ជាតិ
សង្គមជាតិ
ចាប់​យោធា​ផ្កាយ​១ និង​ភរិយា ដោយ​សង្ស័យថា​បោក​លុយ​ពលរដ្ឋ​នៅ​កំពង់ធំ
24, Apr 2019 , 1:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាប់​យោធា​ផ្កាយ​១​ម្នាក់​ឈ្មោះ លោក ឃួន សុវណ្ណ និង​ភរិយា កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩​។ ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្លាំង​កងរាជអាវុធហត្ថ បាន​បញ្ជូន​អ្នក​ទាំង​២ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​តុលាការយោធា​រួចហើយ ដើម្បី​សាកសួរ​និង​ចាត់​ការបន្ត​តាម​នីតិវិធី​។


 
​អ្នកនាំពាក្យ​រូបនេះ មិនអាច​និយាយ​អ្វី​ច្រើន​នោះទេ ដោយ​លើក​ហេតុផល​ថា សំណុំរឿង​បាន​ផុតពី​ដៃ​របស់​កងរាជអាវុធហត្ថ​ហើយ។ ​ម្យ៉ាងទៀត ក៏​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការរក្សា​ការសម្ងាត់​ផងដែរ​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានទទួល​ព័ត៌មាន​ពី​ការចាប់​លោក ឃួន សុវណ្ណ តែ​ថា គេ​ចាប់​ដោយសារ​រឿង​អ្វី​នោះ លោក មិនបាន​ដឹង​ឡើយ​។ 
 
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​១៨​នាក់ ក្នុងស្រុក​បារាយ ខេត្តកំពង់ធំ បាន​សរសេរ​ឈ្មោះ​របស់​ពួកគេ លើ​ក្រដាស​មួយសន្លឹក ហើយ​បញ្ជាក់ថា​ពួកគេ បាន​ចាញ់បោក​លោក ឃួន សុវណ្ណ និង ភរិយា​។ បើតាម​ក្រដាសស្នាម​នោះ ប្រជាពលរដ្ឋ​ទាំង​១៨​នាក់​ បាន​បូក​សរុបថ​វិកា​ចូលគ្នា ​មាន​ចំនួន​ដល់​ទៅជិត​១0​ម៉ឺន​ដុល្លារ​ឯណោះ ដែល​ចាញ់បោក​ប្តី​-​ប្រពន្ធ​នេះ​។   
 
​ប្រជាពលរដ្ឋ​ទាំងនោះ បាន​ចំណាយលុយ​ទៅលើ​អ្នក​ទាំងពីរ ដើម្បី​ឲ្យ​ជួយ​រត់ការ​ឲ្យ​កូនចៅ​របស់​ពួកគេ បាន​ចូលធ្វើការ​ជា​នគរបាល ទាហាន និង​កងរាជអាវុធហត្ថជាដើម​៕


Tag:
 តុលាការយោធា​
  បទល្មើស​យោធា​
  ឃួន សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com