ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ​ចំណាយពេល​៩​ខែ ចងក្រង​សៀវភៅ​អំពី​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​
24, Apr 2019 , 6:43 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃទី​២៤​ខែមេសា​នេះ បានចេញ​ផ្សាយ​សៀវភៅ​ស្ដីពី​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៨​។


 
​នេះ​ជា​លើកដំបូង​ហើយ ដែល​ធនាគារជាតិ​បោះផ្សាយ​សៀវភៅ​អំពី​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​នេះ​ឡើង ក្រោយពី​បាន​បង្កើត​គណៈកម្មាធិកា​រ​ស្ថិរភាព​ហិរញ្ញវត្ថុ អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​។ គណៈកម្មាធិការ​នេះ ទទួលបាន​ជំនួយ​បច្ចេកទេស​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ។ សៀវភៅ​នេះ​ត្រូវបាន​ចំណាយពេល​៩​ខែ​គត់ ក្នុងការ​រៀបចំតាក់តែង​ឡើង ក្រោម​ការដឹកនាំ​ពី​លោកស្រី​បណ្ឌិត Runchana Pongsaparn ជំនាញការ​របស់ IMF ប្រចាំ​ធនាគារជាតិ​។​
 
​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ បាន​ឲ្យ​ដឹងថា ការសម្ពោធ​សៀវភៅ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការតាមដាន និង​វិភាគ​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ជូន​ដល់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​សាធារណជន បាន​ស្វែងយល់​ពី​ស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ ការអភិវឌ្ឍ បញ្ហា​ប្រឈម និង​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ 


 
​ទេសាភិបាលរង​ធនាគារជាតិ​រូបនេះ ទាំង​វិស័យ​សាធារណៈ និង​ឯកជន នឹង​ទាញ​ប្រយោជន៍​ពី​សៀវភៅ​មួយ​នេះ​។ លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា​សៀវភៅ​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៨​នេះ នឹង​ក្លាយជា​ឯកសារ​មួយ​ដ៏​មានតម្លៃ​សម្រាប់​សាធារណជន​ដើម្បី​ស្វែងយល់​ពី​វិស័យ​ហិរញ្ញវត្ថុ និង​ផ្ដល់​ធាតុ​ចូល​មួយ​ក្នុង​ការរៀបចំ​គោលនយោបាយ​នានា​របស់​វិស័យ​សាធារណៈ និង​ឯកជន​ពិសេស​វិនិយោគិន គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងការ​សម្រេចចិត្ត​វិនិយោគ ពង្រីក​អាជីវកម្ម និង​ពង្រឹង​កិច្ចការពារ​ហានិភ័យ​នានា​ដែល​អាច​កើតមាន​ជាយថាហេតុ​ឲ្យ​កាន់តែ​ប្រសើរ​»​។​


 
​នៅក្នុង​ខ្លឹមសារ​សង្ខេបនៃ​សៀវភៅ​នេះ បាន​អះអាងថា ធនាគារជាតិ​បាន​ដើរតួនាទី​ល្អ ក្នុង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​យ៉ាង​ល្អប្រសើរ នាពេល​កន្លងមក រហូតដល់​ពេលបច្ចុប្បន្ន​។ សៀវភៅ​នេះ​បាន​បញ្ជាក់ថា​៖«​នៅ​ឆ្នាំ​២០១៨​នេះ ស្ថិរភាព​ហិរញ្ញវត្ថុ​ត្រូវបាន​គាំទ្រ​ដោយ​ស្ថានភាព​ល្អប្រសើរ​នៃ​សេដ្ឋកិច្ច ភាព​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ ព្រមទាំង​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន និង​សន្ទនីយ​ភាព​ក្នុង​ប្រព័ន្ធ​ធនាគារ ក្នុងការ​ទប់ទល់​នឹង​ហានិភ័យ​ជាយថាហេតុ​»​។ 
 
​ព្រម​ជាមួយគ្នានេះ ធនាគារជាតិ​នឹង​បន្ត​យកចិត្តទុកដាក់​ពី​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​អាចជា​ហានិភ័យ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​។ «​ទោះយ៉ាងណា ភាព​ងាយ​រងគ្រោះ​ដែល​បណ្ដាល​ពី​កំណើន​ឥណទាន​លឿន ជាពិសេស​ឥណទាន​ទៅកាន់​វិស័យ​សំណង់ និង​អចលនទ្រព្យ ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងការ​រៀបចំ​គោលនយោបាយ ដើម្បី​បង្កា​ហានិភ័យ​ក្នុង​វិស័យនេះ​»​។ ខ្លឹមសារ​សៀវភៅ​នេះ​សង្កត់ធ្ងន់​បែបនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com