ONE Championship
កីឡាជាតិ
ជាតិ
អ្នកជំនាញ​គុន​ចម្រុះ Alan Mccune ប្រាប់​ល្បិច​ដល់​ចាន់ រតនា ដើម្បី​យកឈ្នះ Rudy Agustian
25, Apr 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​មុន​ការប្រកួត​រវាង​កីឡាករ​ម្ចាស់ផ្ទះ Rudy Agustian និង ចាន់ រតនា នៅ​សង្វៀន ONE: FOR HONOR នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី គ្រូបង្វឹក​គុន​ចម្រុះ លោក Alan Mccune ប្រចាំ​ក្លិប Phnom Penh MMA បាន​បញ្ចេញ​ទស្សនៈ​វិភាគ​គូ​សំខាន់​នេះ​ដូចខាងក្រោម​។


 
​លោក Alan Mccune ដែល​បាន​បង្វឹក MMA តាំងពី​ឆ្នាំ ១៩៩៦ មក​បញ្ចេញមតិ​ដោយ​ផ្អែកលើ​ពិសោធន៍​ផ្ទាល់ខ្លួន​ថា ៖«​ខុន ស៊ី​ចាន់ បង្កើត​កំហុស​នៅ​ទឹក​ទី​១ និង ចេញ​យឺត​ដែល​ធ្វើ​ឲ្យ​Rudy Agustian យកឈ្នះ​បាន​។ យ៉ាងណាក្ដី ស៊ី​ចាន់ អត់​បាន​វាយ រយៈពេល ១ ឆ្នាំ​តាំងពី​ឈ្នះ កីឡាករ​ឥណ្ឌូណេស៊ី Riski Umar នៅ​សង្វៀន ONE​។ ប៉ុន្តែ Rudy បានបង្ហាញ​ក្បាច់​យ៉ាង​អស្ចារ្យ​ដោយ​ចូល​កៀក និង​ប្រើ​កម្លាំង​បោក ស៊ី​ចាន់ ផ្ដួល​លើ​រេញ​ហើយ​ឃ្លេ​យកឈ្នះ​តែម្ដង​។ 
 
​យ៉ាងណាមិញ រតនា ត្រូវតែ​បម្លាស់​ទី​រហ័ស និង ចេញ​ក្បាច់គុន​ប្រើ​ជំហរ​ឲ្យ​បាន​ច្រើន​កុំ​ឲ្យ Rudy ចាប់​បោក​បាន​។ បើសិន Rudy ចាប់​បោក​បាន​ច្បាស់​ជា​ឆាប់​អស់កម្លាំង​មិន​ខាន ព្រោះ រតនា ក៏​បញ្ចុះ​គីឡូ​ខ្លះ​ដែរ ដូច កាល ស៊ី​ចាន់ បញ្ចុះ​គីឡូ​រហូតដល់ ៦ គីឡូ មុន​ជួប Rudy អ៊ីចឹង​ដែរ​»​។


លោក Alan Mccune គ្រូ MMA ប្រចាំក្លិប Phnom Penh MMA
​គ្រូបង្វឹក MMA សញ្ជាតិ​ស្កុ​តឡែ​ន​សង្កត់ធ្ងន់ថា ចាន់ រតនា ដែល​តំណាង​ឲ្យ​កម្ពុជា​ទទួលបាន​ការហ្វឹកហាត់​ដិតដល់​នៅ​ក្លិប «​សិល្បៈ​» ជាមួយ​គ្រូបង្វឹក​របស់គេ​មួយរយៈ​ធំ​មកនេះ ហើយ រំពឹងថា​កីឡាករ​វ័យ ៣៣ ឆ្នាំ​នឹងធ្វើ​បានល្អ​ក្នុងជំនួប​នា​ដើមខែ​ឧសភា​នេះ​។ 
 
​គ្រូបង្វឹក​ដែល​បង្ហាត់​កីឡាករ​គុន​ចម្រុះ​ខ្មែរ​ប្រមាណ ៧០​នាក់​ក្នុង​កម្មវិធី Khmer Warrior Challenges ក្នុង​រយៈពេល​៣ ឆ្នាំ​នៅ​កម្ពុជា​ខាងលើ​បាន​ប្រាប់​តិក​និក​សំខាន់​ដល់ ចាន់ រតនា យ៉ាង​ដូច្នេះ​៖« រតនា ត្រូវ​ប្រើ​ស្នៀត​ចាំបាច់​មួយ​គឺ បិទ​ក្បាច់​ចាប់​ផ្ដួល​ទៅ​ក្ដារ​រេញ របស់ Rudy និង ការពារ​ឲ្យ​កុំ​ឲ្យ​គេ​ចូល​កៀក​ដើម្បី​ផ្ដួល នោះ រតនា អាច​ឈ្នះ​ហើយ​»​។ 
 
Alan Mccune មក​រស់នៅ​កម្ពុជា​រយៈ ៧ ឆ្នាំ​មកហើយ ហើយ លោក​បង្ហាត់ MMA ដំបូង​នៅ​ឆ្នាំ ២០១៣ ពេល​ស្ថានីយទូរទស្សន៍​ល្បី​ក្នុងស្រុក ស៊ី​ធី​អិន និង MyTV រៀបចំ​ជើងឯក​គុន​ចម្រុះ​លើកដំបូង​មានឈ្មោះ​ថា Khmer Warrior Challenges​។ 
 
​ការចូលរួម​បង្ហាត់​កីឡាករ MMA ជំនាន់​នោះ បន្ទាប់ពី​ទទួលបាន​ការអញ្ជើញ​ពី​អ្នកលេង​គុន​ចម្រុះ និង ជា​អ្នក​ចាប់​គូប្រកួត Paddy Carson​។ គ្រានោះ​ពេល​ចូលទៅ ស៊ី​ធី​អិន​លើកដំបូង Alan ត្រូវបាន​ទទួល​យ៉ាង​រាក់ទាក់ ដែល​ក្នុងនោះ​មាន​សព​លោក ម៉ា សេរី អតីត​ប្រធាន​ផ្នែក​កីឡា​ប្រចាំ​ស្ថានីយ អមដោយ​កីឡាករ​ប្រមាណ​ចន្លោះ​ពី ៧០ ទៅ ១០០ នាក់​រង់ចាំ​ការបង្ហាញ​ក្បាច់គុន​ចម្រុះ​ពី លោក ដូចជា​ក្បាច់ ប្រដាល់ និង តេ​ក្វាន់​ដូ ជាដើម​។ 
 
​ក្រៅពី​គូ Rudy Agustian និង ចាន់ រតនា ក៏មាន​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា នៅ ស្រី​ពៅ ដែល​ត្រូវ​ប៉ះ​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ផងដែ នៅ​សង្វៀន​ជាមួយគ្នា​នោះ​៕ 

Tag:
 ​ចាន់ រតនា​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com