ONE Championship
កីឡាជាតិ
ជាតិ
​អ្នកលេង​គុន​ចម្រុះ​៣​រូប មាន​ទស្សនៈ​ផ្សេងគ្នា​ពី​ជំនួប ចាន់ រតនា ទល់ Rudy Agustian
23, Apr 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​អ្នកលេង​ក្បាច់គុន​ចម្រុះ​ដែលមាន​បទពិសោធន៍​លើស​ង្វៀន ONE Championship ចំនួន ៣ រូប បានបង្ហាញ​ទស្សនៈ​រៀងៗ​ខ្លួន​មុន​ការ​ប៉ះគ្នា​រវាង ចាន់ រតនា ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Rudy Agustian នៅលើ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ក្រុង​ហ្សា​ការ​តា​។​


 
​កីឡាករ​គុន​ចម្រុះ រិ​ន សា​រ័ត្ន បាន​បង្ហើប​ដូច្នេះ​ថា​៖« ទាំង ចាន់ រតនា និង Rudy មាន​ចំណុច​ល្អ​ផ្សេងៗ​គ្នា ប៉ុន្តែ​ខ្ញុំ ខ្លាច​ណាស់ ចាន់ រតនា ចាញ់​កម្លាំង​ស៊ុ​ហ្វ​គេ​។ បង រតនា មាន​តែម​បន្តិច​លើ​ការប្រើ​ក្បាច់គុន​ខ្មែរ ប៉ុន្តែ ខ្លាច​គេ​ឃ្លេ​បាន គឺ​លំបាក​។ មួយទៀត ខ្ញុំ​បារម្ភ​អំពី​ចំណុច​ខ្វះខាត មួយចំនួន​ដូចជា ការ​វាយ​ដេក គឺ គាត់​មិនសូវ​ប៉ិន​ទេ គេ​នៅ​ពីលើ ឬ គេ​នៅ​ពីក្រោម គាត់​មិនសូវ​ប៉ិន​ទប់ ហើយ បើ​គេ​ឃ្លេ បាន ខ្លាច​គាត់​ឆាប​អស់កម្លាំង​ស៊ុ​ហ្វ​»​។ 


 
​បែបណា​ក្ដី សា​រ័ត្ន ជឿជាក់ថា កីឡាករ​កីឡាករ​មាន​បទពិសោធន៍​ច្រើន​របស់​កម្ពុជា​អាច វាយ​ការពារ​ទប់​បានល្អ តាមរយៈ​ភាពរហ័សរហួន​ក្នុង​ការប្រើ​ក្បាច់គុន​ខ្មែរ​។ ប៉ុន្តែ ក្នុងករណី​ដែល ម្ចាស់​ក្លឹប​ប្រដាល់ «​សិល្បៈ​» ចេញ​ក្បាច់​យឺត​ទំនង​លំបាក​បន្តិច​របស់ Rudy​។ 
 
​ចំណែក​អ្នកលេង​ក្បាច់គុន​ចម្រុះ​ម្នាក់ទៀត កីឡាករ ស៊ឹម ប៊ុន​ស្រន់ បាន​បញ្ចេញ​ទស្សនៈ​ថា គូ​នេះ​ប្រហាក់ប្រហែលគ្នា​។ 
 
