ជាតិ
សង្គមជាតិ
អ្នកជំនាញ​អប់រំ​៖ ដើម្បី​ឆ្លើយតប​ទីផ្សារការងារ​ក្នុងសម័យ​ឌីជីថល គ្រូ​ត្រូវ​ផ្លាស់ប្តូរ​របៀប​បង្រៀន
24, Apr 2019 , 10:01 am        
រូបភាព
​ភ្នំពេញ​៖ «​ការវិវត្ត​នៃ​វិស័យ​អប់រំ​បរិបថ​ឌីជីថល​ក្នុង​ក្របខណ្ឌ​សកល​និង​កម្ពុជា​» នា​សតវត្សរ៍​ទី​២១ ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​នៃ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​គ្រូ  របៀប​បង្រៀន របៀប​អនុវត្ត​ការងារ​របស់​គ្រូ និង​ទម្លាប់​ចាស់ៗ ដើម្បី​បង្កើត​ធនធានមនុស្ស​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​។ លោក សំ​អោ អង្គា​រតន៍  អគ្គនាយករង​នៃ​អគ្គនាយក​គោលនយោបាយ និង​ផែនការ នៃ​ក្រសួង​អប់រំ បាន​មានប្រសាសន៍ថា ដើម្បីឱ្យ​សម្រេច​បានការ​អប់រំ​បរិបថ​ឌីជីថល លុះត្រាតែ​គ្រូៗ​យល់​ពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ច្បាស់ និង​បំពេញការងារ​តាម​វិជ្ជាជីវៈ​ក្នុងនាម​ជា​គ្រូបង្រៀន​។

 
​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការវិវត្ត​នៃ​វិស័យ​អប់រំ​បរិបថ​ឌីជីថល​ក្នុង​ក្របខណ្ឌ​សកល និង​កម្ពុជា​នៅ​រដ្ឋសភា នា​ថ្ងៃទី​២២​មេសា  រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា  «​វិជ្ជាជីវៈ​គ្រូបង្រៀន​នេះ ទាល់តែ​មានការ​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ច្បាស់់លាស់ ទាល់តែ​មានការ​សិក្សា​ស្រាវជ្រាវ​ជាប្រចាំ គោរព​ម៉ោង​ពេលវេលា​ក្នុងការ​បំពេញការងារ និង​ឆន្ទៈ​ក្នុងការ​បង្រៀន​សិស្ស​ឱ្យ​ក្លាយជា​ធនធានមនុស្ស​»​។  


រូបពីក្រសួងអប់រំ​
 
​ក្រៅពី​ផ្លាស់ប្តូរ​ការបង្រៀន​រប​ស់​គ្រូ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការវិវត្ត​នៃ​វិស័យ​អប់រំ​បរិបថ​ឌីជីថល ក្នុង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែល​និយាយ​អំពី​ការអប់រំ​ដ៏​ឆ្លាត​វៃ (Smart Education) ត្រូវមាន​ការបំពាក់​ស​ម្ភា​រៈ​ទំនើបៗ ដែល​អាចឱ្យ​សិស្ស​ចាប់យក​ចំណេះដឹង​ក្នុងសម័យ​ឌីជីថល​នេះ​បាន គឺ​ត្រូវ​គិតពី​តួនាទី និង​ភាពជា​អ្នកដឹកនាំ​របស់​នាយក​សាលារៀន​នីមួយៗ​។  លោក សំ​អោ អង្គា​រតន៍  បាន​បញ្ជាក់ថា « នាយក​សាលា​គឺជា​ជន​គន្លឹះ ក្នុង​ការធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​របស់​យើង​មាន​ភាពល្អប្រសើរ​។ ព្រោះ​ប្រសិនបើ​យើង​មើលឃើញ​សាលា​មួយ​អភិវឌ្ឍ និង​សាលា​មួយទៀត​មិន​អភិវឌ្ឍ​ដែល​ទទួលបាន​ថវិកា​គាំទ្រ​ដូចគ្នា​ពី​រដ្ឋាភិបាល​។ ដូច្នេះ​យើង​អាច​ចោទសួរ​បាន តើ​ហេតុ​បាន​សាលា​អាចធ្វើ​បាន ហើយ​សាលា​មួយទៀត​មិនអាច​ធ្វើបាន​? អ៊ីចឹង​ភាពជា​អ្នកដឹកនាំ​របស់​គណៈ​គ្រប់គ្រង​របស់​នាយក​សា​លា​គឺជា​កត្តា​មួយ​កំណត់​ជា​ភាពជោគជ័យ​របស់​សាលារៀន​។ ក្នុងន័យនេះ ខ្ញុំ​ចង់​បង្ហាញថា តើ​បរិក្ខារ​សិក្សា​រូបវន្តបុគ្គល​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ត្រូវមាន​អ្វីខ្លះ​? នេះ​គ្រាន់តែ​ជា​គំនិត និង​ទស្សនទាន​មួយ ដែល​គណៈ​គ្រប់គ្រង ឬ​នាយក​សាលារៀន​មួយៗ ត្រូវ​យកទៅ​ពិចារណា ដើម្បីឱ្យ​សាលារៀន​របស់​យើង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​សតវត្សរ៍​ទី​២១​នេះ​បាន​»​។ 


