ភ្លើង​ដាច់​ញឹក តែ​គីឡូ​ឡើង​...? វិក្កយបត្រ​អគ្គិសនី​ត្រូវ​បាន​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​
ជាតិ
សេដ្ឋកិច្ច
ភ្លើង​ដាច់​ញឹក តែ​គីឡូ​ឡើង​...? វិក្កយបត្រ​អគ្គិសនី​ត្រូវ​បាន​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​
24, Apr 2019 , 3:33 pm        
រូបភាព
ភ្នំពេញ​៖  នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អគ្គិសនី​កម្ពុជា (EDC) បានចេញ​វិក្កយបត្រ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ប្រចាំខែ ប៉ុន្តែ​អ្នកប្រើប្រាស់​មួយចំនួន​ស្រងាកចិត្ត​យ៉ាងខ្លាំង ដោយ​ពួកគេ​ត្រូវ​ចំណាយ​ច្រើនជាង​មុន ខណៈ​ភ្លើង​បន្ត​រអាក់រអួល​ឥតឈប់ឈ​រ​។



«​ភ្លើង​ដាច់​ចុះ​ដាច់​ឡើង រាល់ដង​តែ​៣០​ម៉ឺន​ទេ តែ​ដល់ពេល​ដាច់​ញឹក បែរជា​អស់​ដល់​៤៤​ម៉ឺន​ទៅវិញ​»​។ នេះ​ជាការ​ត្អូញត្អែ​របស់​អ្នកប្រើប្រាស់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បង្ហោះ​ភ្ជាប់​ជាមួយនឹង​វិក្កយបត្រ​របស់ខ្លួន​។ អ្នកចូលរួម​យោបល់​ក្នុង status ក៏បាន​បង្ហាញ​ពី​ករណី​ដូចគ្នា នៅផ្ទះ​របស់​ពួកគេ​ផងដែរ​។

«​ភ្លើង​ដាច់​ម្តង​ព្រឹក​-​ម្តង​ល្ងាច ដល់​ក្រដាស​ភ្លើង​មកដល់​គឺ​គីឡូ​ឡើង​ខ្លាំង​ជាង​កាល​ភ្លើង​អត់​ដាច់​ទៅទៀត​!» «​ភ្លើង ដាច់​មួយថ្ងៃ​៥​ម៉ោង តែ​គីឡូ​ភ្លើង​ឡើង​ខុសពី​ខែ​មុន​ច្រើន​!», «​ភ្លើង​ដាច់​ពេល​ថ្ងៃ​មិន​អស់ចិត្ត មក​យប់​ពេល​២-៣​ទៀត  ដល់​មក​មើ​ញ​គីឡូ​ភ្លើង​ឡើង​កប់​!» «​គ្មាន​ភ្លើង​ប្រើ​ហើយ បែរជា​គីឡូ​ភ្លើង​ឡើងទៅ​វិញ​»​។ ទាំងនេះ ជាការ​លើកឡើង​ប្រហាក់ប្រហែលគ្នា​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដោយ​មិន​ភ្លេច​បង្ហោះ​ភ្ជាប់​ជាមួយ​វិក្កយបត្រ​ភ្លើង​របស់ខ្លួន​នោះឡើយ​។

​តើ​មកពី​មូលហេតុ​អ្វី​? សារព័ត៌មាន ThmeyThmey ក៏​មិនដឹង​មូលហេតុ​ពិតប្រាកដ​នោះដែរ ដោយ​មិនអាច​ភ្ជាប់​ទំនាក់ទំនង​ទៅ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) ដើម្បី​បំភ្លឺ​បាន រីឯ​លោក វិចទ័រ ហ្សូ​នា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថា លោក​កំពុង​ជាប់​ប្រជុំ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមេសា​។​

​ការ​ត្អូញត្អែរ​នៅលើ​បណ្តាញ​សង្គម នឹងមិន​ទទួលបាន​នូវ​ដំណោះស្រាយ​ឡើយ​។ នេះ​ជា​លក្ខខណ្ឌ​របស់​អគ្គិសនី​កម្ពុជា ដែល​សរសេរ​ភ្ជាប់​ទៅលើ​វិក្កយបត្រ​។ EDC បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​អ្នកប្រើប្រាស់​មាន​ចម្ងល់ ឬ​ចង់​តវ៉ា សូម​ទាក់ទង​ផ្ទាល់​ជាមួយ​ភ្នាក់ងារ​ទទួលខុសត្រូវ​របស់​សាខា​។ អគ្គីសនី​កម្ពុជា​រក្សា​សិទ្ធិ​មិន​ដោះស្រាយ​ជូន​តាមរយៈ​ការ​បង្ហោះ​បញ្ហា​លើ​ប្រព័ន្ធ​សារព័ត៌មាន​សង្គម​ជា​លក្ខណៈ​បុគ្គល​នោះទេ​»​។​



EDC បាន​សង្កត់ធ្ងន់​ផងដែរ​ថា​៖ «​អ្នក​ចុះផ្សាយ​មិនមាន​ការទទួលខុសត្រូវ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​របស់​អគ្គិសនី​កម្ពុជា​អាច​ប្រឈម​មុខជា​មួយច្បាប់​ពាក់ព័ន្ធ​ជា​ធរមាន​»៕


Tag:
 អគ្គិសនី​
  EDC
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម