អន្តរជាតិ
ដើម្បីពង្រឹងវិស័យទេសចរណ៍ ថៃចង់ឲ្យលុយពលរដ្ឋធ្វើដំណើរកម្សាន្ត រូបភាព៖ វេបសាយ aboutthailandliving.com
× ក្រសួងហិរញ្ញវត្ថុថៃ ត្រៀមបើកយុទ្ធនាការថ្មីមួយដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងស្រុក ដោយផ្តល់លុយដល់ពលរដ្ឋថៃម្នាក់ ១៥០០បាត (ប្រមាណ៤៧ដុល្លារ)។ ការផ្តល់ឲ្យនេះ គឺដើម្បីឲ្យពួកគេយកទៅចំណាយអំឡុងពេលធ្វើដំណើរកម្សាន្តទៅកាន់ខេត្ត ៥៥ របស់ខ្លួន។
ក្រោមយុទ្ធនាការលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកនេះ ប្រជាជនថៃអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចចុះឈ្មោះសម្រាប់កម្មវិធីនេះបាន។ យោងតាមប្រភពពីក្រសួងហិរញ្ញវត្ថុថៃ រដ្ឋាភិបាលក្រុងបាងកក នឹងផ្ញើលុយ ១៥០០បាត ចូលទៅក្នុងគណនីរបស់អ្នកដែលបានចុះឈ្មោះ តាមរយៈប្រព័ន្ធទូទាត់ប្រាក់អនឡាញ (E-payment) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។
ប្រភពដដែល បានបង្ហើបទៀតថា ក្រសួងហិរញ្ញវត្ថុថៃ នឹងចាប់ដៃជាមួយក្រសួងទេសចរណ៍ និងកីឡា, ធនគារក្នុងស្រុកមួយសម្រាប់យុទ្ធនាការនេះ ដោយបង្កើតកញ្ចប់ថវិកាដល់ ១៥ពាន់លានបាត ឬស្មើនឹងជាង ៤៧០,២លានដុល្លារ។ គម្រោងយុទ្ធនាការនេះ នឹងត្រូវបញ្ជូនទៅកាន់ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak ដើម្បីពិចារណា និងបញ្ជូនបន្តទៅកាន់គណៈរដ្ឋមន្ត្រីឆាប់ៗនេះ ហើយគ្រោងដាក់ដំណើរការជាផ្លូវការ មុនខែកក្កដាឆ្នាំ២០១៩ នេះ។ ក្រសួង រំពឹងថា ប្រជាជនថៃ១០លាននាក់នឹងចុះឈ្មោះក្នុងកម្មវិធីនេះ។
មែនទែនទៅ គម្រោងពង្រឹងវិស័យទេសចរណ៍នេះ ធ្វើឡើងខណៈដែលកំណើនសេដ្ឋកិច្ចរបស់ថៃបានធ្លាក់ចុះមកត្រឹម ៣ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំ២០១៩។ ទន្ទឹមនឹងគ្នានេះ ការនាំចេញក្នុងខែមីនាធ្លាក់ចុះ៤,៨៨ភាគរយ បើធៀបនឹងឆ្នាំមុន ហើយការនាំចេញក្នុងត្រីមាសដំបូងក្នុងឆ្នាំនេះថយចុះ១,៦៤ភាគរយផងដែរ។ ការថមថយនេះ គឺបណ្តាលមកកត្តាធំៗចំនួនពី រួមមាន កំណើនសេដ្ឋកិច្ចសកល និងឥទ្ធិពលមកពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
កន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Apisak Tantiworawong ធ្លាប់បានអះអាងថា រដ្ឋាភិបាលគ្រោងចាក់បញ្ចូលលុយ ២០ពាន់លានបាត ឬស្មើនឹងជាង ៦២៦,២លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចជាតិ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាល ក៏នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ពង្រឹងវិស័យទេសចរណ៍ក្នុងស្រុក និងផ្តល់លុយបន្ថែមដល់ប្រជាជន មានប្រាក់ចំណូលទាប ដែលកាន់បណ្ណសុខមាលភាពរដ្ឋថែមទៀតផង៕
Tag:
ថៃ
ក្រសួងហិរញ្ញវត្ថុ
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com