កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
លោក Lee Tae Hoon ក្លាយជាគ្រូបង្វឹកក្លិប Hoang Anh Gia Lai នៃលីគកំពូលវៀតណាម លោក Lee Tae Hoon ក្លាយជាគ្រូបង្វឹកក្លិប Hoang Anh Gia Lai។ ប្រភពរូបថត thethao
× លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Hoang Anh Gia Lai (HAGL) នៃក្របខណ្ឌ V.League 1 ជំនួសលោក Duong Minh Ninh។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម thethao247.vn។
លោក Duong Minh Ninh ដែលបានដឹកនាំ HAGL តាំងពីឆ្នាំ២០១៧មក មានការចាប់ផ្តើមមិនល្អសោះក្នុងរដូវកាលនេះ ដោយក្រុមដែលមានមូលដ្ឋាននៅក្រុង Pleiku ខេត្ត Gia Lai ចាញ់ដល់ទៅ៤ប្រកួតក្នុងចំណោម៦។ គ្រូវៀតណាមរូបនេះ បានសម្រេចចិត្តលាលែងក្រោយ HAGL ចាញ់ Quang Nam ៣-០ កាលពីថ្ងៃទី២១ ខែមេសា។
លោក Lee នឹងដឹកនាំជំនួបផ្លូវការរបស់ HAGL នាថ្ងៃទី២៨ ខែមេសា ខណៈពួកគេស្វាគមន៍FLC Thanh Hoa ដែលជាក្រុមបាតតារាងនាពេលបច្ចុប្បន្ន។ តាមសំដីដែលដកស្រង់ដោយ thethao247.vn លោក Lee នឹងខំប្រឹងប្រែងជាមួយសមាជិកគ្រូបង្វឹក និងក្រុមទាំងមូលដើម្បីពង្រឹងស្មារតីក្រុម ហើយនាំពួកគេសម្រេចគោលដៅនាពេលអនាគត។
លោក Lee អាយុ៥៨ឆ្នាំ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជា U23 កម្ពុជា ២លើក ចន្លោះឆ្នាំ២០១០-២០១២ និងឆ្នាំ២០១៣-២០១៧។ ក្រោយមក លោកត្រូវបានតែងតាំងជាគ្រូបង្វឹកយុវជនថ្នាលនៅសាលាបាល់ទាត់ជាតិបាទី ហើយបន្តធ្វើជាជំនួយការមិត្តរួមជាតិកូរ៉េខាងត្បូង លោក Park Hang-seo ក្នុងក្រុមជម្រើសជាតិវៀតណាម។
នៅដើមឆ្នាំ២០១៩ នេះ លោក Lee ត្រូវបានតែងតាំងជានាយកបច្ចេកទេសក្លិប HAGL ផ្ទាល់ មុននឹងមានឱកាសដឹកនាំក្រុម បន្តពីលោក Duong Minh Ninh។
HAGL មានកីឡាករមួយចំនួនដែលជាសមាជិកក្រុមជម្រើសជាតិវៀតណាម ដូចជាខ្សែការពារ A Hoang, Vu Van Thanh ខ្សែបម្រើ Phan Thanh Hau និងខ្សែប្រយុទ្ធ Dih Thanh Binh ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com