វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សុខភាព
អន្តរជាតិ
ក្រុម​អ្នកជំនាញ​រៀបរាប់​អត្ថប្រយោជន៍​បញ្ញា​និម្មិត​ក្នុង​វិបត្តិ​សុខភាព​ពិភពលោក​
24, Apr 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ វិស័យ​សុខភាព​ពិភពលោក ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត​កំពុង​ទទួលបាន​ការផ្លាស់​ប្ដូរ​ជាច្រើន ដោយសារ​បច្ចេកវិទ្យា​បញ្ញា​និម្មិត ឬ Artificial Intelligence ហៅ​កាត់​ថា AI​។ ការផ្លាស់ប្តូរ​ទាំងនេះ បង្ក​ឲ្យ​មាន​ទាំង​ឱកាស​វិជ្ជមាន ទាំង​ការព្រួយបារម្ភ​នានា​។ កាលពីដើម​ខែមេសា​ឆ្នាំ​២០១៩ ទីភ្នាក់ងារ​អាមេរិក​ស​ម្រា​ប់​ការអភិវឌ្ឍ​អន្តរជាតិ USAID បានដាក់​ផ្សាយ​របាយការណ៍​ពិសេស​របស់ខ្លួន​ស្តីអំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​ត្រឹមត្រូវ ក្នុង​វិស័យ​សុខភាព​ពិភពលោក ហើយ​បាន​អញ្ជើញ​ក្រុម​អ្នកជំនាញ​បានមក​ជួបពិភាក្សា​អំពី​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នេះ នៅឯ​វិទ្យាស្ថាន Aspen ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។

 
​រាប់​តាំង​ការជួយ​ផ្តល់ព័ត៌មាន​ដល់​វេជ្ជបណ្ឌិត​សម្រាប់ធ្វើ​រោគវិនិច្ឆ័យ រហូតដល់​ការជួយ​ទប់​ស្តា​ត់​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺឆ្លង បច្ចេកវិទ្យា​បញ្ញា​និម្មិត ឬ Artificial Intelligence ហៅ​កាត់​ថា AI នាំមក​នូវ​ការរំភើប ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិស័យ​សុខភាព​ពិភពលោក ខណៈពេលដែល​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នេះ បង្ករ​ឲ្យ​មានការ​ព្រួយបារម្ភ​ទាក់ទង​និង​បញ្ហា​ឯកជន​ភាព និង​ការការពារ​ទិន្នន័យ​សុខភាព​ផ្ទាល់ខ្លួន​របស់​អ្នកជំងឺ​។ នេះ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​បាន​មកជួប​ពិភាក្សាគ្នា​នៅ​វិទ្យាស្ថាន Aspen ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១​ខែមេសា​។​
 
​កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​សម្ពោធ​ការចេញផ្សាយ​របាយការណ៍​ពិសេស​របស់​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID ស្ដីអំពី​ការស្វែងរក​ករណី​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​ត្រឹមត្រូវ ក្នុង​វិស័យ​សុខភាព​ពិភពលោក​។ ក្រុម​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ទាំងនេះ បាន​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​វិភាគ ប្រព័ន្ធ​ព្យាករណ៍ និង​ប្រព័ន្ធ​ផ្ត​ស់​អនុសាសន៍​របស់​បច្ចេក​វិទ្យា​បញ្ញា​និម្មិត AI ដើម្បី​ប៉ុនប៉ង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​សុខភាព​ពិភពលោក​នានា​។​
 
​យ៉ាងណាក្ដី បើទោះបីជា​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ផ្តល់​លទ្ធភាព​ថ្មីៗ​ជាច្រើន​ក៏ដោយ ក៏​ក្រុម​អ្នកជំនាញ​បាន​សង្កត់ធ្ងន់ថា បច្ចេកវិទ្យា​នេះ​ក៏ដូចជា​បច្ចេកវិទ្យា​គ្រប់​ប្រភេទ​ដទៃទៀត​ផងដែរ នឹងមិន​ក្លាយជា​ថ្នាំ​ទិព្វ​ដែល​អាច​ដោះស្រាយ​រាល់​បញ្ហា​នៅក្នុង​វិស័យ​សុខភាព​ពិភពលោក​នោះទេ​។ ផ្ទុយទៅវិញ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែលមាន​អនុភាព​ដ៏​ខ្លាំង​នេះ នឹង​ជួយ​សម្រួល​ដំណើរការ​ផ្សេងៗ​នៅក្នុង​កិច្ចការងារ​ថែទាំ​សុខភាព​។​


