កីឡាជាតិ
ជាតិ
អ្នកគាំទ្រ​ក្លិប​៤​នៅ Premier League បង្កើត​កម្មវិធី​ប្រកួត​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​សាលា​មួយ​នៅ​សៀមរាប
25, Apr 2019 , 2:22 pm        
រូបភាព
ដោយ:
​ក្រុម​ណា​ត្រូវ​លើក​ពាន​? ក្រុម​ណា​បាន Top4? ក្រុម​ណា​ត្រូវ​ធ្លាក់​ចេញ​? សម្រាប់​យុវជន​កម្ពុជា​មួយចំនួន​ដែល​គាំទ្រ​ក្លិប​បាល់ទាត់​កំពូលៗ​នៅ Premier League ទុក​រឿង​ទាំងនេះ មួយ​ឡែក​សិន ដោយ​ពួកគាត់​កំពុង​យកចិត្តទុកដាក់​ចំពោះ​ការខ្វះខាត​របស់​កុមារ​នៅ​សាលារៀន​មួយ​នៅ​ខេត្តសៀមរាប​។ នៅ​ដើម​ខែឧសភា ខាង​មុខ ក្រុម​អ្នកគាំទ្រ​ក្លិប Tottenham Hotspur, Chelsea, Manchester City និង Arsenal នៅ​កម្ពុជា នឹងមាន​កម្មវិធី​ប្រកួត​សប្បុរស​ដើម្បី​ស្វែងរក​ថវិកា​ជួយ​កុមារ​ទាំងនោះ​។​

 
«​និយាយ​រួម ពួកយើង​ភាគច្រើន មាន​ប្រវត្តិ​មិនសូវ​ខុសគ្នា​ឡើយ ដូច្នេះ​ទើប​យើង​ចង់​ជួយ​សម្រាល​ការលំបាក​របស់​កុមារ តាមរយៈ​សកម្មភាព​បា​ល់​ទាត់​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈឿន ប៊ុនធឿន តំណាង​ក្រុម Tottenham Hotspur KH ដែលជា​អ្នក​ផ្តួ​ត​ផ្តើម​កម្មវិធី​បាល់ទាត់​សប្បុរសធម៌ បន្ទាប់ពី​លោក​ធ្លាប់ធ្វើ​កន្លងមក ជា​លក្ខណៈ​ឯកជន​។​
 
​សាលាបឋមសិក្សា​ស្វាយ​ធំ ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​ទីតាំង​ដែល​ក្រុមយុវជន​គាំទ្រ​ក្លិប Premier League ទាំង​បួន ត្រូវ​ប្រមូល​ថវិកា និង​សម្ភារ​សិក្សា តាមរយៈ​កម្មវិធី​ប្រកួត​បាល់ទាត់​សប្បុរសធម៌​នៅ​ទីលាន​បាល់ទាត់​ជើង​ទឹក រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​


 
​លោក ប៊ុនធឿន ដែល​ធ្លាប់​កម្សត់កម្រ​កាល​នៅ​ជា​កុមារ​ជាយដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា សាលាបឋមសិក្សា​ស្វាយ​ធំ បច្ចុប្បន្ន មាន​សិស្ស​ប្រមាណ​៦០​នាក់ និង​គ្រូបង្រៀន​២​នាក់​។ តំណាង​ក្រុម Tottenham Hotspur KH រូបនេះ បាន​ពន្យល់ថា​៖ «​ការជ្រើសរើស​យក​សាលា​នេះ ជា​គោលដៅ​ដំបូង​នៃ​កម្មវិធី​សប្បុរសធម៌ គឺ​បន្ទាប់ពី​លោក​រួមជាមួយ​ក្រុមការងា​រ​ដទៃទៀត ឃើញ​គេ​បង្ហោះ​ព័ត៌មាន​ថា សាលា​នេះ​កំពុង​ជួបប្រទះ​ការខ្វះខាត​សម្ភារ​សិក្សា និង​ប្រកាស​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​»​។ 
 
​ថវិកា និង​សម្ភារៈ​សិក្សា ដែល​ទទួលបាន សុទ្ធតែ​កើតចេញពី​ការចូលរួម​បរិច្ចាគ​របស់​សមាជិក​ក្រុម​អ្នកគាំទ្រ ក្រុម​មាន់​ខ្នាយ​មាស ក្រុម​តោ​ខោ​វ ក្រុម​មេឃ​ខៀវ និង​ក្រុម​កាំភ្លើង​ធំ ក៏ដូចជា​អ្នកមាន​ចំណាប់អារម្មណ៍​ផ្សេងទៀត ទៅតាម​សទ្ធា​រៀងៗ​ខ្លួនៗ​។​
 
​ក្រុម​ទាំង​៤ ត្រូវ​ប្រកួតប្រជែង​គ្នា​តាម​រូបមន្ត​វិលជុំ ដើម្បី​សន្សំ​ពិន្ទុ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ក្លាយជា​ម្ចាស់​ពាន​សប្បុរសធម៌​។ បន្ទាប់មក ពួកគេ​នឹង​លៃលក​ពេលវេលា​ដើម្បី​យក​ថវិកា និង​សម្ភារ​សិក្សា​ទៅកាន់​សាលា​។​
 
​បើតាម​អ្នក​ផ្តួចផ្តើម​គំនិត សកម្មភាព​បែបនេះ នឹង​បន្ត​នៅ​ឆ្នាំក្រោយៗ​ទៀត ជាមួយនឹង​គោលដៅ​ផ្សេង ហើយ​អាចមាន​ក្រុម​ផ្សេង​ចូលរួម ក្រៅពី Tottenham Hotspur KH, Chelsea KH, Manchester City KH និង Arsenal KH៕

Tag:
 បាល់ទាត់​
  សប្បុរសធម៌​
  សៀមរាប​
  ឈឿន ប៊ុនធឿន​
© រក្សាសិទ្ធិដោយ thmeythmey.com