អន្តរជាតិ
លោក ឌូទើតេ ចង់ប្រកាសសង្គ្រាមជាមួយកាណាដា បើមិនយកសំរាមទៅវិញទេ រូបភាព BAN Toxics
× សំណុំរឿងដែលកាណាដានាំសំរាមទៅហ្វីលីពីន កំពុងធ្វើឲ្យប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ នៅថ្ងៃទី២៣ ខែមេសា លោក ឌូទើតេ ប្រកាសថា លោកនឹងបញ្ជូនសំរាមទាំងនោះទៅកាណាដាវិញ ហើយគំរាមធ្វើសង្គ្រាមទៅទៀត បើកាណាដាមិនយកសំរាមទាំងនោះវិញទេ។ ដោយប្រើពាក្យសម្ដីខ្លាំងៗ លោក ឌូទើតេ ចោទប្រទេសលោកខាងលិចនេះថា កំពុងធ្វើឲ្យហ្វីលីពីនទៅជាទីលានចាក់សំរាម។
សំរាមជាច្រើនសិបតោនដែលនាំចូលដោយខុសច្បាប់ពីកាណាដាចូលទៅហ្វីលីពីន ក្លាយជាបញ្ហាទើសទាល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ដែលមិនទាន់រកច្រកចេញបាននៅឡើយ។ បញ្ហាបានកើតឡើងតាំងពីសម័យប្រធានាធិបតី Benigno Aquino III មកម្ល៉េះ។ មកដល់អាណត្តិលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បញ្ហានេះនៅតែក្លាយជាឧបសគ្គក្នុងទំនាក់ទំនងទ្វេភាគី ខណៈលោក ឌូទើតេ បានព្រមានឲ្យកាណាដាប្រមូលសំរាមទៅវិញ។
ឆ្លៀតពេលប្រជុំស្ដាប់របាយការណ៍ស្ដីពីការជួយសង្គ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅ Luzon លោក ឌូទើតេ បានប្រាប់ឲ្យរៀបចំទូកឲ្យស្រេចបាច់ដើម្បីបញ្ជូនសំរាមទៅកាណាដាវិញ។ មេដឹកនាំហ្វីលីពីនរូបនេះ ទុកពេលឲ្យកាណាដាត្រឹមសប្ដាហ៍ក្រោយក្នុងការប្រមូលសំរាមវិញ បើមិនដូច្នោះទេលោកនឹងជិះកប៉ាល់ដឹកសំរាមទាំងនោះយកទៅចាក់ចោលនៅកាណាដាដោយផ្ទាល់តែម្ដង។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Rappler ។
មិនមែនតែដឹកសំរាមទៅកាណាដាវិញឡើយ លោក ឌូទើតេ ក៏គំរាមយកសំរាមសេសសល់ទៅចាក់នៅស្ថានទូតកាណាដាប្រចាំរដ្ឋធានីម៉ានីលទៀតផង បើក្រុងអូតាវ៉ាមិនធ្វើសកម្មភាពអ្វីទេនោះ។ លើសពីនោះ ប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏គំរាមបញ្ចប់តំណែងមន្ត្រីគយដែលអនុញ្ញាតឲ្យសំរាមហូរចូលទឹកដីហ្វីលីពីនដោយខុសច្បាប់ទៀត ដោយលោកចាត់ទុកបញ្ហាសំរាមនេះជារឿងចាស់។ កាន់តែធ្ងន់ លោក ឌូទើតេ បានគំរាមប្រកាសសង្គ្រាមជាមួយកាណាដាដោយសាររឿងសំរាមនេះទៅទៀត។
តាមពិតទៅ បញ្ហាសំរាមនេះ កើតក្នុងឆ្នាំ២០១៣ ពេលដែលសំរាមចំនួន១៣០០តោន ត្រូវបានដឹកមកដល់ហ្វីលីពីនដោយក្រុមហ៊ុនឯកជនរបស់កាណាដាឈ្មោះ Chronic ។ ទោះមានការតវ៉ាទាំងពីសំណាក់រដ្ឋាភិបាលហ្វីលីពីន និងពីក្រុមការពារបរិស្ថានក្ដី កាណាដាមិនបានយកសំរាមទាំងនោះត្រឡប់ទៅវិញឡើយ។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ធ្លាប់និយាយថា កាណាដាមានច្បាប់ដែលហាមឃាត់ការយកសំរាមចូលក្នុងប្រទេសវិញ។
ដោយសារតែការដឹកជញ្ជូនសំរាមនេះជាសកម្មភាពជំនួញឯកជនមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះ នាយករដ្ឋមន្ត្រីកាណាដារូបនេះធ្លាប់បកស្រាយកាលពីឆ្នាំ២០១៧ ថា ភាគីទាំងពីរត្រូវជជែកគ្នាពីបញ្ហាលម្អិតដូចជាអ្នកទទួលបន្ទុកការចំណាយផ្សេងលើការដឹកជញ្ជូននេះជាដើម។ យ៉ាងណាមិញ លោករំពឹងថា បញ្ហានេះ នឹងត្រូវបានដោះស្រាយមិនខាន៕
Tag:
ហ្វីលីពីន
កាណាដា
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com