កីឡាអន្តរជាតិ
អន្តរជាតិ
Milner ថា នឹង​ធ្វើជា​ហ្វេ​ន Man Utd លើកដំបូង​បំផុត​ក្នុង​ជីវិត នា​ជំនួប Manchester Derby
24, Apr 2019 , 8:29 am        
រូបភាព
James Milner ខ្សែបម្រើ​ក្រុម Liverpool ថា​រូបគេ​នឹង​ក្លាយជា​អ្នកគាំទ្រ​ក្រុម Manchester United លើកដំបូង​ក្នុង​ជីវិត​សម្រាប់​ជំនួប Manchester Derby ទល់នឹង​ក្រុម Manchester City នៅ​រាត្រី​ថ្ងៃទី​២៤ ខែមេសា​។ ការជួបគ្នា​រវាង​ក្រុម​យក្ស​ក្នុង​ក្រុង Manchester នេះ​ជាការ​ប្រកួត​ដ៏​សំខាន់​សម្រាប់ Man Utd, Man City និង Liverpool​។​


 
​ក្រុម​បិសាច​ក្រហម​នឹង​បើកទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួល​ក្រុម​មេឃ​ខៀវ​ក្នុង​ការប្រកួត​ក្របខណ្ឌ Premier League សប្តាហ៍​ទី​៣៥ នៅវេលា​ម៉ោង ២:០០​នាទី អា​ធ្រា​ត្រ​។​
​ជំនួប​សំខាន់​រវាង​ក្រុម​ទាំងពីរ​ក៏​នឹង​ជះ​ឥទ្ធិ​ផល​ដល់​ក្រុម​របស់លោក Jurgen Klopp ផងដែរ ដ្បិត Liverpool ត្រូវ​ប្រជែង​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​ជាមួយ Man City​។​
 
Liverpool ដែល​ប្រកួត​បាន​៣៥​លើក ស្ថិតនៅ​កំពូល​តារាង​បណ្តោះអាសន្ន ដោយ​នាំមុខ​ក្រុម​របស់លោក Pep Gardiola ចំនួន ២​ពិន្ទុ ប៉ុន្តែ Man City ទើប​ប្រកួត​បាន​៣៤​លើក​ប៉ុណ្ណោះ​។

ក្រុម​លោក Klopp ត្រូវ​ពឹង​លើ Man Utd ជា​ចាំបាច់​ដើម្បី​រារាំង Man City សម្រាប់​ជំនួប​នេះ ក្នុង​ការជួយ​ឲ្យ Liverpool នៅ​រក្សារ​កំពូល​តារាង និង​ជួយ​ក្រុម​ឈ្នះ​ពាន Premier League លើកដំបូង​ចាំ​តាំងពី​ឆ្នាំ​១៩៩០​មក​។​
 
Milner ដែលជា​អតីត​ខ្សែបម្រើ​របស់​ក្រុម Man City តែ​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ហង្ស​ក្រហម​បានប្រកាសថា​រូបគេ​នឹង​គាំទ្រ​ក្រុម​របស់លោក Ole Gunnar Solskjaer សម្រាប់​ជំនួប Manchester Derby នេះ​។​
 
«​នេះ​ជា​លើកដំបូង​ក្នុង​ជីវិត​របស់ខ្ញុំ ដែល​ខ្ញុំ​គាំទ្រ Man Utd​។ ប៉ុន្តែ​ខ្ញុំ​មិន​មើល​ការប្រកួត​នេះ​ទេ ដែល​វា​នាំ​ឲ្យ​ខាតបង់​កំលាំង​របស់ខ្ញុំ ដោយ​ទុក​ពេលធ្វើ​អ្វី​ផ្សេង​វិញ​។ ខ្ញុំ​នឹងដាក់​ទូរ​សព្ទ​របស់ខ្ញុំ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​រយៈ​ពីរ​បី​ម៉ោង​ហើយ​ចាំមើល​លទ្ធផល​តាម​ក្រោយ​»​។ នេះ​ជាការ​អះអាង​របស់​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៣៣​ឆ្នាំ​។​
 
​នៅសល់​៣​ប្រកួត​ចុងក្រោយ Liverpool ត្រូវ​ប៉ះ Huddersfield Town, Newcastle United និង Wolverhampton Wanderers ខណៈ Man City បន្ទាប់ពី​តទល់​ជាមួយ Man Utd ហើយ ត្រូវ​ជួប Burnley, Leicester City និង Brighton & Hove Albion​។​
 
​ដោយឡែក Man Utd ក៏ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​ដូច​គូប្រជែង Man City ដែរ ក្រោយ​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង Everton ដល់​ទៅ ៤-០​។ ដូច្នេះ សម្រាប់​ជំនួប​ដ៏​សំខាន់​នេះ ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស ២០​សម័យ​ត្រូវ​ដណ្តើម​៣​ពិន្ទុ​ឲ្យ​ខាងតែបាន​ដើម្បី​ជា​ទុន​សម្រាប់​ប្រជែង​យក​តំណែង Top4 ដើម្បី​លេង Champions League រដូវ​កាល​ក្រោយ​។ 
 
 Man City ដែល​របូត​ពាន Champions League ទៅហើយ​ក៏មាន​ភារកិច្ច​សំខាន់​ដើម្បី​ដ​ណ្តើ​ពាន Premier League រដូវ​កាល ២០១៨-១៩ នេះ ជាមួយ Liverpool ដូចគ្នា​៕

Tag:
 បាល់ទាត់​
  James Milner
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com