Shane Long ខ្សែប្រយុទ្ធក្រុម Southampton បានក្លាយជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដោយធ្វើបានត្រឹមរយៈពេល ៧,៦៩ វិនាទីប៉ុណ្ណោះនាការប្រកួតទល់នឹង Watford ក្នុងលទ្ធផល ១-១។
គ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតនេះកើតឡើងភ្លាមៗអំឡុងពេលកែបាល់ក្រោយខ្សែការពារ Hornets របស់ Watford ទាត់បាល់ឡើងមិនផុត Long ហើយខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់រូបនេះបណ្តើបាល់កាត់មុខខ្សែការពារ Craig Cathcart ហើយទាត់រំលងអ្នកចាំទី Ben Foster ដើម្បីសម្រេចទី។
គ្រាប់បាល់របស់ Long នេះបានបំបែកកំណត់ត្រាអ្នករកគ្រាប់បាល់ស៊ុតបញ្ជូលទីលឿនបំផុតរបស់អតីតខ្សែការពារ Tottenham Hotspur លោក Ledley King ដែលធ្វើបានតាំងពីវ័យ១៩ឆ្នាំ។ King ដែលសព្វថ្ងៃមានវ័យ៣៨ឆ្នាំបានប្រើពេល ៩,៨២វិនាទីដើម្បីសម្រេចទីក្រុម Bradford កាលពីខែធ្នូ ឆ្នាំ២០០០។
បន្ទាប់ពីសម្រេចបានគ្រាប់បាល់ជាកំណត់ត្រានេះ Long សារភាពថាពិតជាមិនជឿថាខ្លួនអាចអ្វើបាន។ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ដែលទទួលបានកំណត់ត្រាថ្មីនេះ។ វាមិនគួរឲ្យជឿទេសម្រាប់ខ្ញុំ ដែលអាចធ្វើវាបាន»។
បើទោះមិនអាចរកជ័យជម្នះឲ្យក្រុមក្តី ប៉ុន្តែលទ្ធផលត្រឹមស្មើគ្នា ១-១ ជាមួយ Watford បានធ្វើឲ្យក្រុម Southampton រកបាន១ពិបន្ទុដែរដើម្បីធានាសុវត្ថិភាពពីតំបន់ត្រួវកាត់ចោល។ Southampton ដែលមានលោក Ralph Hasenhüttl ជាអ្នកចាត់ការ ស្ថិតនៅចំណាត់ថ្នាក់ទី១៦ ក្នុងតារាង Premier League បណ្តោះអាសន្ន មាន៣៧ពិន្ទុ ក្នុង៣៥ប្រកួត ដោយនៅពីលើក្រុមក្នុងតំបន់គ្រោះថ្នាក់ Cardiff City ៦ពិន្ទុ ខណៈនៅសល់៣ប្រកួតទៀតត្រូវបិទបញ្ជប់រដូវកាល ២០១៨-១៩នេះ៕