ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
លោក ថោង ខុន​៖ ខេត្ត​កែប នឹង​ក្លាយជា​តំបន់​សម្រាកលំហែ​កម្រិត​ខ្ពស់ ដែល​អាច​គ្មាន​កាស៊ីណូ និង​រោងចក្រ​
24, Apr 2019 , 7:59 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ខេត្ត​កែប នឹង​ក្លាយជា​តំបន់​សម្រាកលំហែ​កម្រិត​ខ្ពស់ ដោយ​ធានា​មិនឱ្យ​មានការ​បង្កើត​កាស៊ីណូ​(Casino) និង​រោងចក្រ​សហគ្រាស​ឡើយ​។ នេះ​ជា​ការអះអាង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​២២​មេសា​។​
 
​រាជរដ្ឋាភិបាល បានសម្រេច​ឱ្យ​ក្រសួងទេសចរណ៍ ដឹកនាំ​ការសិក្សា​ពី​ការរៀបចំ​ផែនការមេ អភិវឌ្ឍន៍​ខេត្ត​កែប ឱ្យក្លាយ​ទៅជា​«​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​»​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​ឱ្យ​កាន់តែច្រើន​។ ការសម្រេច​ដូច្នេះ​របស់​រាជរដ្ឋាភិបាល ធ្វើឡើង​ក្នុង​កិច្ចប្រជុំ «​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» កាលពី​ថ្ងៃទី​១៨ ខែមេសា​កន្លងទៅ​។ 

រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
 
​លោក ថោង ខុន បញ្ជាក់​បន្ត​ដូច្នេះ​៖«​ការអភិវឌ្ឍ​ខេត្ត​កែប ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​នេះ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង ឆ្នេរ​ខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏ដូចជា​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា​ផងដែរ ប៉ុន្តែ​អាច​នឹងមិន​មានការ​បង្កើត​ឱ្យមាន​«​កាស៊ីណូ​» និង​រោងចក្រ​សហគ្រាស​ឡើយ​»​។​
 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល ក្រសួងទេសចរណ៍ ក៏បាន​លើកទឹកចិត្ត ឱ្យមាន​ការបង្កើត​លំនៅ​ដ្ឋា​នទី​២ សម្រាប់​ភ្ញៀវទេសចរ​វ័យ​ចំណាស់ ឬ​ចូលនិវត្តន៍​នៅ​ខេត្ត​កែប​ផងដែរ ដើម្បី​ពន្យារពេល​ការ​ស្នាក់នៅ​របស់​ពួកគេ​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រី ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត រាជរដ្ឋាភិបាល ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ​«​ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍វប្បធម៌​បេតិកភណ្ឌ និង​ក​សិ​ទេសចរណ៍​»​ផងដែរ​។ រីឯ​ខេត្តកោះកុង ក៏​រាជរដ្ឋាភិបាល​គ្រោង​រៀបចំ​ទៅជា​«​តំបន់​អេកូ​ទេសចរណ៍​»​ដែរ ខណៈ​ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​តំបន់​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពហុ​បំណង​ហើយ​នោះ​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៕
 

Tag:
 ទេសចរណ៍​
  កែប​
 ​អចល​ទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com