ក្រុមអ្នកជំនាញ​ការ​បាន​ពិភាក្សា​គ្នា​អំពី​ករណី​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញានិម្មិត AI នៅក្នុង​វិស័យ​សុខភាព​ពិភពលោក​នៅ​វិទ្យាស្ថាន Aspen ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០១៩។ ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក Mark Peterson មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​មូលនិធិ Bill & Melinda Gates។ លោកស្រី Adele Waugaman ទីប្រឹក្សា​សុខភាព​ឌីជីថល​ជាន់​ខ្ពស់​មជ្ឈមណ្ឌល​នៃ​ការច្នៃប្រឌិត​និង​ផលប៉ះពាល់​របស់​ទីភ្នាក់ងារ USAID។ លោក Sunil Wadhwani ស្ថាបនិក​មូលនិធិ WISH។ លោក Saurabh Johri ប្រធាន​ផ្នែក​វិទ្យាសាស្រ្ត​នៃ​ក្រុមហ៊ុន Babylon Health។ លោក Jay Komarneni ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Human Diagnosis Project។ លោកស្រី Wendy Taylor សមាជិក​មូលនិធិ Rockefeller (អ្នកសម្របសម្រួល)។ (ចាប ចិត្រា/VOA)
 
​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​
​លោក Sunil Wathwani ដែល​បាន​បង្កើត​មូលនិធិ Wadhwani សម្រាប់​ការថែទាំ​សុខភាព​ប្រកបដោយ​និរន្តរភាព ឬ Wadhwani Initiative for Sustainable Healthcare នៅ​ប្រទេស​ឥណ្ឌា និយាយថា​លោក​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើន​គុណភាព​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​ក្រី​ក្របី​ពាន់​លាន​នាក់​ដែល​រងគ្រោះ​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​មិនល្អ​។​
 
​លោក Sunil Wathwani ថ្លែងប្រាប់ VOA ថា​៖
 
​​«​ដោយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដោយ​ប្រើប្រាស់​ក្បួន​ដោះស្រាយ ឬ Algorithms ផ្អែកលើ បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដោយ​ប្រើប្រាស់​ឧបករណ៍​ចាប់​សំឡេង​ប្រេកង់​ទាប​ឬ Ultrasound ហើយដោយ​ពិនិត្យ​លើ​កត្តា​ហានិភ័យ​មួយចំនួន​ដែល​ស្ត្រី​ផ្សេងគ្នា​អាចមាន យើង​អាច​កំណត់​បាន​ថា​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​រាប់លាន​នាក់​នេះ តើ​ស្ត្រី​រូប​ណា​អាច​ជួប​ការលំបាក​ក្នុងការ​មាន​ផ្ទៃពោះ​។ ហើយ​ក្នុងចំណោម​ស្ត្រី​មាន​ស្ថានភាព​ផ្ទៃពោះ​លំបាក​នេះ តើ​យើង​ត្រូវ​ចាត់វិធានការ​អន្តរាគមន៍​ត្រឹមត្រូវ​អ្វីខ្លះ ដើម្បី​ធានាថា យើង​ការពារ​ជីវិត​របស់​ម្ដាយ​និង​ទារក​»​។​
 
​ស្ថាបនិក​នៃ​មូលនិធិ​ដើម្បី​ការថែទាំ​សុខភាព​សម្រាប់​ជនក្រីក្រ​នេះ ក៏​ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ទៅដល់​វិធីសាស្ត្រ​តាមដាន​ជំងឺ​រាតត្បាត ដែល​អាច​ផ្ដល់ព័ត៌មាន​កាន់តែ​ល្អ ដើម្បី​ព្យាករណ៍​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺឆ្លង​ផងដែរ​។​
 
