កីឡាជាតិ
ជាតិ
​ពាន Hun Sen Cup ត្រូវការ​២​ក្រុម​បន្ថែមទៀត​នៅថ្ងៃនេះ សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ​
25, Apr 2019 , 12:09 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមត្បូងឃ្មុំជាមួយពោធិ៍សាត់នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ, រូបភាពពី CNCC
សកម្មភាពប្រកួតរវាងក្រុមត្បូងឃ្មុំជាមួយពោធិ៍សាត់នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ, រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត រកឃើញ​ក្រុម​៦​ហើយ ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​។ ក្រុម​ចំនួន​៤​ត្រូវ​ប្រជែង​គ្នា​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា​នេះ ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​បង្គ្រប់​៨​ក្រុម​។

 
​ក្រុមបាល់ទាត់​ខេត្តសៀមរាប កែប ព្រៃវែង កំពត កំពង់ធំ ត្បូងឃ្មុំ បានឈ្នះ​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​១/៨​។ ក្នុងនោះ​ក្រុម​សៀមរាប​បាន​យកឈ្នះ​កំពង់ស្ពឺ​ដោយ​បាល់​កាត់សេចក្តី ៤-៣ បន្ទាប់ពី​ពួកគេ​រក្សា​លទ្ធផល​ស្មើ ១-១ នា​ការប្រកួត​៩០​នាទី​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ 


 
​ដូចគ្នា​នឹង​ក្រុម​សៀមរាប​ដែរ ក្រុម​ម្ចាស់ផ្ទះ​កែប បាន​យកឈ្នះ​ក្រុម​មណ្ឌលគិរី​ដោយ​បាល់​កាត់សេចក្តី ៤-៣ ក្រោយ​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ក្នុងការ​ប្រកួត​៩០​នាទី​។ ចំណែក​ក្រុម​ព្រៃវែង​បាន​យកឈ្នះ​ភ្ញៀវ​បាត់ដំបង​ក្នុង​លទ្ធផល ២-០​។ រីឯ​កំពត​យកឈ្នះ​មណ្ឌលគិរី ៣-០ ស្របពេល​កំពង់ធំ​យកឈ្នះ​ព្រះវិហារ ២-០ និង​ត្បូងឃ្មុំ​យកឈ្នះ​ពោធិ៍សាត់ ២-១​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្រុម​ដែល​បានឈ្នះ​កៅអី​ឡើងទៅ​វគ្គ​បន្ត សុទ្ធសឹង​ជា​ក្រុម​ម្ចាស់ផ្ទះ​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​។    
 
​ដោយឡែក នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា​នេះ ក្រុម​កោះកុង​ត្រូវ​ប្រជែង​ជាមួយ​ស្វាយរៀង​នៅ​កីឡដ្ឋាន​ខេត្តកោះកុង ខណៈ​រតនៈគិរី​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​តាកែវ ដើម្បី​ដណ្តើម​កៅអី​អមដំណើរ​ជាមួយ​៦​ក្រុម​ខាងលើ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ការប្រកួត​ទាំងពីរ​គូ​ធ្វើឡើង​នៅ​ម៉ោង​៣​រសៀល​ដូចគ្នា​៕    

Tag:
 ​បាល់ទាត់​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com