីន និង​លោក គីម អាចធ្វើ​នៅ​សាកលវិទ្យាល័យ​មួយកន្លែង​។ លោក គីម នឹងធ្វើ​ដឹកនាំ​ប្រតិភូ​ប្រមាណ​២៣០​នាក់​ទៅកាន់​រុស្ស៊ី​ផងដែរ​។ 
 
​ជុំវិញ​មធ្យោបាយ​ធ្វើដំណើរ​វិញ កាសែត​រុស្ស៊ី​ដដែល​ផ្សាយ​ថា លោក គីម នឹង​ជិះ​រថភ្លើង​ពី​រដ្ឋធានី​ព្យុងយ៉ាង​ទៅកាន់​ទឹកដី​រុស្ស៊ី​តែម្ដង ដែល​ដំណើរ​ទស្សនកិច្ច​នេះ​អាច​ចំណាយពេល​២០​ម៉ោង​ឯណោះ​។ បើ​គិតគូរ​តាម​ពេលវេលា​ជិះ​រថភ្លើង​នេះ មេដឹកនាំ​កូរ៉េខាងជើង​អាច​ចាកចេញ​នៅ​ថ្ងៃទី​២៣ ឬ​ទី​២៤ ខែមេសា​។ ឬក៏​ម្យ៉ាងទៀត លោក គីម អាច​ជ្រើសរើស​មធ្យោបាយ​ផ្លូវអាកាស​វិញ​ក្នុងករណី​មិន​ចង់​ចំណាយពេល​ច្រើន​តាម​ផ្លូវគោក​។​
 
​ជំនួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី អាចជា​ឱកាសល្អ​សម្រាប់​ការប្រឹងប្រែង​ផ្នែក​ការទូត​របស់លោក គីម ក្នុង​ការប្រមូល​ការគាំទ្រ​ពី​សំណាក់​ខ្នងបង្អែក​ដ៏​សំខាន់​មួយ​របស់​កូរ៉េខាងជើង ស្រប​ពេលដែល​ការចរចា​ជាមួយ​អាមេរិក​នៅជាប់​ទ្រឹង​។ លើសពីនោះ រុស្ស៊ី​ក៏​ជួយ​រ៉ាប់រង​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ផងដែរ ព្រោះ​លោក គីម ហាក់​ខ្វាយខ្វល់​ច្រើន​ពី​រឿង​សេដ្ឋកិច្ច​នេះ​តាំងពី​ជំនួប​បរាជ័យ​នៅ​ហា​ណូ​មក​៕ 
 

Tag:
 កូរ៉េខាងជើង​
  រុស្ស៊ី​
  គីម ជុង​អ៊ុន​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com