អ្នកជំនាញ បន្ត​ទាមទារ​ឲ្យ​ដំឡើង​ពន្ធ​លើ​ថ្នាំជក់ ខណៈ​មាន​អ្នកស្លាប់​ជិត​៣០​នាក់​ក្នុង​១​ថ្ងៃ​ដោយសារ​ជក់បារី​
ជាតិ
សង្គមជាតិ
អ្នកជំនាញ បន្ត​ទាមទារ​ឲ្យ​ដំឡើង​ពន្ធ​លើ​ថ្នាំជក់ ខណៈ​មាន​អ្នកស្លាប់​ជិត​៣០​នាក់​ក្នុង​១​ថ្ងៃ​ដោយសារ​ជក់បារី​
24, Apr 2019 , 8:19 pm        
រូបភាព
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា កំពុងមានប្រសាសន៍សន្នីសីទសារព័ត៌ស្តីពីការដំឡើងពន្ធផលិតផលថ្នាំជក់៖ យុទ្ធសាស្រ្តឈ្នះ-
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា កំពុងមានប្រសាសន៍សន្នីសីទសារព័ត៌ស្តីពីការដំឡើងពន្ធផលិតផលថ្នាំជក់៖ យុទ្ធសាស្រ្តឈ្នះ-
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ប្រមាណ​១​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​ដែល​បណ្តាលមកពី​ការជក់បារី ហើយ​បើ​គិត​ជា​មធ្យម មាន​ប្រមាណ​២៧​នាក់ ដែល​បាន​ស្លាប់ ជា​រៀងរាល់ថ្ងៃ​។ នេះ​ជាការ​លើកឡើង​របស់​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​។

 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​ស្តីពី «​ការដំឡើង​ពន្ធ​ផលិតផល​ថ្នាំជក់​៖ យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ សង្គ្រោះ​ជីវិត​និង​ធ្វើឱ្យ​ប្រសើរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​» នា​ថ្ងៃទី​២៣​មេសា លោក មុំ គង់ បាន​និយាយថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​កម្ពុជា​លើសពី​២​លាន​នាក់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ដោយ​ក្នុងនោះ មាន​អ្នក​ជក់បារី​ជាង​១,៥​លាន​នាក់ និង​អ្នក​ចុក​ថ្នាំ​ជិត​៥​លាន​នាក់​។ ដោយឡែក ការប្រើប្រាស់​ថ្នាំជក់​ក្នុងចំណោម​យុវជន​កំពុង​កើនឡើង​ផងដែរ​។​
 
​លោក​បន្តថា មួយឆ្នាំៗ កម្ពុជា​បាន​ខាតបង់​ថវិកា​ជាង​២០​លាន​ដុល្លារ​ពី​ការទិញ​បារី និង​ចំណាយ​យ៉ាងហោចណាស់​១៦៣​លាន​ដុល្លារ លើ​ការព្យាបាល​ជំងឺ​បង្កដោយ​ការជក់បារី​នៅ​មន្ទីរពេទ្យ​រដ្ឋ​។ បើតាម​វេជ្ជបណ្ឌិត​រូបនេះ ជំងឺ​នានា កើតឡើង​ពី​ការជក់បារី ដែល​បង្កឱ្យមាន​អ្នកស្លាប់ និង​កំពុង​ព្យាបាល​មាន​៥​មុខធំៗ​។ ជំងឺ​ទាំងនោះ​មាន ជំងឺ​ហើម​សួត​, ជំងឺមហារីក​សួត​, ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​, ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​បេះដូង​។  


 
​នៅក្នុង​តំបន់​អាស៊ាន កម្ពុជា​បានជា​ប់​លំដាប់​លេខ​២ បន្ទាប់ពី​ប្រទេស​ឡាវ ដែលជា​ប្រទេស យកពន្ធ​លើ​ផលិតផល​ថ្នាំជក់​តិចជាងគេ​។ ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​អត្រា​២៥​ភាគរយ​ចំពោះ​បារី​ផលិត​ក្នុងស្រុក និង​៣១,១​ភាគរយ ចំពោះ​បារី​នាំចូល​។​
 
​លោក មុំ គង់ បាន​អះអាងថា ដោយសារតែ​រដ្ឋាភិបាល​បាន​ពន្ធ​ទៅលើ​ថ្នាំជក់​ទាប ជាហេតុ​ធ្វើឱ្យ​បារី​លក់​នៅលើ​ទីផ្សារ​មានតម្លៃ​ថោក​។ ដូច្នេះ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុង​ការទិញ​បារី​ជក់​ប្រចាំថ្ងៃ​។ ជាក់ស្តែង​បារី​ដែល​លក់រាយ​នៅលើ​ទីផ្សារ​កម្ពុជា​សព្វថ្ងៃ​មានតម្លៃ​ចន្លោះ​១០០០ ទៅ​៦០០០​រៀល ក្នុង​មួយកញ្ចប់​។​
 
