ក្នុងឆ្នាំ២០១៩នេះ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងបង្អស់ នៃកម្មវិធីប្រកួតយុវជនខ្នាតអន្តរជាតិ ស្ដីពីសមត្ថភាពធ្វើបទបង្ហាញជាសាធារណៈ និងការតស៊ូមតិដោយប្រើប្រាស់ភាសាអង់គ្លេស។ កម្មវិធី CamDEBATE គឺជាវេទិកាអភិវឌ្ឍន៍វិជ្ជាជីវៈ តាមរយៈការធ្វើបទបង្ហាញជាសាធារណៈ និងការស៊ូមតិដោយប្រើប្រាស់ភាសាអង់គ្លេស។
ដោយមានការគាំទ្រពីស្ថាប័ន IDP Education ដែលជាស្ថាប័នឈានមុខគេក្នុងការបណ្ដុះបណ្ដាល និងបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស កម្មវិធី CamDEBATE ស្វះស្វែងលើកស្ទួយនូវវប្បធម៌សន្ទនា ចែករំលែកទស្សនវិស័យនានា រវាងយុវជនកម្ពុជា ក្នុងនាមលើកកម្ពស់ និងពង្រឹងការយល់ដឹង ចំណងមិត្តភាព និងចំណេះដឹងផ្សេងៗ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានឲ្យដឹងថា កម្មវិធីនេះផ្ដោតលើការខិតខំ និងការព្យាយាមយ៉ាងផ្ចិតផ្ចង់ ទៅលើការចែករំលែកគំនិតល្អៗ រវាងសិស្សានុសិស្ស និងអ្នកជំនាញវ័យក្មេងក្នុងសង្គម និងការខិតខំលើកកម្ពស់ និងជំរុញកិច្ចពិភាក្សាដោយការយោគយល់រវាងគ្នា និងគ្នាផងដែរ។ លោក ម៉ៅ ស្រេង បន្តទៀតថា កម្មវិធីនេះ ក៏ជាវេទិកាអភិវឌ្ឍជំនាញសំខាន់ៗ ដែលមានប្រយោជន៍ដល់ការសិក្សារបស់បេក្ខជន បូករួមទាំងការអភិវឌ្ឍផ្ទាល់ខ្លួន និងផ្នែកការងារផងដែរ។ លោក ម៉ៅ ស្រេង៖«បេក្ខជន នឹងទទួលបានឱកាសចូលរួមចែករំលែកទស្សនវិស័យ ក្នុងបរិយាកាសដែលសម្បូរបែប ចាប់តាំងពីវគ្គប្រកួតសាកល្បងលើកទីមួយ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាមួយគ្នានេះ បេក្ខជនក៏នឹងទទួលបានការយល់ដឹងដ៏ស៊ីជម្រៅ ស្ដីអំពីប្រធានបទនានា ទាំងក្នុង និងក្រៅប្រទេសផងដែរ»។
ខណៈដែលប្រទេសកម្ពុជាកំពុង និងបន្តអភិវឌ្ឍន៍ឥតឈប់ឈរ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ ជាងមួយទសវត្សរ៍មកនេះ តម្រូវការការអប់រំដែលមានគុណភាព ក៏កើនឡើងដូចគ្នា។ ប្រជាជនប្រមាណ ៦៥ ភាគរយ នៃចំនួនប្រជាជនសរុប គឺជាយុវជនដែលមានអាយុក្រោម ៣០ឆ្នាំ ដែលមានតម្រូវការការអប់រំដ៏ខ្លាំងក្លា។ សមត្ថភាពបច្ចេកទេស ភាពច្នៃប្រឌិត ការគិតពិចារណា ការធ្វើបទបង្ហាញ និងការដោះស្រាយបញ្ហា គឺសុទ្ធសឹងជាជំនាញសំខាន់ៗ ដែលយុវជនកម្ពុជាកំពុងស្វែងរក ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ពួកគេនៅលើទីផ្សារការងារ។
មកទល់ពេលនេះ កម្មវិធី CamDEBATE មានដៃគូសហការមកពីសាលា សកលវិទ្យាល័យ ក្រុមហ៊ុន និងស្ថាប័ននានាចំនួន១៨ រួមមាន៖ សាលា ACE, ស្ថាប័ន IELTS, វិទ្យាស្ថានភាសាបរទេស, សកលវិទ្យាល័យន័រតុន, សកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា, សកលវិទ្យាល័យវេស្ទើន, សកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀនវ៉េស្ទឡាញន៍, សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សកលវិទ្យាល័យកម្ពុជា ,សកលវិទ្យាល័យអង្គរ, សកលវិទ្យាល័យមានជ័យ, សកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ រួមទាំងស្ថាប័នអប់រំរបស់ Cambridge ដូចជា Stafford House, CATS College និង ONCAMPUS ជាដើម។
លោក Neil Wilford មកពីស្ថាប័ន IELTS ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា IELTS គឺជាតេស្ដប្រឡងសមត្ថភាពភាសាអង់គ្លេស ដែលសុក្រិត និងពេញនិយមជាងគេ សម្រាប់ប្រើប្រាស់ក្នុងការសិក្សា ធ្វើការងារ និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ IELTS មានបេក្ខជនប្រឡងដល់ទៅជាង ៣លាននាក់នាឆ្នាំមុន ខណៈដែលស្ថាប័នទូទាំងពិភពលោកជាង ១ ម៉ឺនកន្លែង ទទួលស្គាល់គុណភាពនៃការប្រឡង។ លោក Neil Wilford បានបន្តថា ស្ថាប័ន IELTS កម្ពុជា មានមោទកភាព ក្នុងការឧបត្ថម្ភ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយជ្រោមជ្រែងកម្មវិធី CamDEBATE ដើម្បីផ្ដល់ឥទ្ធិពលល្អទៅយុវជនកម្ពុជា ដែលទស្សនវិស័យទាំងនេះ គឺជាអ្វីដែលកម្មវិធី CamDEBATE និងស្ថាប័ន IELTS យល់ឃើញដូចគ្នា។
