អ្នកនាំពាក្យថ្លែងការពារថា «បើមិនកាប់ព្រៃឈើខ្លះ បានដីឯណា ធ្វើផ្ទះនិងអភិវឌ្ឍ»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យថ្លែងការពារថា «បើមិនកាប់ព្រៃឈើខ្លះ បានដីឯណា ធ្វើផ្ទះនិងអភិវឌ្ឍ»
25, Apr 2019 , 1:29 pm        
រូបភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភា។ រូបពីព្រឹទ្ធសភា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភា។ រូបពីព្រឹទ្ធសភា
ដោយ: ថ្មីៗ
ការឡើងកម្កៅនិងអាកាសធាតុហួតហែងខ្លាំង បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ជាពិសេសក្រុមអ្នកប្រឆាំង មានហេតុផលរិះគន់រដ្ឋាភិបាលថា «មកពីកាប់ព្រៃឈើ»។ ការរិះគន់នេះ បានជំរុញឲ្យលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចេញមុខបកស្រាយ តាមរយៈការសរសេរសារក្នុងក្រុមតេឡេក្រាមមួយ ដែលប្រមូលផ្តុំទៅដោយអ្នកកាសែត។



លោក សុខ ឥសាន បានបង្ហាញអារម្មណ៍ហួសចិត្ត ដែលក្រុមអ្នកប្រឆាំង នៅតែលើកយកបញ្ហាព្រៃឈើមកវាយប្រហាររដ្ឋាភិបាលបែបនេះ។ លោក បង្កើតជាសំណួរឲ្យពិចារណា យ៉ាងដូច្នេះថា «ប្រជាជនកម្ពុជា កើនដល់១៦លាននាក់ ទ្វេ១ជា២ជា៣ បើមិនកាប់ព្រៃឈើខ្លះ តើបានដីឯណាសង់លំនៅដ្ឋាននិងបង្កបង្កើនផល? បើមិនកាប់ព្រៃឈើខ្លះ ធ្វើម៉េច បានដី ដើម្បីអភិវឌ្ឍប្រទេស?»

អ្នកនាំពាក្យរូបនេះ បន្តថា ក្រុមអ្នកប្រឆាំង បានរិះគន់រដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាច តាំងពី២០ឆ្នាំមុនមកម្ល៉េះ ពីការធ្វើឲ្យរលាយអស់ព្រៃឈើ ហើយរហូតមកដល់ពេលនេះ នៅតែឃោសនាបែបនេះដដែល។ លោក ធ្វើជាឆ្ងល់ថា «បើអស់ព្រៃឈើហើយ តើបានព្រៃឈើឯណាមករលាយអស់ទៀត?»

បន្ទាប់មក លោក រិះគន់ត្រឡប់ទៅវិញថា ក្រុមអ្នកប្រឆាំង និយាយតែពីរឿងកាប់បំផ្លាញព្រៃឈើ តែការដាំដើមឈើ ពួកគេ មិនដែលនិយាយឡើយ។ លោក លើកភស្តុតាងជាក់ស្តែងមកសួរថា «ចម្ការកៅស៊ូ ដែលកើនឡើងពី៥ម៉ឺន រហូតដល់៤០ម៉ឺនហិកតា តើចម្ការកៅស៊ូទាំងនោះជាព្រៃឈើឬទេ?»

សារចុងក្រោយរបស់លោក គឺលោក បង្កប់ន័យវាយតម្លៃការធ្វើនយោបាយរបស់ក្រុមអ្នកប្រឆាំងថា «ដោយសារនយោបាយភូតកុហក់ច្រើននេះហើយ បានមកដល់ពេលនេះ លែងមានប្រជាជនកម្ពុជាណាជឿការភូតភរនេះ ដែលហៅថា គឺជានយោបាយភូតច្រើនចាញ់អាត្មា»៕

© រក្សាសិទ្ធិដោយ thmeythmey.com