​លោក បាន​និយាយ​ដូច្នេះ​ថា «​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ គឺ​ខុសពី​ការដំឡើង​លើ​តម្លៃ​ម្ហូបអាហារ តម្លៃ​ប្រេងសាំង និង​ផលិតផល​ផ្សេងៗ ដែល​វា​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​យើង​។ ប៉ុន្តែ​ការដំឡើង​ពន្ធ​លើ​ថ្នាំជក់ មានន័យថា​យើង​កាត់បន្ថយ​ជំងឺមហារីក កាត់បន្ថយ​ការស្លាប់​របស់​ប្រជាពលរដ្ឋ​។ នោះ​ហើយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចង់បាន​»​។ 
 
​មាន​យុវជន​៩០,២​ភាគរយ បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប​ង្កើ​ន​ពន្ធ​លើ​ថ្នាំជក់ និង​បង្កើន​តម្លៃ​បារី​នៅលើ​ទីផ្សារ ដើម្បី​កាត់បន្ថយ​ការជក់បារី​ក្នុងប្រទេស​កម្ពុជា​។ ក្នុងនោះ មាន​យុវជន​៥០​ភាគរយ យល់ស្រប​ថា​តម្លៃ​បារី​គួរ​ដំឡើង​ពី​៦​ពាន់ ទៅ​១​ម៉ឺន​រៀល ក្នុង​មួយកញ្ចប់ និង​៥០​ភាគរយ​ទៀតថា​បារី​លក់រាយ​នៅលើ​ទីផ្សារ​គួរ​មាន​ថ្លៃ​១​ម៉ឺន​រៀល ក្នុង​មួយកញ្ចប់​។ នេះ​បើតាម​ការសិក្សា​របស់​នា​យក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​រូបនេះ​។  លោក​បាន​បន្ថែមថា​៖« យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ នៃ​ការដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល​ទៅលើ​ផលិតផល​ថ្នាំជក់ នឹងធ្វើ​ឱ្យ​ចំណូល​រដ្ឋ​កើនឡើង​។ ពិសេស​ការស្លាប់ និង​ជំងឺ​ដែល​កើត​ពី​ការជក់បារី​មានការ​ថយចុះ​។ នេះ​ជា​ចំណុច​សំខាន់ និង​ជា​ឆន្ទៈ​ដែល​រដ្ឋាភិបាល​ត្រូវផ្តោត​សំខាន់​ទៅលើ​បញ្ហា​សុខភាព​ប្រជាជន  ដែល​មិនមែន​តែ​គិត​ទៅ​ចំណូល​ជាតិ​ឡើយ​»​។​
 
​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត Ulysses Dorotheo នាយក​ប្រតិបត្តិ​ស​ម័​ន្ធ SEATCA មកពី​ប្រទេស​ហ្វីលីពីន បាន​និយាយថា គោលនយោបាយ​ពន្ធ​លើ​ថ្នាំជក់​កម្ពុជា ត្រូវបាន​ពង្រឹង​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ប៉ុន្តែ​គោលនយោបាយ​នេះ ពុំទាន់​ឆ្លើយតប​ទាំងស្រុង​ចំពោះ​ការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ និង​ការបង្កើន​ប្រាក់ចំណូល​ពន្ធ​របស់រ​ដ្ឋា​ភិ​បាល សម្រាប់​ការអភិវឌ្ឍ​សង្គម​នៅឡើយ​។ 
 
​លោក​បាន​បន្ត​ដូច្នេះ​ថា «​រដ្ឋាភិបាល​ដែល​ផ្តោត និង​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​សុខភាព​ប្រជាជន គឺ​ដំឡើង​ពន្ធ​បារី​បាន​ខ្ពស់​និង​លឿន ជាជាង​ការដំឡើង​ម្តង​បន្តិចៗ ពីព្រោះ​យើង​មិនមែន​គិតតែ​ទៅលើ​ប្រាក់ចំណូល​បាន​ច្រើន​ទេ​។ កាលណា​រដ្ឋ​ដំឡើង​ពន្ធ​ម្តង​តិចៗ គឺ​មិនបាន​ប៉ះពាល់​អ្វី​ច្រើន​ដល់​ឧស្សាហកម្ម​ផលិត​បារី ហើយ​នេះ​វា​ជា​រឿង​ដែល​រកស៊ី​ចង់បាន​»៕ 

Tag:
 បារី​
  ថ្នាំជក់​
© រក្សាសិទ្ធិដោយ thmeythmey.com