លោក យស ថានិន្ទ ដែលជាអ្នកគ្រប់គ្រងកម្មវិធី CamDEBATE ជឿជាក់ថា កម្មវិធីនេះ នឹងជំរុញយុវជន ឲ្យមានឯករាជ្យភាពក្នុងការសិក្សា ស្វែងយល់ និងការបញ្ចេញមតិលើប្រធានបទដែលស៊ីជម្រៅ និងទូលំទូលាយ។ លោក យស ថានិន្ទ បន្តដូច្នេះថា៖«ជំនាញទាំងអស់នេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍបុគ្គលនីមួយៗ ឲ្យកាន់តែប្រសើរឡើង ហើយវានឹងជាការបំពេញបន្ថែម លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតធនធានមនុស្ស ដែលពោរពេញទៅដោយសក្ដានុពល»។ អ្នកគ្រប់គ្រងកម្មវិធី CamDEBATE រូបនេះ រំពឹងថានឹងមានបេក្ខជនប្រមាណ ៣០០ នាក់ នឹងចូលរួមប្រកួតនាឆ្នាំ២០១៩ នេះ។
នាយិកា Leigh McIntyre អនុប្រធានផ្នែកលក់សកលនៃ Stafford House នៃស្ថាប័នអប់រំ Cambridge បានឲ្យដឹងថា ស្ថាប័នអប់រំ Cambridge និងមិត្តរួមការងារនៅ Stafford Houseរង់ចាំស្វាគមន៍បេក្ខជនជ័យលាភីទាំង ១០ រូប របស់កម្មវិធី CamDEBATE មកស្នាក់នៅចក្រភពអង់គ្លេស។ អ្នកស្រី Leigh McIntyre បញ្ជាក់ដូច្នេះ៖«ខ្ញុំជឿជាក់ថា ពួកគេនឹងទទួលបានបទពិសោធន៍មួយ ដែលសប្បាយរីករាយ សម្បូរបែប និងដិតជាប់ក្នុងការចងចាំរបស់ពួកគេ ក្នុងអំឡុងពេល ២ សប្តាហ៍ នៅចក្រភពអង់គ្លេសនេះ»។
សិស្សានុសិស្សនៅក្បែរ Tower Bridge នៅទីក្រុងឡុងដ៍ អំឡុងពេលដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសរយៈពេល ២ សប្តាហ៍
បេក្ខជនទាំងអស់ដែលមានអាយុចាប់ពី១៥ ដល់ ២៥ឆ្នាំ និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យចូលរួមប្រកួតបាន។ ពួកគេនឹងត្រូវបែងចែកជា ២ ប្រភេទ ក្នុងការប្រកួត៖ ប្រភេទសិស្សវិទ្យាល័យ និងប្រភេទនិសិត្ស និងអ្នកជំនាញវ័យក្មេង។
បេក្ខជននឹងទទួលបានការហ្វឹកហាត់ និងចូលរួមបទបង្ហាញនានា ដើម្បីឲ្យពួកគេត្រៀមខ្លួនកាន់តែស្ទាត់ជំនាញសម្រាប់ការប្រកួត។ បទបង្ហាញទាំងនោះ នឹងត្រូវបានផ្ដល់ជូនដោយគ្រូបង្វឹក មកពីស្ថាប័នដៃគូរបស់ CamDEBATE ដែលក្នុងនោះក៏មានមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) ផងដែរ។
នាយកសាលា ACE លោក Ashley Irving ក៏បានលើកឡើងដែរថា កម្មវិធី CamDEBATE នឹងផ្ដល់ឲ្យបុគ្គលដែលមានបំណងចូលរួមប្រកួតការស៊ូមតិ និងការធ្វើបទបង្ហាញសាធារណៈជាភាសាអង់គ្លេស នូវឱកាសក្នុងការបង្ហាញសមត្ថភាព និងបង្កើនភាពស្ទាត់ជំនាញរបស់ខ្លួន។ លោក Ashley Irving បញ្ជាក់ដូច្នេះ៖«ខ្ញុំជឿថា បេក្ខជននឹងទទួលបានបទពិសោធន៍ល្អៗពីការប្រកួតនេះ បើទោះបីជាពួកគេ មិនទទួលជ័យជម្នះក៏ដោយ។ សាលា ACE មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយនេះ នៅក្នុងប្រទេសកម្ពុជា»។
សិស្សានុសិស្សធ្វើដំណើរទស្សនកិច្ចសិក្សា នៅចក្រភពអង់គ្លេសរយៈពេល ២ សប្តាហ៍
បេក្ខជនអាច ជ្រើសរើសចូលរួមប្រកួតក្នុងការស៊ូមតិ ឫការធ្វើបទបង្ហាញជាសាធារណៈ តែមួយមុខក៏បាន ឫអាចចូលរួមប្រកួតទាំងពីរមុខតែម្ដងក៏បាន។ បេក្ខជនជ័យលាភីទាំង ១០ រូប នឹងទទួលបានមេដាយពានជ័យលាភី ព្រមទាំងដំណើរទស្សនកិច្ចសិក្សា នៅចក្រភពអង់គ្លេសរយៈពេល ២ សប្តាហ៍ បូករួមនឹងរង្វាន់ផ្សេងៗជាច្រើនទៀត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចបំពេញពាក្យចូលរួមប្រកួត ឲ្យបានមុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ តាមរយៈ
www.CamDEBATE.org ៕
(អត្ថបទពាណិជ្ជកម្ម)