លោក Goh Chor Boon ព្រឹទ្ធបុរស និងអ្នកគ្រប់គ្រងទូទៅ នៃវិទ្យាស្ថានជាតិអប់រំអន្តរជាតិសឹង្ហបុរី
 
លោក សំ​អោ អង្គា​រតន៍ បាន​ស្រង់​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ពាក់ព័ន្ធ​ទៅនឹង​ការចូលរួម​ក្នុង​សេដ្ឋកិច្ចកម្ពុជា មាន​វិស័យ​ចំនួន​១១​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ក្នុងស្រុក​។ ជាមួយគ្នានេះ ក្រសួង​អប់រំ កំពុង​គិតគូរ​លើ​បញ្ហា​នេះ ដើម្បី​ផ្តល់ឱ្យ​សិស្ស ដោយ​មិនចាំបាច់​ចូលទៅ​សិក្សា​ដល់​ថ្នាក់​បរិញ្ញាបត្រ​។ មានន័យ​ថាបើ​សិស្ស​ទាំងនោះ​អាច​សិក្សា​ចប់​ត្រឹម​ថ្នាក់​ទី​១២ គឺអាច​ចូលទៅ​ទីផ្សារការងារ​ទាំងនោះ​បាន ដោយ​ជំនាញ​ក្នុង​វិស័យ​បច្ចេកទេស​ជា​អទិភាព​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០២០ រួមមាន​៖ ជំនាញ​បច្ចេកទេស​កែច្នៃ​កសិផល​, បច្ចេកវិទ្យា Software និង Digital Contents, បច្ចេកវិទ្យា​ជីវសាស្ត្រ​, បច្ចេកវិទ្យា​វាយនភ័ណ្ឌ​, បច្ចេកវិទ្យា​វិស្វករ​កសិកម្ម និង​ជំនាញ​បច្ចេកវិទ្យា​រូបធាតុ​សម្ភារៈ​។​


លោក សំ​អោ អង្គា​រតន៍ អគ្គនាយករង​នៃ​អគ្គនាយក​គោលនយោបាយ និង​ផែនការ នៃ​ក្រសួង​អប់រំ 

​ជាមួយគ្នានេះ លោក Goh Chor Boon ព្រឹទ្ធបុរស និង​ជា​អ្នកគ្រប់គ្រង​ទូទៅ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​អន្តរជាតិ​សិង្ហ​បុរី បាន​ចែករំលែក​បទពិសោធន៍​វិស័យ​អប់រំ​ប្រទេស​ខ្លួន ដែលមាន​ការរីកចម្រើន និង​មាន​ប្រសិទ្ធិ​នោះ តាមរយៈ​ការយក​ប្រទេស​រីកចំរើន ធ្វើជា​គំរូ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ដូចជា​ប្រទេស​ជប៉ុន​ជាដើម​។​


 
​បច្ចុប្បន្ន គ្រូៗ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​សិង្ហ​បុរី បាន​ផ្លាស់ប្តូរ​ការបង្រៀន​សិស្ស ដោយ​ប្រើពេល​តិច ប៉ុន្តែ​សិស្ស រៀន​បាន​ច្រើន​។ លោក​បាន​បញ្ជាក់ថា  « ការបង្រៀន​តិច​នោះ មិន​មានន័យថា​យើង​មិន​បង្រៀន​នោះទេ ប៉ុន្តែ​យើង​បង្រៀន​ដោយមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដល់​សិស្ស ដោយ​ពុំ​ចាំបាច់​ឱ្យ​សិស្ស​ចាំតែ​ស្តាប់ និង​ធ្វើតាម​គ្រូ​នោះទេ​។ គឺ​គ្រូបង្រៀន​សិស្ស ឱ្យ​ចេះ​រំលែក​ចំណេះដឹង​គ្នា​ទៅវិញទៅមក សិស្ស​ត្រូវ​ចេះ​រៀន​គិត​ត្រិះរិះ ដោយ​អនុវត្ត​ជាក់ស្តែង​លើ​ស្ថានភាព​ជាក់ស្តែង​ក្នុងសង្គម  និង​ចេះ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ឱ្យស្រប​ទៅនឹង​សម័យ​ឌីជីថល​ទំនើប​។  បើ​មាន​បញ្ហា ឬ​មិន​យល់​វិញ​អាច​ត្រឡប់មក​សួរ​គ្រូ និង​អ្នក​នៅ​ជុំវិញខ្លួន​។ យើង​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​ចេះ​រៀន​ដោយ​ខ្លួនឯង និង​មាន​ទំនួល​ខុសត្រូវ​ប្រកបដោយ​ចំណេះដឹង​ខ្ពស់​»​។​


 
​លោក​បាន​អះអាងថា ការផ្លាស់ប្តូរ​ការបង្រៀន​របស់​គ្រូ និង​ការគ្រប់គ្រង​របស់​នាយ​ក​សាលា រួមទាំង​ការយកចិត្តទុកដាក់រ​បស់​ភាគី​ពាក់ព័ន្ធ គឺជា​ការបង្កើត និង​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​ក្នុងសម័យ​ឌីជីថល ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការងារ​សព្វ​ថៃ្ង និង​ការត្រៀម​លក្ខណៈ​ទទួលយក​ការងារ​ថ្មី​នាពេល​អនាគត​៕
 

Tag:
 អប់រំ​
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com