ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យពង្រឹងសន្តិសុខជាតិ ខណៈមានក្រុមទុច្ចរិតប៉ងធ្វើសកម្មភាពឧក្រិដ្ឋកម្ម
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យអាជ្ញាធររឹតបន្តឹងសន្តិសុខជាតិ នៅតាមតំបន់ភូមិសាស្ត្រមួយចំនួន ដែលក្រុមទុច្ចរិត កំពុងមានផែនការលួចធ្វើសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើតាមលិខិត ដែលចុះហត្ថលេខាដោយសម្ដេច ស ខេង កាលពីថ្ងៃទី២២ មេសា។
សម្ដេច ស ខេង ដែលទទួលបានព័ត៌មាននេះ បាននិយាយថា ក្រសួងបានកត់សម្កាល់អត្តសញ្ញាណជនទុច្ចរិតហើយ ទាក់ទងដល់ការប៉ុនប៉ងលួចលាក់ធ្វើសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន នៅតាមភូមិសាស្ត្រមួយចំនួន ដែលមានការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំង និងអាជ្ញាធររឹតបន្តឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមទីតាំងគោលដៅ និងខ្វះការប្រុងប្រយ័ត្នកន្លងមក ដោយមិនទុកឲ្យមានភាពខ្វះចន្លោះប្រហោង សម្រាប់ពួកឧក្រិដ្ឋជន ធ្វើសកម្មភាពបំផ្លិចបំផ្លាញសង្គមជាតិបានឡើយ។
លិខិតរបស់សម្ដេច ស ខេង បានសរសេរដូច្នេះថា៖«ក្រសួងមហាផ្ទៃ សូមណែនាំដល់កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចក្រោមឱវាទដែលមានការពាក់ព័ន្ធ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវឲ្យបានជាប់ជាប្រចាំ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ មានជាអាទិ៍អំពើភេរវកម្ម ការចរាចរណ៍គ្រឿងញៀនខុសច្បាប់ បទល្មើសសម្អាតប្រាក់ ការជួញដូររត់ពន្ធមនុស្ស ការជួញដូរអាវុធខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា »។
ជុំវិញករណីខាងលើនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនវិធានការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានម៉ឹងម៉ាត់នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែនទាំងទ្វេរភាគី និងអន្តរជាតិ កំពង់ផែសមុទ្រ និងតាមខ្សែបន្ទាត់ព្រំដែនជាដើម។ នៅពេលសង្ស័យមានករណីឧក្រិដ្ឋកម្មកើតឡើង ក្រុមការងារជំនាញនៃស្ថាប័ន និងអង្គភាពទាំងនោះ ត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៍ចុះបង្ក្រាបករណីទាំងនេះ។
ទាក់ទងនឹងករណីខាងលើនេះ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននៅឡើយទេ៕
Tag:
ស ខេង
ឧក្រិដ្ឋកម្ម
សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com