​ស្ថាបនិក Sunil Wathwani និយាយ​បន្តថា​៖
 
«​ជំងឺឆ្លង​ដ៏​សាហាវ​បំផុត​នៅក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ជំងឺរបេង​។ វា​សម្លាប់​មនុស្ស​ជិត​ពីរលាន​នាក់​ជា​រៀងរាល់ឆ្នាំ ច្រើនជាង​ជំងឺគ្រុនចាញ់​និង​ជំងឺអេដស៍​បូក​បញ្ចូល​គ្នា​ទៅទៀត​។ នៅ​វិទ្យាស្ថាន​របស់​យើង យើង​កំពុង​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​អាច​រកឃើញ​មេរោគ​របេង​ក្នុង​ខ្លួន​អ្នកជំងឺ​កាន់តែ​ឆាប់ ដូច្នេះ​ការព្យាបាល​ដែលមាន​ប្រសិទ្ធភាព​អាច​ត្រូវ​បានផ្ដល់​ឲ្យ​ទាន់ពេលវេលា​។ យើង​ក៏​កំពុង​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​ព្យាករណ៍​ថា តើ​អ្នកជំងឺ​ណាខ្លះ​អាច​នឹង​ឈប់​ទទួលបាន​ការព្យាបាល​នោះ ដូច្នេះហើយ​យើង​អាចធ្វើ​អន្តរាគមន៍​ជា​មុ​ន‍​»​។​
 
​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដូចជា ក្រុមហ៊ុន Babylon Health ក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើត​គ្រូពេទ្យ​នៅក្នុង​ហោប៉ៅ​សម្រាប់​ផ្ដល់​ឲ្យ​អ្នកជំងឺ​ទទួលបាន​ព័ត៌មាន​កាន់តែ​ងាយស្រួល​និង​ឆាប់រហ័ស ដើម្បី​ណែនាំ​ដល់​ការថែទាំ​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ បើទោះបីជា​ពួកគេ​រស់នៅក្នុង​ទីតាំង​ដាច់ស្រយាល​បំផុត​ក៏ដោយ​។​
 
​លោក Saurabh Johri ប្រធាន​អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន Babylon Health ពន្យល់​ប្រាប់ VOA ថា​៖
 
«​ប្រសិនបើ​អ្នក​ឈឺ​ដោយមាន​អាការរោគ​មួយចំនួន រ៉ូ​បត់​សន្ទនា ឬ Chatbots ផ្អែកលើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI របស់​យើង​អាច​សាកសួរ​អ្នក​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​និង​ស្វែងយល់​ពី​អាការរោគ​របស់​អ្នក​។ ដោយ​ផ្អែកលើ​ទិន្នន័យ​សាកសួរ​នេះ រ៉ូ​បត់​សន្ទនា​អាច​ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ដោយ​ប្រាប់​អ្នក​ថា «​អូ អាការ​អ្នក​គឺ​ធ្ងន់ធ្ងរ​។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ទូទៅ ឬ​អ្នក​ថែទាំ​សុខភាព​ប្រចាំ​គ្រួសារ ឬ​អ្នក​គួរតែ​ទៅ​មន្ទីរ​សង្គ្រោះបន្ទាន់​។ ហើយ​លើសពីនេះ យើង​កំពុងធ្វើការ​ព្យាករណ៍​អំពី​ហានិភ័យ​យូរអង្វែង​របស់​អ្នកប្រើប្រាស់​ពាក់ព័ន្ធ​និង​ជំងឺ​រ៉ាំរ៉ៃ​នា​ន‍ា​»​។​
 
​បណ្ដុំ​ទិន្នន័យ​សុខភាព​បង្កើត​ដោយ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI
​យ៉ាងណាមិញ បើទោះបី​ជាមាន​និន្នាការ​គិត​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI សម្រាប់​ការអនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ទាក់ទង​នឹង​ការព្យាបាល​អ្នកជំងឺ​ផ្ទាល់​និង​ការណ៍​ដែល​អ្នកជំងឺ​អាចទាក់ទង​ជាមួយ​វេជ្ជបណ្ឌិត​និម្មិត​ក៏ដោយ ក៏​មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​នៃ មូលនិធិ Bill & Merlinda Gates គឺ​លោក Mark Peterson បាន​និយាយថា​ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​សុខាភិបាល​ដោយ​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ក៏​ជា​ផ្នែក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដែរ​។ ហើយ​លោក Mark Peterson បន្តថា​មូលនិធិ Bill & Merlinda Gates ក៏​ត្រៀមខ្លួន​ផ្ដល់​ថវិកា​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​សុខាភិបាល​នេះ​ផងដែរ​។​
 
