ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់ទីក្រុងវ៉ា្លឌីវ៉ូស្តុកហើយនៅថ្ងៃទី២៤ ខែមេសា ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ មិនមានព័ត៌មានលម្អិតច្រើនឡើយជុំវិញជំនួបលើកដំបូងរវាងមេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងពេលនេះ ប៉ុន្តែប្រធានបទសំខាន់អាចផ្ដោតលើការរំសាយនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។ លោក គីម ប្រាប់ទូរទស្សន៍រុស្ស៊ីថា ជំនួបជាមួយលោក ពូទីន នឹងទទួលជោគជ័យ។
រថភ្លើងពិសេសដឹកលោក គីម ជុងអ៊ុន ប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង បានទៅដល់ស្ថានីយ៍ក្នុងទីក្រុងវ៉ា្លឌីវ៉ូស្តុកនៅថ្ងៃទី២៤ ខែមេសា ក្រោយចាកចេញពីរដ្ឋធានីព្យុងយ៉ាងនៅព្រឹកថ្ងៃដដែល។ សន្តិសុខត្រូវបានពង្រឹងយ៉ាងខ្លាំងក្នុងទីក្រុងតំបន់ចុងបូព៌ាមួយនេះ ចំណែកកម្មវិធីនៃដំណើរទស្សនកិច្ចរបស់លោក គីម ត្រូវបានលាក់ជាសម្ងាត់។ ប៉ុន្តែគេអាចមើលឃើញពីការរៀបចំទទួលបដិសណ្ឋារកិច្ចតាំងពីដើមសប្ដាហ៍នេះ។
លោក គីម នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៥ ខែមេសានៅសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុងវ៉ា្លឌីវ៉ូស្តុក។ កូរ៉េខាងជើងជាអ្នកស្នើឲ្យរៀបចំជំនួបនៅសាកលវិទ្យាល័យនេះក្រោមហេតុផលសន្តិសុខ។
ចំណែករបៀបវារៈវិញ ទាំងរុស្ស៊ី ទាំងកូរ៉េខាងជើងសុទ្ធតែមិនបញ្ចេញពីប្រធានបទដែលលោក គីម និងលោក ពូទីន នឹងលើកយកមកជជែកគ្នា។ យ៉ាងណាមិញ បើគិតគូរតាមប្រតិភូដែលអមដំណើរលោក គីម គេអាចទស្សទាយពីបញ្ហាដែលនឹងត្រូវដាក់លើតុចរចា។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងផ្សាយថា លោក គីម ត្រូវបានអមដំណើរអនុប្រធានបក្សពីរនាក់ គឺលោក Kim Phyong-hae និងលោក O Su-yong ។ រដ្ឋមន្ត្រីការបរទេស រី យ៉ុងហូ និងអនុរដ្ឋមន្ត្រីការបរទេស ឆេ ស៊ុនហ៊ី ក៏មានវត្តមានដែរ។
លោក រី និងលោកស្រី ឆេ គឺជាមន្ត្រីការទូតដែលចូលរួមក្នុងការចរចារំសាយនុយក្លេអ៊ែរជាមួយអាមេរិក។ ដូចនេះ បញ្ហានុយក្លេអ៊ែរ នឹងត្រូវបានលោក គីម យកមកជជែកជាមួយលោក ពូទីន មិនខាន។ បច្ចុប្បន្ន ការចរចាកំពុងជាប់គាំងដោយសារអាមេរិក និងកូរ៉េខាងជើងមានជំហរមិនត្រូវគ្នា។ លោក គីម ទំនងជាស្វែងរកការគាំទ្រពីរុស្ស៊ីលើបញ្ហានេះ ពិសេសការបន្ធូរបន្ថយទណ្ឌកម្មដោយសាររុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខ។
តាមពិតទៅ រុស្ស៊ី និងកូរ៉េខាងជើងមានជំហរដូចគ្នាលើដំណើរការលុបបំបាត់នុយក្លេអ៊ែរ ហើយរុស្ស៊ីក៏គាំទ្រការដកទណ្ឌកម្មខ្លះចេញពីកូរ៉េខាងជើងដែរ។ រុស្ស៊ីគាំទ្រកូរ៉េខាងជើងដែលចង់បានការរំសាយនុយក្លេអ៊ែរ ធ្វើឡើងទៅតាមដំណាក់កាល និងមានទៅមានមក។ ពោល គឺអាមេរិកត្រូវធ្វើសកម្មភាពតបស្នងនឹងអ្វីដែលកូរ៉េខាងជើងបានធ្វើ មិនមែនការរំសាយនុយក្លេអ៊ែរទាំងស្រុងតែម្ដងដោយមានការត្រួតពិនិត្យដូចដែលអាមេរិកចង់បានឡើយ។
សម្រាប់វត្តមានលោក O Su-yong ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចវិញ មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង ក៏នឹងជជែកគ្នាពីការផ្លាស់ប្ដូរទំនាក់ទំនងសេដ្ឋកិច្ចផងដែរ។ រុស្ស៊ីសម្លឹងឃើញភោគទ្រព្យហូរហៀររបស់កូរ៉េខាងជើង ឯកូរ៉េខាងជើងត្រូវបានថាមពល និងការវិនិយោគបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ស្របគ្នាគោលនយោបាយសេដ្ឋកិច្ចរបស់លោក គីម ដែលពង្រឹងសេដ្ឋកិច្ចដើម្បីទប់ទល់ទណ្ឌកម្មអន្តរជាតិ។
ពេលឆ្លងកាត់ព្រំដែនចូលទឹកដីរុស្ស៊ី លោក គីម បង្ហាញជំហរសុទិដ្ឋិនិយមចំពោះជំនួបជាមួយលោក ពូទីន ។ មេដឹកនាំកូរ៉េខាងជើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក នឹងទទួលបានជោគជ័យ ហើយមានប្រយោជន៍ ដោយសារលោកនឹងមានការជជែកគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលើការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ និងទំនាក់ទំនងទ្វេភាគី៕