ជាតិ
សេដ្ឋកិច្ច
សមាគម​មួយ​របស់​ចិន ស្នើ​ឲ្យ​មានការ​ចាយលុយ​ចិន​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​
24, Apr 2019 , 9:39 pm        
រូបភាព
ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និង ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន
ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និង ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន
ដោយ: ថ្មីៗ
​លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរ​ជាតិចិន បានស្នើ​សុំ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយវត្ថុ​ចិន (​ប្រាក់​យ៉​ន់​) នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​។ លោក យល់ថា ការធ្វើ​ដូច្នេះ គឺអាច​ទាក់ទាញ​វិនិយោគិន​ចិន​និង​វិនិយោគិន​ពី​បណ្តា​ប្រទេស​ដទៃទៀត មក​កម្ពុជា​កាន់តែច្រើន​។ អ្នក​ទាំងពីរ បាន​ជួបគ្នា​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ​។


 
​បើតាម​សំណេរ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី លោក យន់ ឈិន  បាន​សង្កត់ធ្ងន់ថា អ្វីដែល​ចិន អាច​បន្ត​ជួយ​កម្ពុជា​បាន គឺ​ជួយ​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា និង​ធ្វើ​ឲ្យ​កម្ពុជា ដើរតួនាទី​សំខាន់​ក្នុង​តំបន់​ឥណ្ឌូចិន និង​អាស៊ាន​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​លោក យន់ ឈិន នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់តែ​រឹងមាំ​»​។​
 
​កន្លងមក ធនាគារជាតិ​កម្ពុជា បានប្រកាស​គាំទ្រ​ឲ្យ​ទូទាត់​ប្រាក់​យ៉​ន់​របស់​ចិន និង​ប្រាក់រៀល​កម្ពុជា ក្នុង​ប្រព័ន្ធ​ធនាគារ សម្រាប់​ការដោះដូរ​ទំនិញ​របស់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ​។ រីឯ​ការយក​សាច់ប្រាក់​យ៉​ន់​មក​ចាយ​នៅ​កម្ពុជា គឺ​ធនាគារជាតិ​គ្មាន​គោលដៅ​នេះឡើយ​។​
 
​យ៉ាងណា ក្នុង​សំណេរ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ ពុំមាន​ឃើញ​ចម្លើយ​ឬ​ការឆ្លើយតប​របស់​សម្តេច​នាយករដ្ឋមន្ត្រី ចំពោះ​សំណើ​របស់លោក យន់ ឈិន ដែល​ស្នើ​ឲ្យ​មាន​ការធ្វើ​ចរាចរណ៍​រូបិយវត្ថុ​ចិន​នៅលើ​ទឹកដី​កម្ពុជា​នោះទេ​។ ប៉ុន្តែ សម្តេចនាយក​រដ្ឋមន្ត្រី បង្ហាញ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​តូច​-​ធំ​របស់​ប្រទេស​ចិន ឲ្យ​បន្ត​វិនិយោគ​នៅ​កម្ពុជា​។ 
 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ឲ្យ​លោក យន់ ជួយ​កៀងគរ​អ្នកវិនិយោគ​ចិន​ថ្មីៗ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​ទំនុកចិត្ត​ខ្ពស់​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ឲ្យ​ពង្រីក​ការនាំ​ចូល​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​ចិន​បន្ថែមទៀត ហើយ​ក្នុងនោះ ក៏មាន​ផលិតផល​សម្លៀកបំពាក់​ផងដែរ​៕ 
 

Tag:
 ហ៊ុន សែន​
  កម្ពុជា​-​ចិន​
  ប្រាក់រៀល​
  ប្រាក់​យ៉​ន់​
© រក្សាសិទ្ធិដោយ thmeythmey.com