កីឡាអន្តរជាតិ
អន្តរជាតិ
Man City មានប្រៀប​ជាង Livepool ក្នុងការ​ប្រជែង​ពាន EPL ខណៈ Man Utd សង្ឃឹម​តិច ដើម្បី​យក Top4
25, Apr 2019 , 11:10 am        
រូបភាព
​ជ័យជម្នះ​របស់ Manchester City លើ​ក្រុម Manchester United ក្នុង​លទ្ធផល ២-០ បានធ្វើ​ឲ្យ​ក្រុម​លោក Pep Guardiola ឡើងទៅ​ឈរ​កំពូល​តារាង Premier League ដោយមាន​១​ពិន្ទុ​ពីលើ​គូប្រជែង Liverpool​។ ចំណែក​បរាជ័យ​៧​លើក​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ​បានធ្វើ​ឲ្យ Man Utd សល់​ឱកាស​តិចតួច​ដើម្បី​ដណ្តើម Top4 ជាមួយ Spurs, Chelsea និង Arsenal​។​

 
​ក្រុម​ការពារ​តំណែង​ជើងឯក Man City បាន​ត្រឡប់​ទៅកាន់​កំពូល​តារាង​វិញ​តាមរយៈ​ការរក​គ្រាប់​បាល់​របស់ Bernardo Silva និង Leroy Sane សម្រាប់​ជំនួប Manchester Derby នៅ​រាត្រី​ថ្ងៃទី​២៤ ខែមេសា​។ 


 
​ក្រុម​លោក Guardiola ដែល​រកបាន​៨៩​ពិន្ទុ​ពី​ការប្រកួត​៣៥​លើកចុងក្រោយ និង​ក្រុម​លោក Jurken Klopp មាន​៨៨​ពិន្ទុ​នោះ ជា​បេក្ខភាព​នាំមុខគេ​ក្នុងការ​ប្រជែង​ពាន Premier League រដូវ​កាល​នេះ ដោយ​ក្រុម​ទាំងពីរ​ត្រូវ​កាត់សេចក្តី​ក្នុងការ​ប្រកួត​៣​លើក​ដែល​នៅសល់​។​
 
៣​ប្រកួត​កាត់សេចក្តី​ចុងក្រោយ ហង្ស​ក្រហម​ត្រូវ​ប៉ះ Huddersfield Town, Newcastle United និង Wolverhampton Wanderers រីឯ ក្រុម​មេឃ​ខៀវ​ត្រូវ​តទល់​ជាមួយ Burnley, Leicester City និង Brighton & Hove Albion​។​
 
​ចំណែក​ក្រុម​បិសាច​ក្រហម​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer បាន​រង​បរាជ័យ​បន្តបន្ទាប់​ដោយ​ក្នុងនោះ​ចាញ់ Everton ៤-០ មុន​ចាញ់ Man City ២-០ ក្នុង​ទឹកដី Old Trafford នៅសល់​ឱកាស​តិចតួច​ប៉ុណ្ណោះ ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់ Top4 សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ​។​


 
Man Utd ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦​បណ្តោះអាសន្ន​មាន​៦៤​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ចំនួន​៣​ពិន្ទុ​។ Arsenal ដែល​ខកខាន​យក​៣​ពិន្ទុ​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣៥​របស់ខ្លួន ក្រោយ​ចាញ់ Wolves ៣-១ ឈរ​លេខ​៥ មាន​៦៦​ពិន្ទុ ខណៈ Spurs នៅ​លេខ​៣ មាន​៧០​ពិន្ទុ​។ Man Utd, Arsenal, Chelsea និង Spurs សុទ្ធតែ​ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​តំណែង​លេខ​៣ និង​លេខ​៤ តាមរយៈ​ការប្រកួត​ចំនួន​៣​លើកចុងក្រោយ ដែល​នៅសល់​រដូវ​កាល​នេះ​៕
 

Tag:
 បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com