ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មកដល់ពេលនេះ​ហើយ ប្រហែល​មាន​មនុស្ស​ច្រើនណាស់​មិនបាន​ស្គាល់​អាកា​រៈ​លើសឈាម​ទេ​!!!
24, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្វី​ទៅជា​ជំងឺលើសឈាម ឬ​លើស​សម្ពាធ​ឈាម​? ការ​លើស​សម្ពាធ​ឈាម អាចមាន​ផលវិបាក​របស់​វា​ច្រើនណាស់​។ ជា​លទ្ធផល ជំងឺ​នេះ​ក៏ត្រូវ​បាន​គេ​ហៅថា​ជា ឃាតករ​ឈាម​ត្រជាក់​ដែរ​។ ភាគច្រើន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​បង្ក​ជា​រោគសញ្ញា ឬ​អាកា​រៈ​អ្វី​ទាំងអស់​។ មានន័យថា អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​មិនអាច​ដឹងថា​ខ្លួនឯង​កំពុងតែ​មានការ​ខូចខាត​ដល់​បេះដូង តម្រងនោម ភ្នែក និង​របត់​ឈាម​រត់​ឡើយ ដោយសារតែ​មិនមាន​អារម្មណ៍​អ្វី​បញ្ជាក់​ឲ្យ​ដឹង​ទេ​។ ដូច្នេះហើយ យក​ល្អ​គួរតែ​ប្រើ​វិធី​វាស់​សម្ពាធ​ឈាម​ជា​របៀប​ពិនិត្យ​សុខភាព​រាងកាយ​ប្រចាំថ្ងៃ​ផង​។



យ៉ាងណាមិញ អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម តែ​មិនទាន់មាន​ផលវិបាក​របស់​វា អាចមាន​អាកា​រៈ​ដូចជា​៖
 
•​ ​ឈឺក្បាល​
•​ ​ព្រឺ​ល​ភ្នែក​
•​ ​វិលមុខ 
•​ ​ពិបាក​ដកដង្ហើម​ជាដើម​។ 
 
​ផលវិបាក​នៃ​ការ​លើស​សម្ពាធ​ឈាម អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​នៃ​សម្ពាធ​របស់​ឈាម ព្រមទាំង​មូលហេតុ​ជំងឺ​មួយៗ​ដែល​ចូលរួម​ផងដែរ​។ ការ​លើស​សម្ពាធ​ឈាម​អាច​ប៉ះពាល់​ដល់​បេះដូង​រហូតដល់​មាន​អាកា​រៈ​៖
 
•​ ​ពិបាក​ដកដង្ហើម​
•​ ​ឈឺទ្រូង​
•​ ​គាំងបេះដូង​
 
​ការ​លើស​សម្ពាធ​ឈាម​អាចធ្វើ​ឲ្យ​ខូច​ដល់​មុខងារ​របស់​តម្រងនោម ដែលជា​ហេតុ​នាំ​ឲ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ហើមជើង និង​ចុងក្រោយ​អាច​ខ្សោយតម្រងនោម​ថែម​ទៀតផង​។ ការ​លើស​សម្ពាធ​ឈាម​អាច​ប៉ះពាល់​ដល់​ភ្នែក រហូតដល់​ខ្វាក់​បាន​។ ការ​លើស​សម្ពាធ​ឈាម​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​របត់​ឈាម​រត់ និង​បង្ក​ជាការ​ឈឺចាប់​នៅ​ជើង និង​ដាច់​សរសៃឈាម​ខួរក្បាល​ថែមទៀត​។ 
 
​សំណាង​ដែរ នៅពេល​ជំងឺ​លើស​សម្ពាធ​ឈាម​រកឃើញ​លឿន ព្យាបាល​ទាន់ពេល និង​តាមដាន​ដិតដល់ អ្នកជំងឺ​នឹង​អាច​ជៀស​ផុតពី​ផលវិបាក​ទាំងអស់​ខាងលើ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com