អន្តរជាតិ
កុមារ​៤៥​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ជាង​៣២០​នាក់​ដោយ​ការវាយប្រហារ​នៅ​ស្រីលង្កា​
23, Apr 2019 , 10:59 pm        
រូបភាព
កុមារប្រមាណ​៤៥នាក់បានស្លាប់ក្នុងការវាយប្រហារនៅស្រីលង្កា។ រូបថត AFP
កុមារប្រមាណ​៤៥នាក់បានស្លាប់ក្នុងការវាយប្រហារនៅស្រីលង្កា។ រូបថត AFP
ដោយ: ថ្មីៗ
​កុមារ​យ៉ាងហោចណាស់​៤៥​នាក់​ក្នុងចំណោម​អ្នកស្លាប់​ជាង​៣២០​នាក់​ដោយសារតែ​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។ អង្គការ​យូ​នី​សែ​ហ្វ បានបង្ហាញ​ពី​តួលេខ​កុមារ​រងគ្រោះ​នេះ ពីរ​ថ្ងៃក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​។​



«​ពេលនេះ យើង​រកឃើញថា កុមារ​៤៥​នាក់​បាន​ស្លាប់​»​។ នេះ​ជាការ​អះអាង​របស់លោក Christophe Boulierac នា​សន្និសីទ​សារព័ត៌​មាននៅ​ក្រុង​ហ្សឺ​ណែវ នា​ថ្ងៃ​ចន្ទ ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​បន្ថែម​ចំពោះ​ស្ថានភាព​កុមារ​ដែល​រងរបួស និង​កំព្រា ក្រោយ​ការវាយប្រហារ​ដ៏​រន្ធត់​។​

​តួលេខ​អ្នកស្លាប់​ដោយ​ការវាយប្រហារ​រហូតដល់​ទៅ​៨​លើក​នៅ​ស្រីលង្កា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ ឡើង​ជាង​៣២០​នាក់ និង​របួស​ជាង​៥០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ប៉ូលិស​ស្រីលង្កា ដែល​ដកស្រង់​ដោយ AFP មនុស្ស​៤០​នាក់​កំពុងស្ថិត​ក្នុងការ​ឃុំខ្លួន​ផងដែរ​។​

​សកម្មភាព​ដ៏​ឃោ​ឃៅ​នេះ ត្រូវបាន​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​កងកម្លាំង​ភេរវកម្ម​ឈ្មោះ  National Thowheelth Jama’ath ដែល​ព្យាយាម​បង្ក​ភាពវឹកវរ​នៅតាម​សណ្ឋាគារ និង​ព្រះវិហារ នា​ពិធីបុណ្យ Easter Sunday នៅ​ក្រុង Colombo​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ការ​បំផ្ទុះ​ចំនួន​៦​លើក​បានកើត​ឡើង​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន​៣ (Shangri-La, Kingsbury និង Cinnamon Grand) និង​ព្រះវិហារ​ចំនួន​៣ ខណៈដែល​មនុស្សម្នា​កំពុង​ប្រារព្ធ​ពិធីបុណ្យ Easter Sunday នៅ​ក្រុង Colombo​។ ប៉ុន្មាន​ក្រោយមក ការផ្ទុះ​ពីរលើក​ទៀត​បាន​កើតឡើង​។ AFP បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ប៉ូលិស​លោក Ruwan Gunasekera ដែល​អះអាងថា យ៉ាងហោចណាស់ ការផ្ទុះ​ចំនួន​ពីរ​បង្កឡើង​ដោយ​អ្នក​ផ្ទុក​គ្រាប់បែក​អត្តឃាត​៕


Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com