អត្ថបទ៖ ស៊ីធី
កីឡាករគុនខ្មែរជើងចាស់ ស សី បានផ្ញើសារលើកទឹកចិត្តកីឡាករគុនចម្រុះ (MMA) កម្ពុជាទាំងអស់ឲ្យខំហ្វឹកហាត់ដ្បិតតម្លៃខ្លួនល្អប្រសើរសម្រាប់ការប្រកួតលំដាប់អន្តរជាតិ។ ការផ្ញើសារដ៏មានសារសំខាន់នេះ ដោយសារខ្លួនហាក់ចាកឆ្ងាយពីសង្វៀនព្រោះវ័យកាន់តែចាស់ ហើយកម្លាំងក៏ធ្លាក់ចុះ។
យ៉ាងណាក្ដី កូនសិស្សរបស់លោក អេ ភូថង ដែលមានវ័យ៣៧ឆ្នាំរូបនេះ បានផ្ដល់ពាក្យលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយបែបនេះ៖« សូមប្អូនៗ ហ្វឹកហាត់ MMA កុំអស់សង្ឃឹម ទោះមិនទាន់មានសង្វៀនប្រកួតញឹកញាប់ តែមិនយូរទេ នៅក្នុងស្រុកច្បាស់ជាមានការរៀបចំឡើងវិញ។ យើងហ្វឹកហាត់ឲ្យខ្លាំង គ្រូបង្វឹកនឹងចាប់គូឲ្យវាយមិនខាន។ ទោះសង្វៀន ONE Championship យើងមិនបានឡើងរាល់សប្ដាហ៍ ឬ ១ ខែម្ដង ប៉ុន្តែបើឡើងវាយម្ដងៗ ក៏បានតម្លៃខ្លួនគួរសមអាចផ្គត់ផ្គង់គ្រួសារបាន។
ពេលយើងខ្លាំងមិនខ្វះសង្វៀនប្រកួតទេ ហើយអ្នកហាត់គុនខ្មែរក៏ប្រឹងដូចគ្នា ព្រោះសង្វៀន ONE ឥឡូវគេមានការប្រកួត Kickboxing បញ្ចូលក្នុងនោះ។ ដូច្នេះអ្នកខ្លាំងៗ ដូច ឡៅ ចិត្រា ឬ គង់ សំបូរ ជាដើមក៏ទទួលបានការចាប់គូដែរថ្មីៗនេះ»។
អតីតកូនសិស្សនៅក្លឹបក្រសួងការពារជាតិ បញ្ជាក់ទៀតថា ជំនាន់លោកមានឈ្មោះបោះសំឡេងក្នុងវិស័យគុនខ្មែរ ទទួលបានតម្លៃខ្លួនត្រឹម ៣០ ម៉ឺនប៉ុណ្ណោះពេលវ៉ៃគូឯក ប៉ុន្តែឥឡូវ ខុសគ្នាឆ្ងាយណាស់។
កីឡាករដែលទទួលចំណាត់ថ្នាក់លេខ៤ក្នុងកម្មវិធីប្រដាល់ខ្សែក្រវាត់នៅសង្វៀនស៊ីធីអិនកាល ១០ ឆ្នាំមុនបានរំលឹកអំពីផលលំបាកហ្វឹកហាត់ គុនចម្រុះថា មានលក្ខណៈស្មុគស្មាញជាងហាត់គុនខ្មែរ ដោយសារត្រូវប្រើកម្លាំងខ្លាំងប្រើក្បាច់គាប ឃ្លេបំបាក់ ក្បាច់ដោះ និងបោកជាដើម ដែលតម្រូវឲ្យប្រើប្រាជ្ញា និង ស្មារតីខ្ពស់ក្នុងការចងចាំ។
MMA ត្រូវប្រើកម្លាំងជាងប្រដាល់សេរីទ្វេដង ហើយបើមិនចេះក្បាច់ដោះ គ្រាន់តែដៃគូចាប់បោក ឬ ផ្ដួលខ្លួនពីលើក៏អស់កម្លាំងស៊ុហ្វមិនស្ទើរដែរ។ បុរសហាត់ប្រដាល់តាំងពីនៅរៀនសាលាបឋមសិក្សាជឿជាក់ថា មិនយូរប៉ុន្មាន នៅកម្ពុជានឹងមានកីឡាករគុនចម្រុះកាន់តែល្អៗច្រើនបន្ទាប់ពីមានក្លឹប MMA បើកជាបន្តបន្ទាប់។ លើសពីនេះ បើសិនជាហាត់បានដិតដល់ នោះច្បាស់ជាគ្រូបង្វឹកស្នើទៅសង្វៀននៅក្រៅប្រទេសឲ្យឡើងប្រកួតជាក់ជាមិនខាន។
មិនត្រឹមតែប៉ុណ្ណោះសោត កូនសិស្សរបស់លោក ឈិត សារឹម ក៏ទទូចឲ្យអ្នកលេងគុនខ្មែរខំប្រឹងហ្វឹកហាត់ដូចគ្នា ជាពិសេសសង្វៀន ONE Championship ដែលទទួលបានតម្លៃខ្លួនក្រាស់ក្រែលអាចជ្រោងជីវភាពគ្រួសារនោះតែងតែត្រូវការកីឡាករទៅប្រកួតជាប្រចាំក្នុងប្រភេទ Kickboxing (វាយសេរីតែបិទកែង) ស្របពេល សង្វៀនក្នុងស្រុកក៏កើនតម្លៃខ្លួនច្រើនគួរសមដែរ។
ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ ស សី ជាអ្នកលេងគុនខ្មែរដោយចូលហ្វឹកហាត់ជាមួយគ្រូ ណុល នៅស្រុកមុខកំពូលតាំងពីរៀនថ្នាក់ទី ៥ មកម្ល៉េះ មុនបន្តហ្វឹកហាត់ជាមួយគ្រូ សឹង សារិទ្ធ នៅក្លិបទ័ពជើងទឹក, គ្រូ អេ ភូថង នៅក្លិបអេភូថង និង គ្រូ ឈិត សារឹម នៅក្លិបក្រសួងការពារជាតិ។
មុនប្រកួតក្បាច់គុនចម្រុះនៅឆ្នាំ ២០១៦ ស សី ចូលហ្វឹកហាត់ MMA អំឡុងឆ្នាំ ២០១៥ ជាមួយគ្រូហ៊ុន ច័ន្ទរាជ្យ និង គ្រូបរទេសម្នាក់ទៀត។ បុរសកើតនៅស្រុកមុខកំពូលខេត្តកណ្ដាលរូបនេះឡើងប្រកួតលើសង្វៀនក្បាច់គុនចម្រុះបានចំនួន ៨ដង ក្នុងនោះ ឈ្នះ៤ ចាញ់ ៣ដង គិតចាប់តាំងឆ្នាំ ២០១៦ មក។ ស សី ប្រកួតចុងក្រោយចាញ់កីឡាករចិន Xie Bin នៅសង្វៀន ONE: REIGN OF KINGS នាខែកក្កដា ឆ្នាំ២០១៨ នៅក្រុងម៉ានីល ប្រទេស ហ្វីលីពីន៕