អន្តរជាតិ
ISIS ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ស្រីលង្កា ដែល​សម្លាប់​មនុស្ស​៣២០​នាក់​
24, Apr 2019 , 11:16 am        
រូបភាព
រូប៖ AFP
រូប៖ AFP
ដោយ:
​ក្រុម​រដ្ឋ​ឥស្លាម (ISIS) បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​បំផ្ទុះ​ជាច្រើន​ករណី​លើ​វិហារ​សាសនា​គ្រឹ​ស្ត និង​សណ្ឋាគារ​ក្នុងប្រទេស​ស្រីលង្កា ដែល​សម្លាប់​មនុស្ស​៣២០​នាក់​។ នេះ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Amaq របស់​ក្រុម​នេះ​។

 
​ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​កើតហេតុ​ការណ៍​ដ៏​អាក្រក់​នៅ​ស្រីលង្កា ដែល​សម្លាប់​ជាច្រើន​រយ​នាក់ រួមមាន ជនបរទេស និង​កូនក្មេង​ផង​នោះ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នៅ​ថ្ងៃទី ២៣ ខែមេសា បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​
 
​បើតាម​ភ្នាក់ងារ​ព័ត៌មាន Amaq ក្រុម​រដ្ឋ​ឥស្លាម​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ អម​ជាមួយ​រូបថត និង​វីដេអូ ដោយ​អះអាងថា «​ក្រុម​ប្រយុទ្ធ​» របស់ខ្លួន ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ សម្រាប់​រូបថត​នោះ គេ​ឃើញ​មាន​បុរស​៨​នាក់ ដែល​ក្នុងនោះ​៧​នា​ក់បាំងមុខ​ជិត និង​៣​នាក់​ឃើញ​មាន​កាន់​កាំបិត​។ ចំណែក​វីដេអូ បង្ហាញ​ពី​សកម្មភាព​ជនសង្ស័យ​ម្នាក់​ដើរចូល​ទៅក្នុង​វិហារ​សាសនា​គ្រឹ​ស្ត St Sebastian ក្នុង​ទីក្រុង  Negombo មុននឹង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កើតឡើង​។​
 
 
 
​កាលពី​ថ្មីៗ​នេះ រដ្ឋាភិបាល​ស្រីលង្កា ធ្លាប់បាន​អះអាងថា របាយការណ៍​បឋម​មកពី​ការស៊ើបអង្កេត បង្ហាញថា ការវាយប្រហារ​ផ្ទួនៗ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី «​វាយបក​» ទៅនឹង​ហេតុការណ៍​បាញ់សម្លាប់​រង្គាល​នៅ​វិហារ​ឥស្លាម​ចំនួន​ពីរ​កន្លែង​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់​កាលពី​ខែ​មុន​។ ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​៥០​នាក់​ស្លាប់​។ កន្លងទៅ អាជ្ញាធរ​ក្រុង​កូឡុំបូ ធ្លាប់បាន​ទម្លាក់កំហុស​លើ​ក្រុម​ឥស្លាម​ជ្រុលនិយម​ក្នុងស្រុក​ដែល​ស្គាល់​ថា National Thowheeth Jama'ath (NTJ)​។​
 
​សូមបញ្ជាក់ថា ការចេញមុខ​ទទួលខុសត្រូវ​របស់​ក្រុម​ឧទ្ទាម ISIS នេះ បាន​ធ្វើឡើង​ខណៈដែល​អាជ្ញាធរ​ស្រីលង្កា​ទទួល​សម្ពាធ​កាន់តែខ្លាំង ក្រោយ​លេច​ធ្លាយ​របាយការណ៍​មក​ថា ពួកគេ​ទទួល​ការព្រមាន​ជាច្រើនលើក​ពី​ភ្នាក់ងារ​សម្ងាត់​របស់​ឥណ្ឌា ជុំវិញ​ហេតុការណ៍​វាយប្រហារ​នេះ​។ 
 
​មន្ត្រី​ការពារជាតិ​ស្រីលង្កា​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ការព្រមាន ត្រូវបាន​ផ្ញើ​ដោយ​មន្ត្រី​ឥណ្ឌា​កាលពី​យប់​ថ្ងៃ​សៅ​រ៏ ទី​២០ ខែមេសា ពោលគឺ​មួយថ្ងៃ​មុន​កើតហេតុ​ការណ៍​វាយប្រហារ​៕
 

Tag:
 ស្រីលង្កា​
  ISIS
  ភេ​វក​ម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com