ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ស្នើ​ឲ្យ​អាស៊ាន​គាំទ្រ​ខ្លួន​នៅ WTO តប​ករណី​សហភាព​អឺរ៉ុប​យកពន្ធ​អង្ករ​
24, Apr 2019 , 7:19 pm        
រូបភាព
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម(រូបពីក្រសួង)
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម(រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បានស្នើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ជួយ​គាំទ្រ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ពាក់ព័ន្ធ​ការដាក់​ពន្ធ​អង្ករ​ដោយ​សហភាព​អឺរ៉ុប​។ 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូ​ស័ក្ដិ បាន​ស្វែង​ការគាំទ្រ​ពី​ប្រទេស​សមាជិក​អាស៊ាន​ការតវ៉ា​ទៅ WTO ចំពោះ​ករណី​សហភាព​អឺរ៉ុប​យកពន្ធ​អង្ករ​កម្ពុជា នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃទី​២២​ខែមេសា​។


 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​រដ្ឋមន្ត្រី​របស់​កម្ពុជា​បានស្នើ​ក្នុង​អង្គប្រជុំ តែ​អត់​មាន​សេចក្ដីថ្លែងការណ៍​អាស៊ាន​ក្នុងពេល​នោះទេ ប៉ុន្តែ​រដ្ឋមន្ត្រី​អាស៊ាន​គាំទ្រ​ការលើកឡើង ហើយ​គេ​នឹង​ណែ​នាំទៅ​ស្ថាន​បេសកកម្ម​របស់​ប្រទេស​អាស៊ាន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នាទី​ក្រុង​ហ្សឺ​ណែវ ព្រោះថា​កម្ពុ​ជាមាន​តំណាង​នៅ​ទី​នោះដែរ​ហើយនឹង​មានកា​រ​ស្នើឡើង (​ស្នើ​ទៅ​WTO) ហើយ​យើង​សុំ​ឲ្យ​ប្រទេស​អាស៊ាន​ជួយ​គាំទ្រ​»​។​
 
​បើតាម​លោក ស៊ា​ង ថៃ កម្ពុជា​ត្រៀម​ដាក់​សេចក្ដីថ្លែងការណ៍​ទៅ WTO ពាក់ព័ន្ធ​វិធានការ​របស់​សហភាព​អឺរ៉ុប​លើ​អង្ករ​កម្ពុជា ហើយ​មិនទាន់​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​នោះទេ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​បណ្ដឹង​យើង​អត់​ទាន់​ដាក់​ទេ ព្រោះ​ត្រូវ​ប្រមូល​មតិយោបល់​រប​ស់​ជំនាញការ​ពាក់ព័ន្ធ យើង​ត្រូវ​សិក្សា​សិន តែ​យើង​នឹងមាន​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​ការមិន​ពេញចិត្ត ហើយ​សុំ​ឲ្យ​អាស៊ាន​គាំទ្រ ហើយ​បើ​ថ្ងៃក្រោយ​យើង​ដាក់​បណ្ដឹង វា​កាន់​តែមាន​ទម្ងន់​បន្ថែមទៀត​»​។ 
 
​គួរ​បញ្ជាក់ថា កាលពីដើមឆ្នាំ​២០១៩​នេះ សហភាព​អឺរ៉ុប​បានប្រកាស​អនុវត្ត​យកពន្ធ​អង្ករ​កម្ពុជា និង​មី​យ៉ាន​ម៉ា សម្រាប់​រយៈពេល​៣​ឆ្នាំ ដោយ​ពន្ធ​នោះ​មានតម្លៃ​២០០​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ​ដំបូង ហើយ​ចុះ​មកដល់ ១៤០​ដុល្លារ​នៅ​ឆ្នាំ​ចុងក្រោយ​។ EU ជាទី​ផ្សារ​អង្ករ​ធំជាងគេ​របស់​កម្ពុជា​ដែល​កាន់កាប់​ប្រមាណ​ជាង​៤០​ភាគរយ​នៃ​ទំហំ​នាំចេញ​សរុប​ជាង​៦២​ម៉ឺន​តោន​។ ហើយ​ការយកពន្ធ​នេះ បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​បាត់បង់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​ទីផ្សារ​មួយ​នេះ ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​៕
 

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com