ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
WB៖ សេដ្ឋកិច្ចកម្ពុជា នឹង​ថយ​កំណើន​មក​ត្រឹម​ជិត​៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្តបន្ទាប់​
25, Apr 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា​ទទួល​បាន​កំណើន ៧,៥​ភាគរយ​នៅ​ឆ្នាំ​២០១៨​។ កំណើន​នេះ​ខ្ពស់ជាង​ការ​ព្យាករ​កន្លងមក​របស់​ធ​នាគារ​ពិភពលោក (World Bank) ដែល​រំពឹងថា​មាន​ត្រឹម​អត្រា ៧​ភាគរយ​។ ប៉ុន្តែ​កំណើន​ដ៏​ខ្ពស់​នេះ​នឹង​ថមថយ​បន្តិច​វិញ​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្តបន្ទាប់​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​២៤​ខែមេសា​នេះ​។​

 
​កំណើនសេដ្ឋកិច្ច ៧,៥​ភាគរយ​ក្នុង​ឆ្នាំមុន ត្រូវ​ជំរុញ​ខ្លាំង​ដោយ​កំណើន​នាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​ឆ្លើយតប​នឹង​តម្រូវការ​ពី​ខាងក្រៅ​ពិសេស​សហរដ្ឋអាមេរិក​។ នេះ​បើតាម​របាយការណ៍​ធនា​គារ​ពិភពលោក ដែល​អះអាងថា ភាពក្រីក្រ​ត្រូវបាន​រំពឹងថា​នឹង​បន្ត​ធ្លាក់ចុះ​ទៀត ដោយសារ​កំណើន​រឹងមាំ​ក្នុងការ​នាំចេញ​ផលិតផល​ឧស្សាហកម្ម​ប្រើ​ជំនាញ​ទាប​។ 


 
​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង មាន​ទំហំ​ជាង​ពីរភាគបី​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា ដោយ​កើន ១៧,៦​ភាគរយ​នៅ​ឆ្នាំ​២០១៨ ធៀប​នឹង​កំណើន ៨,៣​ភាគរយ​នៅ​ឆ្នាំ​២០១៧​។ 
World Bank អះអាងថា ការនាំចេញ​ដែលមាន​ការកើនឡើង​នេះ ត្រូវបាន​អមដោយ​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដែល​ត្រូវប៉ាន់​ស្មានថា​កើន​ដល់ ១៣,៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP​មាន​ប្រមាណ​ជាង​២៤​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​២០១៨​។ ហើយ​ជាង​ពាក់កណ្ដាល​នៃ FDI មាន​ប្រភពពី​ប្រទេស​ចិន ហើយ​ទុន​ទាំងនោះ​ចាក់​បញ្ចូល​ភាគច្រើន​ក្នុង​វិស័យ​សំណង់ (​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អគារ​ពាណិជ្ជកម្ម​និង​លំនៅឋាន​) វិស័យ​ទេសចរណ៍ និង​មួយផ្នែក​តូច​ទៅលើ​វិស័យ​ផលិតកម្ម និង​កសិកម្ម​។ 


 
​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដល់ ៧,៥​ភាគរយ​នៅ​ឆ្នាំ​២០១៨ តែ​កំណើន​នេះ​នឹង​ថយ​ខ្លះ​មកវិញ ហើយ​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​កំណើន​រយៈពេល​វែងឆ្ងាយ​ទៅ​ថ្ងៃមុខ​។ «​ក្រោយពី​សម្រេចបាន​កំណើន​៧,៥​ភាគរយ​នៅ​ឆ្នាំ​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​រំពឹងទុក​ថា​នឹង​បង្វែរ​ការយកចិត្តទុកដាក់​លើ​សក្ដានុពល​វែងឆ្ងាយ​ម្ដង​»​។ នេះ​បើតាម​របាយការណ៍ ដែល​បញ្ជាក់​បន្ថែមថា​៖«​ដោយ​ការនាំចេញ​មាន​កម្រិត​មធ្យម ស្រប​ពេលដែល​តម្រូវកា​រលើ​ពិភពលោក​ថយចុះ កំណើនសេដ្ឋកិច្ច​ពិតប្រាកដ ត្រូវប៉ាន់​ប្រមាណ​ថា​នឹង​ថមថយ​អានុភាព​បន្តិច​មកវិញ មក​នៅ​ជិត​៧​ភាគរយ​រវាង​ឆ្នាំ​២០១៩-២០២១»​។​
 
​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ លើកឡើងថា ចក្ខុវិស័យ​វែងឆ្ងាយ​នៃ​សេដ្ឋកិច្ចកម្ពុជា គឺ​អាស្រ័យ​សមត្ថភាព​របស់​ប្រទេស​ក្នុងការ​ស្រូប​ទាញ FDI ជាមួយ​ការលើកកម្ពស់​ការវិនិយោគ​ក្នុងស្រុក​។ «​ក្នុងន័យនេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ថាមពល និង​ថ្លៃ​ចំណាយ​ដឹកជញ្ជូន​មានតម្លៃ​ទាប រៀបចំ​ឲ្យ​មាន​កម្លាំង​ពលកម្ម​ជំនាញ និង​កែលម្អ​បណ្ដា​ណ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឲ្យ​ប្រសើរឡើង ដែល​សុទ្ធតែជា​កត្តា​សំខាន់​ជា​សារវន្ត ដើម្បី​កម្ពុជា​រក្សាបាន​ភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន​»​។ របាយការណ៍​ខាងលើ​អះអាង​យ៉ាង​ដូច្នេះ​។​


 
​បើតាម​របាយការណ៍​ខាងលើ សេដ្ឋកិច្ចកម្ពុជា​ក៏​អាច​ជួប​ហានិភ័យ និង​បញ្ហា​ប្រឈម​ផងដែរ ដូចជា​លទ្ធភាព​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ការធ្លាក់ចុះ​សេដ្ឋកិច្ច​ប្រទេស​ចិន​ដែល​អាច​ប៉ះពាល់ FDI ពី​ប្រទេស​នេះ​លើ​កម្ពុជា​។ របាយការណ៍​បន្ថែមទៀត​ថា កម្ពុជា​ត្រូវ​ទប់​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច តាមរយៈ​ការចាត់វិធានការ​រក្សា​បញ្ជី​ប្រាក់បៀវត្សរ៍​សាធារណៈ​កុំ​ឲ្យ​រីក​មាឌ​តទៅទៀត ប្រុងប្រយ័ត្ន​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ និង​ដាក់​កំហិត​ដល់​ធនាគារ​ក្នុងការ​ផ្ដល់​កម្ចី​ទៅ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ជាដើម​៕ 
 

Tag:
 កំណើនសេដ្ឋកិច្ច​
 ​ធនាគារពិភពលោក​
 ​ចអល​ន​ទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com