អន្តរជាតិ
ប្រធានាធិបតី​ស្រីលង្កា ប្រកាស​រុះរើ​ក្បាលម៉ាស៊ីន​អង្គភាព​ប៉ូលិស​និង​កម្លាំង​សន្តិសុខ​
24, Apr 2019 , 3:14 pm        
រូបភាព
ប្រធានាធិបតីស្រីលង្កា Maithripala Sirisena (ឆ្វេង) និងនាយករដ្ឋមន្រ្តី Ranil Wickremesinghe (ស្ដាំ)។ (រូបភាព AFP)
ប្រធានាធិបតីស្រីលង្កា Maithripala Sirisena (ឆ្វេង) និងនាយករដ្ឋមន្រ្តី Ranil Wickremesinghe (ស្ដាំ)។ (រូបភាព AFP)
​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena នៅ​ថ្ងៃទី​២៣ ខែមេសា បានប្រកាស​ផែនការ​រុះរើ​ស្ថាប័ន​ប៉ូលិស និង​កម្លាំង​សន្តិសុខ​ជាតិ ដែល​កំពុង​រង​ការរិះគន់​ខ្លាំង​ជុំវិញ​ហេតុការណ៍​វាយប្រហារ​ដែល​សម្លាប់​ម​នុស្ស​ច្រើនជាង​៣០០​នាក់​ទៅហើយ​។ រង​ការរិះគន់​ខ្លាំង ក៏​ព្រោះតែ​ប៉ូលិស​ទទួលបាន​ការព្រមាន​ទុក​មុន​ពី​គម្រោង​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃទី​២១ ខែមេសា ប៉ុន្តែ​មិនមាន​ចំណាត់ការ​ទប់ស្កាត់​អ្វី​ទៅវិញ​។ ក្រុម​រដ្ឋ​ឥស្លាម ចេញមុខ​ទទួលខុសត្រូវ​ការវាយប្រហា​រ​នេះ​។​

 
​ក្បាលម៉ាស៊ីន​ដឹកនាំ​យោធា នឹងត្រូវ​ផ្លាស់ប្ដូរ​ក្នុងពេល​២៤​ម៉ោង ហើយ​រចនាសម្ព័ន្ធ​អង្គភាព​ប៉ូលិស និង​កម្លាំង​សន្តិសុខ នឹងត្រូវ​រុះរើ​ទាំងស្រុង​ឲ្យ​ស្រេចបាច់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena បន្ទាប់ពី​ការវាយប្រហារ​នៅតាម​វិហារ​គ្រិស្តសាសនា និង​សណ្ឋាគារ​ល្បីឈ្មោះ​ដែល​បានសម្លាប់​មនុស្ស​ច្រើនជាង​៣០០​រយ​នាក់ និង​ជា​៥០០​នាក់​ទៀត​រងរបួស​។​
 
​ការរុះរើ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​រាយការណ៍​ជាច្រើន​ជុំវិញ​អសកម្ម​ភាព​របស់​ប៉ូលិស​ដែល​ដឹង​ពី​គម្រោង​វាយប្រហារ​នេះ តែ​មិន​បានធ្វើ​អ្វី​សោះ​។ ទាំង​លោក​ប្រធានាធិបតី Sirisena ទាំង​នាយករដ្ឋមន្ត្រី​លោក Ranil Wickremesinghe សុទ្ធតែ​អះអាងថា ប៉ូលិស​ស្រីលង្កា​បានដឹង​មុន​ពី​លទ្ធភាព​នៃ​ការវាយប្រហារ​នៅ​ថ្ងៃទី​២១ ខែមេសា ប៉ុន្តែ​ពួកលោក​បែរជា​មិន​ទទួលបាន​ការជូនដំណឹង​អ្វី​សោះ​ទៅវិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លើសពីនោះ លោក Sirisena ក៏​បង្ហើប​ដែរ​ថា មន្ត្រី​ចារកម្ម​ស្រីលង្កា​ទទួលបាន​ព័ត៌មាន​ពី​ការវាយប្រហារ​នេះ​ពី​ដៃគូ​បរទេស​របស់ខ្លួន ប៉ុន្តែ​លោក​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​ឡើយ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ប្រទេស​ដែល​ចែករំលែក​ព័ត៌មាន​ស​ម្ងា​ត​នោះ គឺ​ឥណ្ឌា​ដែលជា​អ្នកជិតខាង​ស្រីលង្កា​ផ្ទាល់​។ បើតាម​ប្រភពព័ត៌មាន​ដដែល​នេះ ឥណ្ឌា​បាន​ជូនដំណឹង​ចំនួន​ពីរ​ម៉ោង​មុន​ការវាយប្រហារ​កើតឡើង​។​
 
​ការមិនចុះសម្រុង​រវាង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​នៅ​ស្រីលង្កា ទំនងជា​មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​នឹង​ហេតុការណ៍​នេះ​។ ទោះ​ដឹកនាំ​ប្រទេស​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​ដូចគ្នា​មែន លោក Sirisena និង​លោក Wickremesinghe មិន​ស៊ី​ខ្សែ​គ្នា​ឡើយ ព្រោះ​តែមាន​ជម្លោះ​នយោបាយ​។ កាល​ខែតុលា ឆ្នាំ​២០១៨ លោក Sirisena បាន​បញ្ឈប់​លោក Wickremesinghe ពី​តំណែង​នាយករដ្ឋមន្ត្រី មុនពេល​ប្រគល់​ឲ្យ​វិញ​ក្រោម​សម្ពាធ​ពី​តុលាការ​កំពូល​។ 
 
​បច្ចុប្បន្ន លោក Sirisena កាន់តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌ និង​ច្បាប់ និង​សណ្ដាប់ធ្នាប់​ដែល​គ្រប់គ្រង​ស្ថាប័ន​ប៉ូលិស​។ ទំនង​បែបនេះ ទើប​ប៉ូលិស​មិន​ជូនដំណឹង​ព្រមាន​អ្វី​ទៅ​ឲ្យ​លោក Wickremesinghe ។ យ៉ាងណាមិញ លោក Sirisena បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ដើម្បី​រក​មូលហេតុ​ឲ្យ​ច្បាស់​៕ 
 

Tag:
 ស្រីលង្កា​
  Maithripala Sirisena
  Ranil Wickremesinghe
© រក្សាសិទ្ធិដោយ thmeythmey.com