​លោក Peterson ថ្លែងថា​៖
 
«​ឧទាហរណ៍​ដូចជា​ការប្រើប្រាស់​បច្ចេក​វិទ្យា​ម៉ាស៊ីន​ចេះ​រៀន Machine Learning ដើម្បី​កត់ត្រា​ទិន្នន័យ​សុខភាព​ជា​ឌីជីថល​»​។​
 
​លោក Peterson ពន្យល់​បន្ថែមទៀតថា​៖
 
«​កម្មវិធី​មួយ​ដែល​មូលនិធិ Bill & Merlinda Gates ផ្តល់​ថវិកា​វិនិយោគ ប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន Machine Learning ឲ្យ​ពិនិត្យ​រូបភាព​ផ្កាយរណប​ដើម្បី​ទទួលបាន​ការប៉ាន់ប្រមាណ​យ៉ាង​លម្អិត​អំពី​ចំនួន​ប្រជាជន​នៅ​តំបន់​ណាមួយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ដឹងថា​តើ​អ្នក​គួរ​បញ្ជូន​ថ្នាំ​វ៉ាក់សាំង​ចំនួន​ប៉ុន្មាន​ទៅកាន់​ភូមិ​ណាមួយ ប៉ុន្តែ​ប្រទេស​នោះ​មិន​បានធ្វើ​ជំរឿន​អស់​រយៈពេល ២០​ឆ្នាំ​ហើយ​នោះ អ្នក​អាច​ចាប់ផ្ដើម​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI និង​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន Machine Learning ដើម្បី​ទទួល​ទិន្នន័យ​អំពី​ចំនួន​ប្រជាជន​ក្នុងភូមិ​នោះ​កាន់តែ​ច្បា​ស‍់​»​។​
 
​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើត​បណ្ដុំ​ទិន្នន័យ​វេជ្ជសាស្ត្រ​គឺមាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​ចំណេះដឹង​របស់​បុគ្គលិក​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន Human Diagnosis Project បាន​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​មួយ​ដែល​គ្រូពេទ្យ​និង​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​ដទៃទៀត​ចំនួន​ពីរម៉ឺន​នាក់​មកពី​បណ្ដា​ប្រទេស​ប្រហែល​៨០ បាន​ចូលរួមចំណែក​ផ្ដល់​ទិន្នន័យ នៅពេល​ពួកគេ​បង្កើត​និង​ដោះស្រាយ​ករណី​ព្យាបាល​នានា​។​
 
​លោក Jay Komarneni ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Human Diagnosis Project និយាយថា​៖
 
«​អ្វីដែល​ពិត​មាន​ឥទ្ធិពល​ខ្លាំង​គឺថា​នៅពេលដែល​គ្រូពេទ្យ​កំពុង​ដោះស្រាយ​ករណី​ព្យាបាល ទាំងនេះ យើង​កំពុង​បង្កើត​បណ្ដុំ​ទិន្នន័យ​ដែលមាន​បរិមាណ​ធំ​សម្រាប់​ការវែកញែក​ហេតុផល​ខាង​ការព្យាបាល​ជា​លើកដំបូង​មួយ​»​។​
 
