អន្តរជាតិ
ថៃ នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្លូវដែក​ជាមួយ​ចិន​និង​ឡាវ​
24, Apr 2019 , 9:29 am        
រូបភាព
រូបភាព៖ China Daily
រូបភាព៖ China Daily
ដោយ:
​ថៃ នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ (MoC) ជាមួយ​ចិន និង​ឡាវ សម្រាប់​គម្រោង​បណ្តាញ​ផ្លូវដែក​មួយ​ក្នុង​គោលដៅ​បំពេញ​មហិច្ឆតា​ត​ភ្ជាប់​តំបន់​របស់ខ្លួន​។ កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ចុះហត្ថលេខា​អំឡុងពេល​ទស្សនកិច្ចរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ប៉េកាំង​ក្នុង​សប្តាហ៍​នេះ ដើម្បី​ចូលរួម «​វេទិកា​ខ្សែក្រវាត់ និង​វិថី​» លើក​ទី​ពីរ​។

 
​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ លោក Arkhom Termpittayapaisith នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​សម​ភាគី​ឡាវ លោក Bounchanh Sinthavong និង​អនុប្រធាន​គណៈកម្មការ​កំណែទម្រង់​និង​អភិវឌ្ឍន៍​ជាតិ​របស់​ចិន លោក Hu Zucai នា​ថ្ងៃទី ២៥ ខែមេសា នៅក្រៅ​កិច្ចប្រជុំ​កំពូល​ដែល​ធ្វើ​នៅ​រដ្ឋធានី​ប៉េកាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ថៃ នៅ​ថ្ងៃទី​២២ មេសា​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន The Nation ។​
 
​អនុស្សារណៈ​នេះ នឹង​លម្អិត​ពី​ផែនការ​សម្រាប់​ប្រទេស​ទាំងបី​នេះ ពាក់ព័ន្ធ​នឹង​បណ្តាញ​ផ្លូវដែក​ត​ភ្ជាប់​ពី​ភាគខាងត្បូង​នៃ​ប្រទេស​ចិន កាត់​តាម​ឡាវ​ទៅកាន់​ថៃ​។ ត្រង់ចំណុច​នេះ នាយក​នៃ​នាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ក្រសួងការបរទេស​ថៃ លោកស្រី  Vilawan Mangklatanakul គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ ក៏​នឹង​រាប់បញ្ចូល​ការសាងសង់​ស្ពាន​ថ្មី​មួយ ឆ្លងកាត់​ទន្លេមេគង្គ ដែល​ត​ភ្ជាប់​ពី​រដ្ឋធានី​វៀងចន្ទន៍ របស់​ឡាវ​ជាមួយ​ខេត្ត Nong Khai នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ផងដែរ​។ 
 
​ក្រុង​ប៉េកាំង កំពុង​បោះទុន​វិនិយោគ និង​ជួយ​ជ្រោមជ្រែង​ឡាវ​ក្នុងការ​សាងសង់​បណ្តាញ​ផ្លូវដែក​ប្រវែង ៤០០​គីឡូម៉ែត្រ​មួយ ដែល​ត​ភ្ជាប់​ពី​ព្រំដែន ចិន​-​ឡាវ ទៅកាន់​រដ្ឋធានី វៀងចន្ទន៍​។ គិត​មក​ត្រឹម​ពេលនេះ ការសាងសង់​ផ្លូវដែក​នេះ សម្រេចបាន​ប្រមាណ​៥០​ភាគរយ​ហើយ ខណៈដែល​ផ្លូវដែក​ល្បឿន​លឿន​ប្រវែង ៣,៥​គីឡូម៉ែត្រ​របស់​ថៃ កំពុងដំណើរការ​ទៅមុខ​យ៉ាង​ល្អ​ផងដែរ​។ 
 
​លោក ប្រា​យុទ្ធ ដែល​នឹងចូលរួម​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​វិធី​លើក​ទី​ពីរ ចាប់ពី​ថ្ងៃទី​២៥ ដល់ទី​២៧ ខែមេសា នឹង​លើកឡើង​ពី​បច្ចុប្បន្នភាព​នៃ​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ក្នុង​វេទិកា​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​ក្នុងនាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​ក្នុង​ឆ្នាំ​២០១៩ ។ លោកស្រី Vilawan និយាយ​បែបនេះ​។ 
 
​លើសពីនេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​លោក​ប្រា​យុទ្ធ ដែល​ស្គាល់​ថា «​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត (EEC)» ក៏​នឹងត្រូវ​លើកឡើង​ក្នុង​វេទិកា​នេះ​ផងដែរ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន ជាពិសេស​ពី ចិន​តែម្តង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Vilawan ដោយ​បន្ថែមថា គម្រោង EEC នេះ នឹង​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រចាំ​តំបន់​មួយ​។ 
 
​សូមបញ្ជាក់ថា ប្រធាន​ធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​ក្នុង​ឆ្នាំ​២០១៣ ក្នុង​គោលដៅ​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​ស្ថិតក្នុង​តំបន់ អឺរ៉ុប អាស៊ី និង​អាហ្វ្រិក តាមរយៈ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ មកទល់នឹង​ពេលនេះ ប្រទេស​ចំនួន ១២៤ និង​អង្គការ​អន្តរជាតិ ២៩ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​គំនិត​ផ្តួចផ្តើម​នេះ​ជាមួយ​ចិន​។ កម្ពុជា ក៏​ជា​សមាជិក​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យក្ស​របស់​ចិន​នេះ​ផងដែរ​៕
 

Tag:
 ថៃ​
  ឡាវ​
  ចិន​
  ប៉េកាំង​
  វេទិកា​ខ្សែក្រវាត់​និង​វិថី​
  ផ្លូវដែក
© រក្សាសិទ្ធិដោយ thmeythmey.com