ក្រសួងអប់រំ ណែនាំ​ឲ្យ​បាញ់​ទឹក​ស្រោច​លើ​អាគារ និង​ទីធ្លា​សាលារៀន ដើម្បី​ទប់ស្កាត់​កម្តៅ កុំ​ឲ្យ​ប៉ះពាល់​សុខភាព​សិស្ស​
ជាតិ
សង្គមជាតិ
ក្រសួងអប់រំ ណែនាំ​ឲ្យ​បាញ់​ទឹក​ស្រោច​លើ​អាគារ និង​ទីធ្លា​សាលារៀន ដើម្បី​ទប់ស្កាត់​កម្តៅ កុំ​ឲ្យ​ប៉ះពាល់​សុខភាព​សិស្ស​
25, Apr 2019 , 10:36 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ឲ្យ​គ្រឹះស្ថានសិក្សា​នានា បាញ់​ទឹក​ដាក់​ដំបូល​អាគារ​សាលា​ទាបៗ ឬ​បរិវេណ​សាលារៀន ដើម្បី​កាត់បន្ថយ​កម្តៅ  កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​សិស្ស​។


 
ក្រសួង​អប់រំ បាន​ប្រាប់​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យមើល​ជាប្រចាំ​ពី​ស្ថានភាព​ថ្នាក់រៀន បើកទ្វារ​បង្អួច ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។ នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង គួរតែ​បាញ់​ទឹក​លើដំបូល​អាគារ​ទាបៗ ឬ​បេតុង​មុខ​អាគារ ជាពិសេស​អនុញ្ញាត​ឲ្យ​សិស្ស​ចេញមក​លម្ហែកាយ នៅក្រោម​ដើមឈើ​ដែលមាន​ខ្យល់​គ្រប់គ្រាន់​។​
 
«​ប្រសិនបើ​សិស្សានុសិស្ស​ជួប​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​ការកើនឡើង​កម្តៅ គណៈ​គ្រប់គ្រង​សាលា ត្រូវ​ផ្តល់ព័ត៌មាន​ទៅ​មាតាបិតា ដើម្បី​ទទួល​កូន​យកទៅ​ផ្ទះ​វិញ ប៉ុន្តែ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ការិយាល័យ​អប់រំ​ខណ្ឌ​ជាមុនសិន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​អប់រំ​។​
 
​នៅក្នុង​សេចក្តីណែនាំ​បន្ថែម​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ក្រើនរំលឹក​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​ដាំ​ដើមឈើ និង​ថែរក្សា​ដើមឈើ​ដែលមាន​ស្រាប់ ដើម្បី​ជា​ម្លប់​ដោយ​សិស្សានុសិស្ស​សម្រាក​នៅពេល​ចេញលេង​។ 
 
​ទាក់ទង​នឹង​បញ្ហា​កម្ដៅ​នេះ សាលារៀន​មួយ​នៅ​ខេត្តស្ទឹងត្រែង បាន​ប្រើប្រាស់​កន្សែង​សើម ស្អំ​ក្បាល ដើម្បី​ផ្តល់​ភាព​ត្រជាក់​ដល់​សិស្ស ខណៈ​អាកាសធាតុ​កំពុង​ឡើងក​ម្តៅ​ខ្ពស់ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ដល់​សុខភាព​កុមារ​ទៀតផង​។ នេះ​បើតាម​ក្រសួង​អប់រំ​។​
 
​សូមបញ្ជាក់ថា ការកើនឡើង​កម្តៅ​ខ្លាំង​បែបនេះ ដោយសារ​កម្ពុជា​ទទួល​រង​បាតុភូត អ៊ែ​ល នី​ណូ ដែល​នៅតែ​បន្ត​កើន​ឡើងដល់​ខែឧសភា​ឯណោះ​។ បាតុភូត អ៊ែ​ល នី​ណូ នេះ ធ្វើ​ឲ្យ​កម្ពុជា​កើនឡើង​ដល់​៤០​អង្សា​៕

Tag:
 ក្រសួង​អប់រំ​
 ​ទឹក​
 ​អាកាសធាតុ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម