កីឡាអន្តរជាតិ
អន្តរជាតិ
Jenas អតីតជម្រើសជាតិអង់គ្លេស ថា Man Utd យក Solskjaer ធ្វើគ្រូខុសហើយ
× អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសលោក Jermaine Jenas ថាការជ្រើសយកលោក Ole Gunnar Solskjaer ធ្វើជាអ្នកចាត់ការទូទៅក្រុម Manchester United គឺជាការសម្រេចចិត្តខុស។
Solskjaer បានឡើងទៅជំនួសតំណែងលោក Jose Mourinho កាលពីខែធ្នូកន្លងទៅ បន្ទាប់ពី Man Utd ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ ក្រោមការដឹកនាំចំនួប១១ប្រកួតអ្នកចាត់ការសញ្ជាតិន័រវែសបានជួយបិសាចក្រហមឈ្នះដល់ទៅ១០ប្រកួត និងត្រូវបានតែងតាំងជាអ្នកចាត់ការពេញសិទ្ធិតែម្តង។
យ៉ាងណាក៏ដោយ Solskjaer មិនអាចជួយ Man Utd ឆ្លងផុតវគ្គ៨ក្រុមចុងក្រោយពាន Champions League នោទេ ក្រោយចាញ់ Barcelona ទាំងពីរជើងក្នុងលទ្ធផល ៤-០។
នៅពេលសួរអំពីលោក Solskjaer ដែលក្លាយជាអ្នកចាត់ការអចិន្ត្រៃនោះ លោក Jenas បានឆ្លើយប្រាប់ BBC Sport ថាលោកពិតជាភ្ញាក់ផ្អើលនឹងការតែងតាំងនេះណាស់។
លោក Jermaine Jenas អតីតខ្សែបម្រើរបស់ Spurs ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡាបាល់ទាត់ឲ្យ BBC
ក្នុងនាមជាអ្នកវិភាគឲ្យ BBC Sport ផងដែរនោះ អតីតខ្សែបម្រើក្រុម Tottenham Hotspur វ័យ៣៦ឆ្នាំរូបនេះលើកឡើងថា៖«ខ្ញុំគិតថានេះជាការសម្រេចដ៏រំជួលចិត្តមួយ ដែលមិនបានគិតគូឲ្យបានច្បាស់លាស់សម្រាប់ការដឹកនាំរយៈពេលវែង»។
Jenas បន្ថែមថា អ្វីដែលលោក Sir Alex Ferguson ធ្វើគឺពិតជាពិសេសណាស់សម្រាប់ Man Utd ដែលពិតជាលំបាកណាស់ដើម្បីឲ្យអ្នកផ្សេងចម្លងរបៀបនៃការដឹកនាំក្នុងកម្រិតខ្ពស់បំផុតរបស់លោក។
ចាប់តាំងពីលោក Solskjaer ក្លាយជាអ្នកចាត់ការពេញសិទ្ធិមក Man Utd ទទួលបានលទ្ធផលមិនគាប់ប្រសើរនោះទេ ដោយប្រកួត៨លើកចុងក្រោយបរាជ័យដល់ទៅ៦លើកទៅហើយ ជាពិសេសចាញ់ Everton ដល់ទៅ ៤-០ ដែលធ្វើឲ្យក្រុមមានមូលដ្ឋានក្នុងក្រុង Manchester នេះ ពិបាកក្នុងការដណ្តើមយកចំណាត់ថ្នាក់ Top4 ដើម្បីកៅអី Champions League រដូវក្រោយ។
ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យនេះ ឈរនៅចំណាត់ថ្នាក់ទី៦ មាន៦៤ពិន្ទុ ក្រោយឆ្លងកាត់៣៤លើកចុងក្រោយ តាមពីក្រោយក្រុមលេខ៤ Chelsea ដែលប្រកួត៣៥លើក ចំនួន៣ពិន្ទុ៕
Tag:
បាល់ទាត់
Ole Gunnar Solskjaer
Jermaine Jenas
© រក្សាសិទ្ធិដោយ thmeythmey.com