ព្រះរាជអាជ្ញារងម្នាក់ ត្រូវផ្អាកការងារ ដោយរងការចោទថា ឈូសឆាយនិងកាន់កាប់ព្រៃនៅកំពង់ធំ
ជាតិ
សង្គមជាតិ
ព្រះរាជអាជ្ញារងម្នាក់ ត្រូវផ្អាកការងារ ដោយរងការចោទថា ឈូសឆាយនិងកាន់កាប់ព្រៃនៅកំពង់ធំ
23, Apr 2019 , 5:06 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងយុត្តិធម៌៖ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
រូបពីហ្វេសប៊ុកក្រសួងយុត្តិធម៌៖ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ដោយ: ថ្មីៗ
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតមួយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសម្រេចផ្អាកការងាររបស់លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។ លោករដ្ឋមន្រ្តី បានផ្ញើលិខិតនោះ ជូនទៅព្រះរាជអាជ្ញា ដែលជាអ្នកគ្រង់គ្រងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។



ការសម្រេចនេះ គឺធ្វើឡើងក្រោយពីលោករដ្ឋមន្រ្តី ទទួលបានលិខិតនិងដីកាសន្និដ្ឋានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីការចោទលោក ជា សុវណ្ណថេត ពីបទផ្តើមគំនិតក្នុងអំពើកាប់ឆ្ការ គាស់ ឈូសព្រៃលិចទឹក ព្រៃកោងកាង ហើយហ៊ុមព័ទ្ធកាន់កាប់ព្រៃទាំងនោះ ដែលស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាពាក់កណ្តាលខែមេសា ឆ្នាំ២០១៩នេះ។

លោក អង្គ វង្ស វឌ្ឍានា បញ្ជាក់ក្នុងលិខិតរបស់លោកថា ទង្វើនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ នៃច្បាប់ស្តីជលផល។ តាមរយៈលិខិតនោះ លោករដ្ឋមន្រ្តី ប្រាប់ទៅព្រះរាជអាជ្ញា ដែលគ្រប់គ្រងស្ថាប័នអយ្យការយ៉ាងដូច្នេះថា «យោងតាមមាត្រា៥៨ និងមាត្រា១០០នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា ក្រសួងយុត្តិធម៌ ស្នើឲ្យលោកព្រះរាជអាជ្ញា ផ្អាកមុខងាររបស់លោក ជា សុវណ្ណថេត ជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីសម្រេចរបស់តុលាការអំពើទោសស្ថាពរ»៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម