ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិចំណាយពេល៩ខែ ចងក្រងសៀវភៅអំពីស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី២៤ខែមេសានេះ បានចេញផ្សាយសៀវភៅស្ដីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៨។
នេះជាលើកដំបូងហើយ ដែលធនាគារជាតិបោះផ្សាយសៀវភៅអំពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនេះឡើង ក្រោយពីបានបង្កើតគណៈកម្មាធិការស្ថិរភាពហិរញ្ញវត្ថុ អស់រយៈពេល៨ឆ្នាំមកហើយ។ គណៈកម្មាធិការនេះ ទទួលបានជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ សៀវភៅនេះត្រូវបានចំណាយពេល៩ខែគត់ ក្នុងការរៀបចំតាក់តែងឡើង ក្រោមការដឹកនាំពីលោកស្រីបណ្ឌិត Runchana Pongsaparn ជំនាញការរបស់ IMF ប្រចាំធនាគារជាតិ។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិ បានឲ្យដឹងថា ការសម្ពោធសៀវភៅនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីលទ្ធផលនៃការតាមដាន និងវិភាគស្ថានភាពស្ថិរភាពហិរញ្ញវត្ថុជូនដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជន បានស្វែងយល់ពីស្ថានភាពវិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍ បញ្ហាប្រឈម និងហានិភ័យដែលអាចកើតឡើងជាយថាហេតុចំពោះស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។
ទេសាភិបាលរងធនាគារជាតិរូបនេះ ទាំងវិស័យសាធារណៈ និងឯកជន នឹងទាញប្រយោជន៍ពីសៀវភៅមួយនេះ។ លោកស្រីថ្លែងដូច្នេះថា៖«ខ្ញុំសង្ឃឹមថាសៀវភៅស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៨នេះ នឹងក្លាយជាឯកសារមួយដ៏មានតម្លៃសម្រាប់សាធារណជនដើម្បីស្វែងយល់ពីវិស័យហិរញ្ញវត្ថុ និងផ្ដល់ធាតុចូលមួយក្នុងការរៀបចំគោលនយោបាយនានារបស់វិស័យសាធារណៈ និងឯកជនពិសេសវិនិយោគិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការសម្រេចចិត្តវិនិយោគ ពង្រីកអាជីវកម្ម និងពង្រឹងកិច្ចការពារហានិភ័យនានាដែលអាចកើតមានជាយថាហេតុឲ្យកាន់តែប្រសើរ»។
នៅក្នុងខ្លឹមសារសង្ខេបនៃសៀវភៅនេះ បានអះអាងថា ធនាគារជាតិបានដើរតួនាទីល្អ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុយ៉ាងល្អប្រសើរ នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន។ សៀវភៅនេះបានបញ្ជាក់ថា៖«នៅឆ្នាំ២០១៨នេះ ស្ថិរភាពហិរញ្ញវត្ថុត្រូវបានគាំទ្រដោយស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច ភាពគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ព្រមទាំងភាពគ្រប់គ្រាន់នៃដើមទុន និងសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ ក្នុងការទប់ទល់នឹងហានិភ័យជាយថាហេតុ»។
ព្រមជាមួយគ្នានេះ ធនាគារជាតិនឹងបន្តយកចិត្តទុកដាក់ពីឥណទានក្នុងវិស័យអចលនទ្រព្យ ដែលអាចជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ។ «ទោះយ៉ាងណា ភាពងាយរងគ្រោះដែលបណ្ដាលពីកំណើនឥណទានលឿន ជាពិសេសឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានលើកយកមកពិភាក្សាក្នុងការរៀបចំគោលនយោបាយ ដើម្បីបង្កាហានិភ័យក្នុងវិស័យនេះ»។ ខ្លឹមសារសៀវភៅនេះសង្កត់ធ្ងន់បែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com