ជាតិ
សង្គមជាតិ
ចិន​នឹង​ទិញ​អង្ករ​កម្ពុជា ៤០​ម៉ឺន​តោន នៅ​ខែសីហា​
25, Apr 2019 , 8:19 pm        
រូបភាព
រូបភាពAFP
រូបភាពAFP
​ភ្នំពេញ​៖ កម្ពុជា​-​ចិន នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU) លើ​ពាណិជ្ជកម្ម​អង្ករ នាំចេញ​ទៅកាន់​ប្រទេស​ចិន ក្នុង​បរិមាណ​អង្ករ​៤០​ម៉ឺន​តោន​។ ការចុះ​(MoU)​នេះ នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី​២៧​មេសា ឆ្នាំ​២០១៩ នៅក្នុង​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២  ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ចិន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៤​មេសា ឆ្នាំ​២០១៩​។

 
​ដើម្បី​ជំរុញ​ដល់​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល តាមរយៈ​ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដ បាន​ពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន COFCO នៃ​ប្រទេស​ចិន លើ​ការរៀបចំ​(MoU) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ 
 
​ក្នុងការ​ពិភាក្សាគ្នា​នោះ ភាគី​ទាំងពី​បាន​ឯកភាពគ្នា​លើ​ចំនុច​សំខាន់​៣ រួមមាន ទី​១ ភាគី​ចិន យល់ព្រម​ទិញ​អង្ករ ផ្កា​ម្លិៈ អង្ករ​ក្រអូប អង្ក​រស និង​ចុងអង្ករ​របស់​កម្ពុជា​ក្នុង​បរិមាណ ៤០​ម៉ឺន​តោន ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។ ទី​២ អនុស្សរណៈ​នេះ នឹង​ចូល​ជា​ធរមាន​ភា្ល​ម បន្ទាប់ពី​ភាគី​ទាំងពីរ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង ដែល​បាន​ចុះហត្ថលេខា ថ្ងៃទី​១១​មករា ឆ្នាំ​២០១៨ ស្ដីពី​ការចូល​អង្ករ​៣០​ម៉ឺន​តោន និង​ទី​៣ ពាក់ព័ន្ធ​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​នោះ គូភាគី នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ អំឡុងពេល​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​។​


រូបភាពពីក្រសួងពាណិជ្ជកម្ម
 
​ក្នុង​ឆ្នាំ​២០១៩​នេះ របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ​-​ចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ស្ដីអំពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​អង្ករ​១៧​ម៉ឺន​តោន ក្នុង​រយៈពេល​៣​ខែ​នៃ​ដើមឆ្នាំ​២០១៩​។ បើ​ធៀប​នឹង​រយៈពេល​៣​ខែ​នៃ​ដើមឆ្នាំ​២០១៨ គឺមាន​ការកើនឡើង​៦​ភាគរយ (​កើន​ប្រមាណ​១​ម៉ឺន​តោន​)​។​
 
​បើតាម​របាយការណ៍​ដ​ដែល សហភាព​អឺរ៉ុប​នៅតែ​ជាទី​ផ្សារ​ដ៏​ធំ​របស់​អង្ករ​កម្ពុជា ។​ប៉ុន្តែ​បើ​គិត​តាម​ប្រទេស​វិញ ចិន​គឺជា​អតិថិជន​លំដាប់​លេខ​មួយ ដែល​បាន​នាំ​អង្ករ​ចូល​ពី​កម្ពុជា ជាង​១៧​ពាន់​តោន ខណៈដែល​ប្រទេស​បារាំង​ស្ថិតក្នុង​លំដាប់​លេខ​ពីរ ដែល​នាំ​អង្ករ​ចូល​សរុប​ជាង​៩​ពាន់​តោន និង​ម៉ាឡេស៊ី នាំ​អង្ករ​ចូល​ជាង​៥​ពាន់​តោន​៕

Tag:
 អង្ករ​
  MoU
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com