​ការគំរាមកំហែង​ដល់​ឯកជន​ភាព​
 
​ក៏ប៉ុន្តែ​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើត​បណ្ដុំ​ទិន្នន័យ​វេជ្ជសាស្ត្រ គឺ​ចាំបាច់​ត្រូវ​ប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​វេជ្ជសាស្ត្រ​ផ្ទាល់ខ្លួន​របស់​អ្នកជំងឺ​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ក្រុម​អ្នកជំនាញ​បាន​យល់ស្រប​ថា​ការបង្កើត​បណ្ដុំ​ទិន្នន័យ​វេជ្ជសាស្ត្រដោយ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នេះ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​នានា​ដែល​បានលើកឡើង​ក្នុងអំឡុងពេល​កិច្ចពិភាក្សា​អំពី​ការគំរាមកំហែង​ដល់​ឯកជន​ភាព ឬ​ទិន្នន័យ​ផ្ទាល់ខ្លួន​យ៉ាងធ្ងន់ធ្ងរ​។​
 
​អ្នកចូលរួម​ស្ដាប់​កិច្ចពិភាក្សា​គឺ​យុវជន Neillan Baptiste បាន​ថ្លែង​ក្នុងពេល​សាកសួរ​ទៅកាន់​ក្រុម​អ្នកជំនាញ​អំពី​ការព្រួយបារម្ភ​ចំពោះ​ការកេងប្រវ័ញ្ច​លើ​ទិន្នន័យ​សុខភាព​ផ្ទាល់ខ្លួន​របស់​អ្នកជំងឺ​ថា​៖
 
«​ប្រសិនបើ​អ្នក​គ្រាន់តែ​យក​ទិន្នន័យ​របស់​មនុស្ស​ទាំង​នេះហើយ​បញ្ជូន​វា​ទៅ​ក្រុមហ៊ុន​ក្រៅប្រទេស​នោះ តើ​ពួកគេ​គ្រាន់តែ​ជា​ផលិតផល​បញ្ចប់​ឬ​គ្រាន់តែ​ជាការ​វិនិយោគ​របស់​វិនិយោគិន​មែន​ទេ​? នេះ​អាច​និយាយបានថា​ជា​ការមិន​ចាត់ទុក​ពួកគេ​ជាម​នុស្ស​នោះទេ​។ ពិតមែន​ហើយ យើង​ផ្តល់​ការថែទាំ​សុខភាព​ឲ្យ​ពួកគេ ហើយ​ជាក់ស្តែង​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ ពួកគេ​ត្រូវមាន​លទ្ធភាព​ទទួលបាន​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ពួកគេ​ត្រូវមាន​សិទ្ធិ​សម្រេច​ធំ​បំផុត​ក្នុង​ការយក​ទិន្នន័យ​របស់​ពួកគេ​ទៅប្រើ​ប្រាស់​លើ​អ្វី​មួ​យ‍​»​។​
 
​របាយការណ៍ ៤០​ទំព័រ​ស្តីពី​ការកំណត់​ទិសដៅ​រួម​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នៅក្នុង​វិស័យ​សុខភាព​ពិភពលោក បាន​រៀបរាងឡើង​ដោយ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID ដោយ​សហការ​ជាមួយ​មូលនិធិ Rockefeller និង​មូលនិធិ Bill & Merlinda Gates​។ របាយការណ៍​នេះ​បង្ហាញ​ពី​សក្ដានុពល​ដ៏​មាន​ឥទ្ធិពល​របស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ក្នុង​ការកែលំអ​ការថែទាំ​សុខភាព​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅក្នុង​សហគមន៍​ក្រីក្រ​និង​ដាច់ស្រយាល​។ ប៉ុន្តែ​ទិសដៅ​រួម​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI គឺ​៖ បន្ត​ប្រើប្រាស់​ដោយ​ក្ដី​ប្រុងប្រយ័ត្ន​។​
 
​អ្នកស្រី Wendy Taylor សមាជិក​នៃ​មូលនិធិ Rockefeller ថ្លែងថា​៖
 
«​សូម​ធានា​ឲ្យ​បាន​ថា​យើង​ធ្វើ​កិច្ចការ​នេះ​បានល្អ​។ យើង​ត្រូវមាន​ផ្នត់គំនិត​ថា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​ផ្ដោតលើ​យុត្តិធម៌​សង្គម​នៅក្នុង​ការប្រើប្រាស់​ទិន្នន័យ​សុខភាព​របស់​អ្នកជំងឺ​ប្រកបដោយ​ប្រសិទ្ធភាព​និង​សីលធម៌​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com