ជាតិ
លោក ញ៉ែម អេន ស្នើឲ្យមហាផ្ទៃលុបឈ្មោះបក្សចេញ ដើម្បីយកពេលទៅជួយវិស័យទេសចរណ៍នៅកម្ពុជា
× ភ្នំពេញ៖ ប្រធានគណបក្សពលកររុងរឿង លោក ញ៉ែម អេន បានស្នើឲ្យក្រសួងមហាផ្ទៃលុបឈ្មោះគណបក្សចេញពីបញ្ជីក្រសួង ក្នុងគោលបំណងឈប់ធ្វើសកម្មភាពនយោបាយ។ មូលហេតុដែលលោក ញ៉ែម អេន សុំដកខ្លួនចេញពីនយោបាយនេះ ដោយសារលោកគិតថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា មានគ្រប់គ្រាន់ហើយ ដូច្នេះលោកចង់យកពេលវេលានេះ ទៅបង្កើតសារៈមន្ទីរ និងអង្កការអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វិញ ដើម្បីជួយទាក់ទាញភ្ញៀវទេសចរ សម្រាប់ផ្ដល់ផលប្រយោជន៍ដល់ជាតិ ។
បើតាមលោក ញ៉ែម អេន សារៈមន្ទីរវប្បធម៌នេះ គឺលោកគ្រោងដាក់តាំងរូបថត និងឯកសារនៅក្នុងសម័យខ្មែរក្រហម ដើម្បីទុកជាផ្នែកស្រាវជ្រាវមួយ សម្រាប់និស្សិត បញ្ញវ័ន្ត និងអ្នកចង់ស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា។ វត្ថុតាង និងឯកសារទាំងនោះ ត្រូវបានលោក ញ៉ែម អេន អះអាងថា លោកមានប្រមាណជា៨០ភាគរយក្នុងដៃ ដែលបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យនោះ។ នោះក៏ព្រោះតែលោក ជាអតីតអ្នកថតរូបក្នុងគុកទួលស្លែង និងទីតាំងផ្សេងៗទៀត តាមរយៈអង្គការចាត់តាំងរបស់មេដឹកនាំខ្មែរក្រហម។
សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ញ៉ែម អេន ប្រធាន និងជាស្ថាបនិកគណបក្សពលកររុងរឿង ដូចតទៅ៖
លោក ញ៉ែម អេន បានប្រឡូកចូលឆាកនយោបាយរយៈពេល៥ឆ្នាំមក គឺផ្ដើមចេញពីការរួមរស់ជាមួយអតីតគណបក្សសង្គ្រោះជាតិ ហើយបន្ទាប់មកចូលរួមជាមួយគណបក្សអំណាចខ្មែរ មុននឹងធ្វើជាអគ្គលេខាបក្សខ្មែរសាធារណរដ្ឋ។ ក្រោយធ្វើជាអគ្គលេខាធិការបក្សសាធារណរដ្ឋ បានមួយរយៈពេលខ្លី ពោលគឺក្រោយការបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨កន្លងមក លោក ញ៉ែម អេន ក៏សម្រេចចិត្តឈប់ពីបក្ស ហើយទៅបង្កើតគណបក្សថ្មី។ ក្នុងរយៈពេល៥ឆ្នាំនៃការធ្វើនយោបាយនេះ លោក ញ៉ែម អេន អះអាងថា វាគ្រប់គ្រាន់ហើយសម្រាប់លោក ដូច្នេះលោកចង់ងាកចេញពីរឿងនយោបាយនេះ ទៅជួយកិច្ចការសង្គម លើផ្នែកទេសចរណ៍វិញម្ដង៕
Tag:
ញ៉ែម អេន
នយោបាយ
ទេសចរណ៍
អន្លង់វែង
© រក្សាសិទ្ធិដោយ thmeythmey.com