​កូនសិស្ស​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ វ័យ ២៦ ឆ្នាំ​រូបនេះ​បាន​មើល​វីដេអូ​ចុងក្រោយ​របស់ Rudy Agustian ទល់នឹង​កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ កាល​ខែ កុម្ភៈ នៅ​សិង្ហ​បុរី ហើយ ថ្លែង​បែបនេះ​៖«​ខុន ស៊ី​ចាន់ កាល​ហ្នឹង​ដូចជា​ជ្រាយ​ពេក ទើប​ឡើង​វាយ​វិញ​ក្រោយ​ឈប់​មួយរយៈ គេ​មិនបាន​ហ្វឹកហាត់​ដិតដល់ ហើយ កម្លាំង​ស៊ុ​ហ្វ​ក្រោម​គេ​ទៀត ដូច្នេះ​ពេល​គេ​ឃ្លេ​គឺ​ចាញ់ហើយ​។ ប៉ុន្តែ​ខ្ញុំ​គិតថា បើ​ចាន់ រតនា វ៉ៃ​ក្នុង​ជំហរ​ដេក ច្បាស់​ជា​ចាញ់​ស្រាប​គេ​ហើយ មានតែ​វ៉ៃ​ដោះ និង វ៉ៃ​ឈរ​ទេ​ដែល​អាចមាន​ប្រៀប​»​។ យ៉ាង​ក្ដី ប៊ុន​ស្រ៊ន់ ដាក់​ជំនឿ​ចិត្ត​ថា ចាន់ រតនា នឹងធ្វើ​បានល្អ​ព្រោះ​មាន​ភាពរហ័សរហួន​ក្នុងការ​គេច និង វ៉ៃ​សង​គូប្រកួត ជាពិសេស​ត្រូវ​ប្រើ​ក្បាច់គុន​ខ្មែរ ដែល​ធ្លាប់​ប្រកួត​លើ​រេញ​កន្លងមក​ឲ្យ​បាន​ច្រើន​។ 


 
​ទន្ទឹមគ្នា​នោះដែរ ខុន ស៊ី​ចាន់ ដែល​ចាញ់​ក្រោម​ក្បាច់​ឃ្លេ​របស់ Rudy កាល​ខែកុម្ភៈ ត្រឹម​ទឹក​ទី​១ នោះបាន​បញ្ចេញមតិ​ថា ៖«​ខ្ញុំ​លំបាក​សន្និដ្ឋាន​បន្តិច គូ​នេះ ព្រោះ​ចាន់ រតនា គីឡូ​គាត់​ធំ ហើយ​គាត់​បញ្ចុះ​មក ៦១ គីឡូក្រាម ដូច្នេះ​ឆាប់​អស់កម្លាំង​ណាស់​។ ខ្ញុំ​សង្ឃឹមថា​គាត់​អាច​ឈ្នះ​ត្រឹម​ទឹក​ទី​១ តែបើ​ចូល​ទឹក​ទី​២ និង ទី​៣​អាច​ចាញ់​គេ​ហើយ​។ ខ្ញុំ​ជឿជាក់​លើ​គាត់​ត្រឹមតែ ១ ទឹក​ប៉ុណ្ណោះ​»​។ កីឡាករ​មកពី​ក្លឹប Phnom Penh MMA រូបនេះ​បញ្ជាក់ទៀតថា ជំនាញ​របស់ Rudy ល្អ​ចាប់​ល្អ​គាប ប៉ុន្តែ​ជំនាញ ឈរ​វ៉ៃ និង តិក​និក​វ៉ៃ ចាញ់ ចាន់ រតនា ទេ​។  
 
​អ្នកលេង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រូបនេះ​នៅតែមាន​ជំនឿ​ចិត្ត​លើ​មិត្ត​រួម​ជាតិ​ថា​អាច​សងសឹក​ជំនួស​ខ្លួន​បាន បើសិន​ប្រើ​ក្បាច់​ខ្មែរ​បុរាណ​ឲ្យ​បាន​ច្រើន និង មិន​ឲ្យ​គេ​ចូល​ចាប់បាន ពោល​អាច​ឈ្នះ​ដល់ ៩០% ឯណោះ​។ 
 
​នៅ​ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ​នា​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី មិន​ត្រឹមតែ Rudy Agustian និង ចាន់ រតនា ធ្វើ​ឲ្យ​កក្រើក​អ្នកគាំទ្រ​នៅ​កម្ពុជា​ទេ ប៉ុន្តែ ថែមទាំង​មាន​កីឡាការិនី​ជម្រើសជាតិ នៅ ស្រី​ពៅ ប៉ះ កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ទៀតផង​នៅ​សង្វៀន ONE: FOR HONOR៕ 
 

Tag:
 ចាន់ រតនា​
  Rudy Agustian
© រក្សាសិទ្ធិដោយ thmeythmey.com